ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​បន្ត​ប្រកាស​ពី​ការវិវឌ្ឍ​នៃ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​ដែល​រហូតមកដល់​ថ្ងៃទី​ ១៤ ខែសីហា រាជរដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​នៅ​​ទូទាំង​ប្រទេស​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើងទៅ សរុប​ចំនួន​ជាង​ ៨ ​លាន​នាក់ ឬ ប្រមាណ​ជាង ៨៣,៣៦% ប្រៀបធៀប​នឹង​គោលដៅ​ប្រជាពលរដ្ឋ​ ១០ ​លាន​នាក់​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក ១៩) ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៣ ខែសីហា ថា​៖ «​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​វឌ្ឍនភាព​ល្អប្រសើរ​មែនទែន ដែល​ចំនួន​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​មាន​ការរំកិល​ខ្លួន​លឿន ដែល​យើង​រំពឹងទុក​ថា ការចាក់​វ៉ាក់សាំង​សម្រាប់​ក្រុមមនុស្ស​ចាប់ពី​អាយុ​ ១៨ ឆ្នាំ​ឡើង​នេះ​នឹង​អាច​សម្រេច​នៅក្នុង​ខែតុលា ខាងមុខ​ ឬ​យូរ​បំផុត​ត្រឹម​ដើមខែ​វិច្ឆិកា ប៉ុន្តែ​បើ​មើល​តាម​សម្ទុះ​ដែល​យើង​ធ្វើការ​ចាក់​គឺអាច​នឹង​រួច​បញ្ចប់​នៅក្នុង​ខែតុលា​»​។

ទន្ទឹមគ្នា​នេះដែរ លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ១៥ ខែសីហា បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​ថា មាន​ការចាក់​វ៉ាក់សាំង​ជា​រៀងរាល់ថ្ងៃ​តាម​មន្ទីរពេទ្យ​រដ្ឋ​សម្រាប់​បងប្អូន​ដែល​មិនទាន់​បាន​ចាក់​។

លោក​បញ្ជាក់ថា​៖ «​សូមឱ្យ​ក្រសួង​សុខាភិបាល គណៈកម្មការ​ចំពោះ​កិច្ចសម្រាប់​ចាក់​វ៉ាក់សាំង សាលា​រាជធានី​ភ្នំពេញ និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​បាន​គ្រប់ៗ​គ្នា​»​។

លោក ស្រី វណ្ណឌីន ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​គិតគូរ​ខ្លាំងណាស់​ទៅដល់​ពលករ​ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​វិញ ត្រូវធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ នៅពេល​ដែល​ចប់​ការធ្វើ​ចត្តាឡីស័ក មិនមាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​ទេ សុំ​ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅតាម​សហគមន៍​របស់​បងប្អូន ដោយ​មិន​មានការ​បង់លុយ​ទេ​។

លោកស្រី​ថ្លែងថា​៖ «​សម្រាប់​ពលករ ខ្មែរ​ដែល​អាច​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​បាន​លុះត្រាតែ​ពួកគាត់​បានធ្វើ​ចត្តាឡីស័ក​គ្រប់​ចំនួន​ថ្ងៃ​ត្រឹមត្រូវ និង​បានធ្វើ​តេស្ត​មិនមាន​វិជ្ជមាន​កូវីដ​ ១៩​។ ក្រុមការងារ​ចាក់​វ៉ាក់សាំង​មិនអាច​ផ្តល់​វ៉ាក់សាំង​ដល់​ពួកគាត់​ភ្លាមៗ​ពេល​ចូល​មកដល់​​ទឹកដី​កម្ពុជា​បានទេ លុះត្រាតែ​មានការ​បញ្ចប់​នៃ​ការធ្វើ​ចត្តាឡីស័ក​ និង​មិនមាន​បញ្ហា​សុខភាព​របស់​ពួកគាត់​»​។

ទន្ទឹមនឹង​នេះដែរ អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេចបាន​នូវ​ជោគជ័យ​ដ៏ធំធេង​មួយ​ក្នុង​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ជាង ៨ ​លាន​នាក់ ប៉ុន្តែ​អង្គការ​មួយ​នេះ​ក៏បាន​ធ្វើការ​ក្រើនរំឭក​ដល់​ពលរដ្ឋ​កម្ពុជា​ផងដែរ​ថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ គឺជា​យុទ្ធសាស្ត្រ​ដ៏ខ្លាំង​មួយ ប៉ុន្តែ​វា​មិនមែនជា​ដំណោះស្រាយ​វេទមន្ត ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូវីដ​ ១៩ នោះទេ​។

អង្គការ​នេះ​បាន​គូសបញ្ជាក់ថា​៖ «​សុទិដ្ឋិនិយម​ចំពោះ​វ៉ាក់សាំង អាច​បង្ក​គ្រោះថ្នាក់​។ កាលដែល​បាន​ចាក់វ៉ាក់សាំង​រួចហើយ មិន​មានន័យថា​អ្នក​គួរតែ​ឈប់​អនុវត្ត​វិធានការ​បង្ការ​ផ្សេងទៀត​ដូចជា​ការពាក់​ម៉ាស់​នៅ​ទីសាធារណៈ ការរក្សា​គម្លាត​សុវត្ថិភាព និង​ចៀសវាង​ការជួបជុំ ឬ​ប្រមូលផ្ដុំ​មនុស្ស​ជាដើម​នោះទេ​»​។

លោកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១២ ខែសីហា ថា​៖ «​ភាពក្លាហាន ការយល់​ចិត្ត និង​សេចក្តីស្រឡាញ់​ដែល​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​មាន​ចំពោះ​ប្រទេសជាតិ និង​មនុស្ស​ជា​ទីស្រឡាញ់​របស់ខ្លួន តែងតែ​ជំរុញ​ចិត្ត​ខ្ញុំ​។ ជាមួយនឹង​សកម្មភាព​បុគ្គល និង​សមូហភាព យើង​នឹង​យកឈ្នះ​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​»​។

លោកស្រី​បាន​បន្តថា ជំងឺ​រាតត្បាត​កូវីដ​ ១៩ នៅ​ឆ្ងាយ​ពី​ទីបញ្ចប់​។ ខណៈ​ដែលមាន​សញ្ញា​នៃ​ការថយចុះ​នូវ​ការចម្លង និង​ការស្លាប់​នៅតាម​ខេត្ត​ខ្លះ ហានិភ័យ​នៃ​ការកើនឡើង​នៃ​ករណី​កូវីដ​ ១៩ ដោយសារ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា គឺ​ខ្ពស់​ណាស់​។

ជាមួយ​គ្នា​នេះដែរ សម្រាប់​ក្រុមមនុស្ស​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ទៅដល់​ក្រោម​ ១៨ ​ឆ្នាំ ដែល​បាន​បិទបញ្ចប់​ការចាក់​ដូស​ទី ​១ កាលពី​ថ្ងៃទី​ ១៤ ខែសីហា ដោយ​សរុប​មាន​អ្នកចាក់​បាន​ចំនួន​ជាង​ ៥២ ​ម៉ឺន​នាក់ ឬ​​ស្មើនឹង​ ២៦,៥៦% ​ធៀប​នឹង​គោលដៅ​ចាក់​ជិត​ ២ ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​។

លោក ងី មានហេង ប្រធាន​មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា មកដល់​ថ្ងៃទី​ ១៤ ខែសីហា​នេះ ក្រុមមនុស្ស​ដែលមាន​អាយុ​ពី ១២ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ ចំនួន​ជាង ១៧៦ ២០០ ​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​រួចហើយ​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​យើង​អាច​ធ្វើការ​ពន្យារ​សម្រាប់​មណ្ឌល​ចាក់​វ៉ាក់សាំង​ណា​ដែល​នៅតែមាន​អ្នក​មកចាក់​។ ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​គឺ​ចប់​នៅ​ថ្ងៃទី​ ១៤ ​នេះ តែបើ​នៅមាន​អ្នក​មកចាក់​គឺ​យើង​នឹង​បន្ត​នៅ​ថ្ងៃស្អែក​ទៀត ហើយ​បើ​នៅ​ថ្ងៃស្អែក​មិនទាន់​ចប់ យើង​បន្ត​ពន្យារ​នៅ​ថ្ងៃ​ខានស្អែក​ទៀត​រហូត​ទាល់​តែមាន​អ្នក​បាន​ចាក់​គ្រប់គ្នា​»​។

លោក ងី មានហេង បាន​បន្តធ្វើ​ការអំពាវនាវ​ទៅដល់​មាតាបិតា ឬ អាណាព្យាបាល​នាំយក​កូន​មកចាក់​វ៉ាក់សាំង ប្រសិនបើ​មិនទាន់​ទទួលបាន​ការចាក់​ដូស​ទី​ ១ នៅឡើយ​។

លោកស្រី ឱ វណ្ណឌីន ក៏បាន​ឱ្យដឹង​ផងដែរ​ថា ក្រុមការងារ​នៃ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ធ្វើ​ការបែងចែក​វ៉ាក់សាំង​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស សម្រាប់​រៀបចំ​ចាក់​ដល់​ក្រុម​អាយុ​ពី ១២ ដល់​ក្រោម ១៨ ឆ្នាំ បន្ទាប់ពី​ទទួលបាន​វ៉ាក់សាំង ស៊ីណូវ៉ាក់​ចំនួន ៣ លានដូស​ដែលជា​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោកស្រី​ថ្លែងថា​៖ «​កន្លងមកនេះ យើង​ធ្វើបាន​មួយចំនួន​ហើយ​ដោយសារ​យើង​រង់ចាំ​វ៉ាក់សាំង​មកដល់ ហើយ​ពេលនេះ​វ៉ាក់សាំង​បានមក​ដល់​ហើយ ហើយ​យើង​មិនបាន​ទុក​វ៉ាក់សាំង​នេះ​ ១ ​កន្លែង​ទេ គឺ​យើង​​ចាត់ចែង​ចែក​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​តែម្តង​»​។

គួរបញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទៅដល់​ក្រុម​មនុស្ស​ដែលមាន​អាយុ​ពី​ ១២ ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​បានចាប់ផ្តើម​ដំបូង​កាលពី​ថ្ងៃទី​ ១ ខែសីហា ដោយ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កណ្ដាល កោះកុង និង​សៀមរាប​៕