ភ្នំពេញ៖ ភូមិ​សាស្រ្ត​ក្នុង​ខេត្ត​ចំនួន​១៥ ​ត្រូវបាន​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ​ម៉ម ប៊ុនហេង ​ចេញ​សេចក្តី​ជូនដំណឹង​កំណត់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំងនេះ ​ត្រូវ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ ចាប់​ពី​ពេល​នេះ​រហូត​មានការ​ជូនដំណឹង​ជាថ្មី។

លោក​ ម៉ម ប៊ុនហេង ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ នាថ្ងៃទី​ ១៦​ ខែសីហា ​ស្តីពី​ភូមិសាស្ត្រ​ដែលត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់​ និង​កាតព្វកិច្ច​រក្សាគម្លាត​សុវត្ថិភាព ​ដោយ​កំណត់​ខេត្តទាំង​ ១៥​នោះ​ជាភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ ​ត្រូវ​មាន​ការអនុវត្ត​កាតព្វកិច្ច​នេះ។

លោក​ ម៉ម ប៊ុនហេង ​លើកឡើងថា ​ភូមិសាស្ត្រ​ខេត្តទាំង ​១៥ ​ដែល​តម្រូវ​ឱ្យ​អនុវត្តនូវ​កាតព្វកិច្ច​ពាក់ម៉ាស់ ​និង​កាតព្វ កិច្ច​រក្សា​គម្លាត​សុវត្ថិភាព​នោះ ​រួមមាន ​ខេត្ត​ពោធិ៍សាត់ ​បាត់​ដំបង ​មណ្ឌល​គិរី ​រតនគិរី ​ក្រចេះ ​ស្ទឹងត្រែង ​កំពត​ កែប ​កំពង់ធំ ​ព្រះវិហារ ​ប៉ៃលិន ​កោះកុង ​កំពង់ឆ្នាំង ​ត្បូងឃ្មុំ ​និង​ខេត្ត​ឧត្តរ​មានជ័យ។

លោក​រដ្ឋមន្រ្តី​បញ្ជាក់ថា​៖ «ចំពោះ​បុគ្គល​ដែល​មាន​កាតព្វកិច្ច​ពាក់ម៉ាស់ ​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ត្រូវ​បាន​កំណត់​ក្នុង​ប្រការ៣ ​និង​ប្រការ ៤ ​នៃ​ប្រកាស​លេខ​ ០៨១ ​ស.នក.​ប្រក ​ចុះ​ថ្ងៃទី ២២ ​ខែមីនា ​ស្តីពី​កាតព្វកិច្ច ​ពាក់​ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ​ក្នុង​សហគមន៍»។

លោក​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ​ចាត់​វិធានការ​ដើម្បី​ធានា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​កាត​ព្វ​កិច្ច​ពាក់​ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ​ហើយ​ក៏បាន​ស្នើ​ឱ្យ​សាធារណជន​ទាំងអស់ ​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​នេះ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ទាក់ទង​នឹង​ការឱ្យ​អនុវត្ត​កាត​ព្វកិច្ច​ពាក់​ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​នេះ ​លោក ​ញ៉ែម សំអឿន ​អភិ​បាល​រង​ខេត្ត​រតនគិរី​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃទី​ ១៦​ ខែសីហាថា ​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​ ១៩​ នៅ​ក្នុង​ខេត្ត​នេះ​មិនទាន់​មាន​ភាព​ធូរស្រាល​នៅ​ឡើយ​ទេ ​ដោយសារ​តួលេខ​នៅ​មាន​ឡើង​ចុះ​ដែល​ថ្ងៃ​ខ្លះ​ក៏​មិនមាន​ការ​រក​ឃើញ​ឆ្លង​ដែរ។

លោក​ថ្លែងថា​៖ «ជាទូទៅ​នៅ​ក្នុង​ខេត្ត​របស់​យើង ​គឺ​យើង​តែងតែ​តាមដាន​យ៉ាង​ផ្ចិតផ្ចង់ ​ហើយ​ជាពិសេស​ការពាក់​ម៉ាស់​និង​ការរក្សា​គម្លាត​នេះ​តែ​ម្តង។ ប៉ុន្តែ​ប្រជាពលរដ្ឋ​របស់​យើង​ស្ទើរតែ​ ១០០%​ មាន​ការយល់​ដឹង​និង​អនុវត្ត​បាន​យ៉ាង​ល្អ»។

លោក​ ញ៉ែម សំអឿន ​បន្ថែម​ថា ​រដ្ឋបាល​ខេត្ត​តែងតែ​ធ្វើការណែនាំ​ទៅដល់​គ្រប់​មូលដ្ឋាន​និង​ភូមិឃុំ​រហូត​ដល់​គ្រប់​ប្រជាពលរដ្ឋ​ទាំង​អស់។ ដូច​នេះ​ម្នាក់ៗ​នៅ​តាម​ដងផ្លូវ​និង​តាម​ទីសាធារណៈ​ផ្សេងៗ​ទៀត​មាន​ការយល់​ដឹង​និង​បាន​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា។

លោក​បញ្ជាក់ថា​៖ «សម្រាប់​ការអនុវត្ត​នូវ​ការរក្សា​គម្លាត​ក៏​ធ្វើ​បាន​ល្អ​ផងដែរ ​ដោយ​យើង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ឡើយ​ហើយ​តាម​ហាង​អាហារ​ត្រូវ​ធ្វើការ​លក់ដូរ​ដោយ​ការវេច​ខ្ចប់ ​និង​មានការ​ដាក់​បម្រាម​គោចរ​ផង​ដែរ»។

រីឯ​អភិបាលរង​ខេត្ត​ឧត្តរ​មានជ័យ ​លោក ​ឌី រ៉ាដូ ​ក៏បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ផង​ដែរ​ថា ​ភាគច្រើន​នៃ​ការរក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ មាន​នៅលើ​ពលករ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ។ ចំណែក​ការឆ្លង​ក្នុង​សហគមន៍​មិន​សូវ​ជាច្រើន​នោះ​ទេ ​បើធៀប​នឹង​ចំនួន​នៃការ​ឆ្លង​របស់​ពលករ។

លោក​ប្រាប់​ថា​៖ «ខេត្ត​យើង​បាន​បង្កើត​គណៈកម្មការ​មួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​ ទៅលើ​ការអនុវត្ត ​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​នេះ ​ដែលជា​ទូទៅ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​របស់​យើង​មាន​ការ​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ​ក្រសួង​សុខាភិបាល ​និង​រដ្ឋបាល​ខេត្ត»។

ជាមួយ​គ្នានេះ ​ខេត្ត​ឧត្តរ​មានជ័យ​មិនមាន​ការ​អនុញ្ញាត​ឱ្យ​មានការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​នោះ​ទេ ​ហើយ​សម្រាប់​អហារដ្ឋាន​ត្រូវ​ធ្វើការ​លក់ដូរ​ដោយ​ការ​វេច​ខ្ចប់។

យោង​តាម​ប្រការ​៣​នៃ​ប្រកាស​ស្តីពី​កាតព្វកិច្ច​ ពាក់​ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ​ក្នុង​សហគមន៍ ​បាន​ចែងថា ​បុគ្គល​ដែល​មាន​កាតព្វកិច្ច​ពាក់​ម៉ាស់ ​រួមមាន ​បុគ្គល​ដែល​មាន​វិជ្ជមាន​កូវីដ ១៩ ​ក្នុង​ពេល​ជួប​ផ្ទាល់​ជាមួយ​មន្ត្រី​សុខាភិបាល ​ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ផ្សេង​ទៀត។ បុគ្គល​ដែល​មាន​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័ក ​លើកលែង​តែ​បុគ្គល​នោះ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​តែ​ឯង ​និង​មិន​ជួប​ផ្ទាល់​ជាមួយ​អ្នក​ដទៃ។

ប្រភពដ​ដែល​បន្តថា ​កាតព្វកិច្ច​ពាក់​ម៉ាស់ ​គឺអ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ជាមធ្យោបាយ​ធ្វើ​ដំណើរ​រួម​ ឬ​មធ្យោ​បាយ​ដឹក​ជញ្ជូន​សម្រាប់​បម្រើ​ឱ្យ​សាធារណជន ​អ្នក​ដំណើរ​តាម​មធ្យោបាយ​ធ្វើដំណើរ​រួម ​ឬ​មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​បម្រើ​ឱ្យ​សាធារណជន។ អ្នក​ផ្តល់​សេវា​ផ្ទាល់​ដល់​អតិថិជន​ និង​បុគ្គល​ផ្សេង​ទៀត​ដែល​កំពុង​ស្ថិត​នៅ​តាម​ទី​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន ​ឬ​ទីកន្លែង​ដែល​មាន​ការជួបជុំ​មនុស្ស​ចាប់​ពី ​២ នាក់​ឡើង​ទៅ។

សម្រាប់​ប្រការ ៤ ​បុគ្គល​គ្រប់​រូប​ដែល​កំពុង​ស្ថិត​នៅ​ទីកន្លែង​ធ្វើការ​នៃ​សហគ្រាស ​ឬ​គ្រឹះស្ថាន​ឯកជន ​ទីតាំង​អាជីវ​កម្ម ​ឬ​ទីកន្លែង​សាធារណៈ​នានា ​ដែល​មាន​មនុស្ស​ច្រើន ​ត្រូវ​មាន​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល។ ការរក្សា​ គម្លាត​សុវត្ថិភាព​បុគ្គល ​ត្រូវ​មាន​យ៉ាងតិច​ ១,៥០ ម៉ែត្រ ​ពី​បុគ្គល​ម្នាក់​ទៅ ​បុគ្គល​ម្នាក់៕

វីដេអូ៖