ក្រុមគ្រូពេទ្យបានកំពុងតែធ្វើការយកសំណាកអាជីវករ និងអ្នកពាក់ព័ន្ធចេញចូលក្នុងផ្សារដេប៉ូ និងបានសម្រេចបិទជាបណ្តោះអាសន្នផ្សារនេះ នាព្រឹកថ្ងៃទី ១៤ ខែសីហានេះ បន្ទាប់ពីមានអ្នកជំងឺកូវីដ ១៩ បានចូលទិញម្ហូបក្នុងផ្សារនេះជាញឹកញាប់។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោធីតា និងគណៈបញ្ជាការខណ្ឌទួលគោក បានបិទបរិវេណជុំវិញផ្សារ ដើម្បីយកសំណាកពីអាជីវករផ្សារដេប៉ូនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បានធ្វើការអំពាវនាវទៅដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ចេញចូលផ្សារដេប៉ូនេះ ត្រូវមកធ្វើសំណាកជាបន្ទាន់។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បានសរសេរលើបណ្តាញសង្គមថា៖ «សូមអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចេញ-ចូលផ្សារដេប៉ូញឹកញាប់ សូមអញ្ជើញមកយកសំណាកធ្វើតេស្ដរកវីរុសកូវីដ ១៩ ចាប់ពីពេលនេះតទៅ នៅខាងមុខផ្សារដេប៉ូ»។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានចុះធ្វើការពិនិត្យទីតាំងផ្សារដេប៉ូ ដែលក្រុមគ្រូពេទ្យកំពុងតែធ្វើការយកសំណាកអាជីវករ និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងករណីនេះ បានស្នើសុំដល់អាជីវករ និងអតិថិជនទាំងអស់ដែលបានចេញ-ចូលក្នុងផ្សារដេប៉ូ ត្រូវមកយកសំណាកនៅផ្សារដេប៉ូចាប់ពីព្រឹកថ្ងៃនេះតទៅ។
រដ្ឋបាលខណ្ឌទួលគោក ក៏បានប្រកាសផងដែរថា៖ «ករណីបងប្អូនអាជីវករដែលមិនចូលរួមយកសំណាកនោះទេ ហើយគ្មានក្រដាសវាយត្រាបញ្ជាក់អំពីការយកសំណាកពីគណៈកម្មការផ្សារ នឹងមិនត្រូវអនុញ្ញាតឱ្យបើកតូបនោះទេ»៕