ភ្នំពេញៈ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ចាប់ផ្តើម​ធ្វើការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​ ២០២២ នៅ​ខែកញ្ញា​ខាងមុខ​។

ក្រុម​ភាគី​សហជីព​រំពឹងថា ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ-និយោជិត​ក្នុង​វិស័យនេះ​នឹង​ទទួលបាន​ប្រសើរ​ជាង​ក្នុង​ឆ្នាំ​ ២០២១ ដោយ​ពួកគាត់​ចង់ឱ្យមាន​ការដំឡើង​ពី​ ១៩២ ​ដុល្លារ​អាមេរិក​ទៅដល់​ ២០០ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ខែ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ១៥ ខែសីហា ​យ៉ាងខ្លី​ថា ការចរចា​ប្រាក់​ឈ្នួល អប្បបរមា​សម្រាប់​កម្មករ ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​ ២០២២ រវាង​ត្រីភាគី​នឹង​ប្រព្រឹត្តឡើង​នៅ​ខែកញ្ញា ដែល​អាច​នឹង​ធ្វើតាម​ប្រព័ន្ធ​អនឡាញ​។

ជា​រៀងរាល់ឆ្នាំ ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​កំណត់​យក​ខែកក្កដា​ ជា​ការចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល អប្បបរមា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ និង​យក​ខែសីហា ជា​ការចាប់ផ្តើម​ពិភាក្សា​ជា​លក្ខណៈ​​ទេ្វភាគី និង​ត្រីភាគី ហើយ​យក​ខែ​កញ្ញា​ជា​ការបើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​របស់​កម្មករ​កម្មការិនី​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​បន្ទាប់​។

ទាក់ទង​នឹង​តួលេខ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២២ ​ខាងមុខ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែសីហា​ថា ខាង​ភាគី​សហជីព​បាន​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ​រក​ទិន្នន័យ និង​ធ្វើការ​ពិភាក្សាគ្នា​ផ្ទៃក្នុង ដើម្បី​ដាក់​ជា​តួលេខ​ស្នើសុំ​សម្រាប់​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​។

លោក​មានប្រសាសន៍​ថា៖ «​សម្រាប់​ភាគី​សហជីព​មកដល់​ពេល​នេះ មិនទាន់​បានកំណត់​នូវ​តួលេខ​ណាមួយ​នៅឡើយ សម្រាប់​ដាក់​ចរចា​ក្នុង​ត្រីភាគី​ទេ ដោយសារ​យើង​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ថា ការចរចា​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ គឺ​នៅតែមាន​ឧបសគ្គ​ដោយសារ​បញ្ហា​កូវីដ​ ប៉ុន្តែ​យើង​បាន​ត្រៀមខ្លួន​ក្នុងការចរចា​រួចហើយ​»​។

លោក អាត់ ធន់ បាន​បន្ថែមថា ខាង​សហជីព​នឹង​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព​ក្នុង​ការស្នើសុំ​សម្រាប់​កម្មករ​។ សហជីព​ចង់បាន​ឱ្យមាន​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​បាន​ចំនួន​ ២០០ ​ដុល្លារ សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា ប៉ុន្តែ​សហជីព​នឹង​មើល​ទៅតាម​ភាពជាក់ស្តែង​នៅពេល​មាន ការចរចា​ និង​សម្រេច​ចុងក្រោយ​»​។

ដូចគ្នា​នេះដែរ​លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ក៏​រំពឹង​ និង​ស្នើសុំ​ឱ្យមាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ឱ្យបាន​ដល់​ ២០០ ​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០២២ ខាងមុខនេះ​ផងដែរ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​ខ្ញុំ​រំពឹងថា​រាជរដ្ឋាភិបាល​ក៏ដូចជា​ភាគី​និយោជក​អាច​នឹង​ដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ​ ២០២២ ​យ៉ាងតិច​បំផុត​ ២០០ ​ដុល្លារ​ក្នុង​ ១ ​ខែ ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​វា​អាច​នឹង​ឡើង​បាន​ដល់​កម្រិត​នេះ​»​។

លោក ហ្វា សាលី បន្ថែមថា កម្មករ​​និយោជិត​នៅមាន​ការលំបាក​ច្រើន​ក្នុង​វិបត្តិ​កូវីដ​ ១៩ ​នេះ ប៉ុន្តែ​សម្រាប់​ការនាំចេញ​ហាក់​នៅមាន​ភាពល្អប្រសើរ​ច្រើន​។ លោក​ក៏បាន​អំពាវនាវ​ទៅដល់​អ្នកបញ្ជា​ទិញ ធ្វើការ​ពិនិត្យ​ឡើង​វិញ​នូវ​ការដំឡើងថ្លៃ​បញ្ជា​ទិញ​ឱ្យ​មាន​កម្រិត​សមរម្យ​ ដើម្បី​ឱ្យ​និយោជក​មានលទ្ធភាព​ផ្តល់​នូវ​ប្រាក់​ឈ្នួល​ប្រសើរ​ដល់​កម្មករ​។

លោក សន សុខ អាយុ​ ៣០ ​ឆ្នាំ​កម្មករ​នៅ​រោងចក្រ​ស៊ីជី គ្លូរី (CG Glory Manufacturing) ក្នុង​ខណ្ឌមានជ័យ​ថ្លែង​ថា លោក​រំពឹង​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ឡើង​ជាង​ឆ្នាំ​ ២០២១ ​នេះ ប៉ុន្តែ​លោក​មិនទាន់​ដឹងថា នឹង​បាន​ប៉ុន្មាន​នោះទេ​។

លោក​បញ្ជាក់ថា៖ «​បើសិន​ជា​ប្រាក់​ឈ្នួល​ឆ្នាំ​ ២០២២ ​នេះ​ឡើង​បាន​ចំនួន​តិច​ដូច​កាលពី​ឆ្នាំ​ ២០២១ ខ្ញុំ​ហាក់​មាន​អារម្មណ៍​អន់ចិត្ត​ដែរ ដោយសារ​វា​បាន​តិចពេក​សម្រាប់​ពួកយើង ប៉ុន្តែ​យើង​នៅតែ​ទទួលយក​ដោយសារ​គ្រប់គ្នា​មាន​បញ្ហា​ដោយសារ​ជំងឺ​កូវីដ​ ១៩ នេះ​ដូចៗ​គ្នា​»​។

បើតាម​ក្រសួង​ការងារ​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​នេះ​គ្រប់ភាគី​ទាំងអស់​ត្រូវ​ប្រើប្រាស់​ទិន្នន័យ​ផ្លូវការ​ស្របច្បាប់ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដោយ​យោង​លើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​រស់នៅ​) និង​លក្ខណ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​ (​ផលិតភាព ភាពប្រកួតប្រជែង​របស់​ប្រទេស​ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យនេះ​)​។

ប្រភព​ដដែល​បាន​បន្តថា ការប្រើប្រាស់​ទិន្នន័យ​នេះ​ក៏ត្រូវ​ស្រប​ទៅ​តាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការពិភាក្សា សម្របសម្រួល​ផ្ទៃក្នុង និង​ទទួលបាន​គោលជំហរ​រួមមួយ​ផងដែរ​។

ក្នុង​ឆ្នាំ​ ២០២១ កម្មករនិយោជិត​ក្នុង​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​បាន​ទទួល​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ ២ ​ដុល្លារ គឺ​ឡើង​ពី​ ១៩០ ទៅ​ ១៩២ ​ដុល្លារ​៕

វីដេអូ៖