គិត​ត្រឹម​ថ្ងៃទី ១៣ ខែ​សីហា ម្សិលមិញ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ១០០ ឆ្នាំ ដល់ ១១៣ ឆ្នាំ សរុប ៥៣ នាក់ ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ១៦ ខេត្ត​ផ្សេង​ទៀត បាន​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះកិច្ច​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ កាល​ពី​ថ្ងៃទី ១៣ ខែ​សីហា។

លោកស្រី​បាន​បញ្ជាក់​ថា មនុស្ស​វ័យ​ចំណាស់​ទាំង​នេះ បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន ៨ នាក់ ខេត្ត​កណ្តាល​ចំនួន ៣ នាក់ ខេត្ត​ក្រចេះ ៣ នាក់ ខេត្ត​កំពង់ចាម ៩ នាក់ ខេត្ត​កំពង់​ឆ្នាំង ១ នាក់ ខេត្ត​កំពង់ធំ ៨ នាក់ ខេត្តកំពត ០១ នាក់ ខេត្ត​តាកែវ ០១ នាក់ ខេត្ត​ត្បូងឃ្មុំ ៥ នាក់ ខេត្ត​ពោធិ៍សាត់ ០១ នាក់ ខេត្ត​ព្រៃវែង ០២ នាក់ ខេត្ត​ព្រះវិហារ ៣ នាក់ ខេត្ត​រតនគិរី ០៣ នាក់ ខេត្ត​សៀមរាប​ ០១ នាក់ ខេត្ត​ស្ទឹងត្រែង ០២ នាក់ ខេត្ត​ស្វាយរៀង ០១ នាក់ និង​ខេត្ត​កោះកុង ០១ នាក់។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «តាម​យើង​ទទួល​ព័ត៌មាន​បាន លោកតា​លោកយាយ​ដែល​មាន​វ័យ​ជាង ១០០ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ ប្រហែល​ជា​នៅ​មាន​បន្ត​ទៀត ដោយ​ក្រុម​ការងារ​កំពុង​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​ផង​ដែរ»។

លោកស្រី ឱ វណ្ណឌីន បាន​បន្ត​ថា ការងារ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​វឌ្ឍនភាព​ល្អ ហើយ​លោកស្រី​រំពឹង​ថា ការ​ចាក់​វ៉ាក់សាំង​ទៅ​ដល់​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ពី ១៨ ឆ្នាំ​ឡើង​ទៅ​នេះ នឹង​អាច​សម្រេច​បាន​នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

យោង​តាម​របាយការណ៍​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ១៣ ខែ​សីហា ការ​ចាក់​វ៉ាក់សាំង​បាន​កើន​ឡើង​ដល់​ជាង ៨ លាន​នាក់ ឬ​ស្មើនឹង ៨២,៦៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់ និង​លើ​កុមារ-យុវវ័យ​អាយុ​ពី ១២ ឆ្នាំ ទៅ​ក្រោម ១៨ ឆ្នាំ មាន​ចំនួន ២៤,៥២% ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ ១ ៩៦៦ ៩៣១ នាក់៕