ទំនប់ស្ទាក់ទឹកតាក្រី ដែលអាចស្ទុកទឹកបានរាប់លានម៉ែត្រគុប សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតក្នុងឃុំអូរដា និង ឃុំ តាក្រី ស្រុក កំរៀង ខេត្តបាត់ដំបង នឹងត្រូវសាងសង់បញ្ចប់ក្នុងខែកញ្ញា ខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់លោក ងួន រតនៈ អភិបាលខេត្ត បាត់ដំបង។
ក្នុងពេលចុះពិនិត្យដំណើរការកសាងទំនប់ស្ទាក់ទឹកនេះ កាលពីថ្ងៃទី១៣ ខែសីហា លោក ងួន រតនៈ បានលើកឡើងថា សម្រាប់គម្រោងសាងសង់ទំនប់ស្ទាក់ទឹកនេះ គឺជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសំណើរបស់លោក ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ស្របពេលដែលប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានមានក្ដីកង្វល់អំពីប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំនារដូវប្រាំង។
លោក ងួន រតនៈ បានមានប្រសាសន៍ថា៖ «ក្រសួងធនធានទឹក និងឧតុនិយម ដែលបានឆ្លើយតបយ៉ាងលឿនទាន់ពេល តាមសំណើនេះ ហើយក្រុមការងារបានខិតខំកសាងដោយប្រើរយៈពេលខ្លី ដោយការកសាងទំនប់ទឹកនេះ នឹងគ្រោងបញ្ចប់ការកសាងនាខែកញ្ញាខាងមុខនេះ ដែលទំនប់ទឹកនេះអាចស្ទុកទឹកបានរាប់លានម៉ែត្រគុប សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ»។
គួរបញ្ជាក់ថា ការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកតាក្រីនេះបានបើកដំណើរការកាលពីដើមខែមីនាឆ្នាំ ២០២១ កន្លងមកនេះ ដោយបានកំណត់ឈ្មោះថា «ទំនប់ស្ទាក់ទឹកតាក្រី» ដើម្បីធានានូវការស្រោចស្រពលើផ្ទៃដីដំណាំកសិកម្ម ដែលភាគច្រើន (ដំណាំចម្ការ) ប្រមាណជាង ២០០០ ហិកតា៕
វីដេអូ៖