ភ្នំពេញៈ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ (WHO) ​លោកស្រី​ លី អៃឡែន សង្ឃឹមថា ការធ្វើ​សកម្មភាព​ និង​ទទួលខុសត្រូវ​រួមគ្នា​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ​ ១៩ ​នឹង​ទទួលបាន​ជោគជ័យ ខណៈដែល​ស្ថានភាព​ជំងឺ​កូវីដ ១៩ ​នៅ​ប្រទេស​កម្ពុជា​ កំពុងមាន​ភាពល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​មាន​ការចូលរួម​ពី​គ្រប់ភាគី​ក្នុង​ការតស៊ូ​រួមគ្នា​ទប់ស្កាត់​អស់ពេល​ជាច្រើន​ខែ​កន្លងទៅនេះ​។

កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ជោគជ័យ​បំផុត​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ ដែលជា​ប្រទេស​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​។ លោកស្រី​ លី អៃឡែន ថ្លែង​ដូចនេះ​នៅក្នុង​ពិធី​ប្រកាស​បើក​ដំណើរការ​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ «​រួមគ្នា​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩» ដែលជា​វិធានការ​បន្ថែម​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្រោម​អធិបតីភាព​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី ​១៦ ខែសីហា នាទី​ស្តីការ​ក្រសួងសុខាភិបាល​។

លោកស្រី​មានប្រសាសន៍​ថា៖ «​ការរៀបចំ​យុទ្ធនាការ​ថ្នាក់ជាតិ​នេះ គឺ​ពិតជា​ពេលវេលា​មួយ​ដ៏ត្រឹមត្រូវ​ជាពិសេស​នៅក្នុង​បរិបទ​ពេលនេះ ដែល​យើង​ត្រូវ​គិត​ឡើងវិញ​នូវ​ការឆ្លង​រីករាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ដែល​វីរុស​នេះ​មាន​ការចម្លង​ក្នុង​ល្បឿន​លឿន​។ ដូចនេះហើយ ការងារ និង​សកម្មភាព​របស់​យើង​ដែល​ដាក់ចេញ​នេះ​ក៏ត្រូវ​តែមាន​ល្បឿន​លឿន​ផងដែរ ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​ការរីករាលដាល​នេះ​»​។

លោកស្រី​បន្ថែមថា សកម្មភាព​ធំៗ​ ២ ​ដែល​ត្រូវ​ដាក់ចេញ​គឺ​ការចូលរួម​ទទួលខុសត្រូវ​ពេញលេញ​ក្នុង​ការអនុវត្ត​ទៅលើ​វិធានការ​អន្តរាគមន៍​ដែល​មិនមែនជា​ឱសថ និង​ការ​បង្កើនល្បឿន​ទៅនឹង​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​ទូទាំងប្រទេស​។

លោកស្រី​​ លី អៃឡែន ​បញ្ជាក់ថា​៖ «​បើ​យើង​ធ្វើ​ការងារ​នេះ​រួមគ្នា​ហៅថា​សមូហភាព នោះ​យើង​នឹងមាន​ឱកាស​នៃ​ការទទួលបាន​ជ័យជម្នះ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​នេះ ប៉ុន្តែ​ប្រសិនបើ​យើង​មិន​ធ្វើ​ការងារ​រួមគ្នា ដោយ​ស្រុះស្រួល​គ្នា​ដោយ​សាមគ្គីភាព​គ្នា​នោះទេ មេរោគ​នេះ​ប្រាកដជា​ធ្វើដំណើរ​លឿន​ជាង​យើង​ហើយ​វា​អាច​យកជ័យ​ជម្នះ​មកលើ​យើង​បាន​»​។

ទោះយ៉ាងណា​លោកស្រី​សង្ឃឹម​យ៉ាង​មុតមាំ​​ថា​៖ «​អ្វីដែល​យើង​ធ្វើ​នៅថ្ងៃនេះ​នឹងមាន​ប្រសិទ្ធភាព​ក្នុង​ការដាក់ចេញ​រួមគ្នា​ធ្វើ​រួមគ្នា និង​ទទួល​ខុសត្រូវ​រួមគ្នា ក្នុង​ការធ្វើឱ្យ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ទទួលបាន​ជោគជ័យ ហើយ​សកម្មភាព​របស់​យើង​នៅថ្ងៃនេះ នឹង​កំណត់​នូវ​ភាពជោគជ័យ​នៅ​ថ្ងៃស្អែក​»​។

ជាមួយ​គ្នា​នេះដែរ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ​១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន ក៏បាន​លើកឡើង​នាពេលនោះ​ផងដែរ​ថា ការអនុវត្ត​នូវ​វិធានការ​សុខាភិបាល ត្រូវតែ​ខិតខំ​ធ្វើឱ្យបាន​គ្រប់ៗ​គ្នា​ស្របតាម​ប្រធានបទ​នៃ​យុទ្ធនាការ​ជាតិ​នេះ​។

លោកស្រី​ថា​៖ «​ប្រសិនបើ​យើង​អនុវត្តបាន​នូវ​វិធានការ​សុខាភិបាល​ ឬ​វិធានការ​រដ្ឋបាល យើងទាំងអស់គ្នា​នឹង​ចៀសផុត​នូវ​ការប្រឈម​នឹង​វិធានការ​ច្បាប់ ហើយ​ការដាក់ចេញ​នូវ​វិធានការ​ច្បាប់​គឺជា​យន្តការ​មួយ​ក្នុង​ការជំរុញ ក្រើនរំឭក និង​ដាស់តឿន​ឱ្យ​បុគ្គល​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការអនុវត្ត​វិធាន​សុខាភិបាល និង​វិធានការ​រដ្ឋបាល​របស់​យើង​»​។

លោកស្រី ឱ វណ្ណឌីន បន្ថែមថា បុគ្គលិក​ទាំងអស់​ត្រូវ​តែមាន​ការទទួល​ខុសត្រូវ​ដោយ​មិនត្រូវ​ប្រកាន់​ថា វា​ជាការ​ទទួល​ខុសត្រូវ​របស់​ក្រសួងសុខាភិបាល​ទេ​តែ​ទាមទារ​ឱ្យមាន​ការចូលរួម​បែប​អន្តរ​វិស័យ ដោយមាន​ការចូលរួម​ពី​បុគ្គល ក្រុមគ្រួសារ និង​សហគមន៍​។ លោកស្រី​ថា៖ «​នៅពេល​ដែល​យើង​រួមគ្នា ក្នុង​រយៈពេល​ ១ ​ឬ​ ២ ​ខែ​ខាងមុខនេះ យើង​នឹង​សង្ឃឹមថា ការរីករាលដាល​នៃ​វីរុស​កូវីដ​ ១៩ ​នឹងមាន​ការធ្លាក់ចុះ​»​។

ទន្ទឹមនឹង​នេះដែរ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏​បាន​បញ្ជាក់​ផងដែរ​ថា វិធានការ​ច្បាប់​ត្រូវតែ​អនុវត្ត​រហូត មិនមែន​អនុវត្ត​តែ​ក្នុង​យុទ្ធនាការ​នោះទេ ហើយ​វិធានការ​នេះ គឺ​អនុវត្ត​ទៅលើ​ក្រុម​អ្នកប្រហែស និង​ព្រហើន​នឹង​ច្បាប់​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​យុទ្ធសាស្ត្រ​នៅក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា យើង​ប្រកាន់យក​នូវ​វិធានការ​ចំនួន​ ៤ គឺ​វិធានការ​សុខាភិបាល វិធានការ​ច្បាប់ វិធានការ​អប់រំ និង​វិធានការ​រដ្ឋបាល ដែល​ទាំងនេះហើយ​ដែល​រដ្ឋាភិបាល​ប្រកាន់យក​»​។

លោក​ គឹម សន្តិភាព​បន្ថែមថា នៅពេល​ដែលមាន​វិធានការ​ច្បាប់​ហើយ គឺ​ត្រូវតែ​អនុវត្ត​ហើយ មិនមែន​មានន័យថា​ការអនុវត្ត​ច្បាប់​ធ្វើឡើង​តែ​នៅក្នុង​ពេលដែល​ធ្វើ​យុទ្ធនាការ​ទេ​។

ចំណែក​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានលើកឡើង​នៅក្នុង​ពិធី​ប្រកាស​បើក​ដំណើរការ​យុទ្ធនាការ​ជាតិ​នេះ​ថា អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ​ហើយ ដែល​គ្រប់គ្នា​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ហើយ​មកដល់ពេលនេះ អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​ថា ការបញ្ចប់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​អាច​នៅ​វែងឆ្ងាយ​ទៀត ជាមួយ​នឹង​ការចម្លង​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​។

លោក​មានប្រសាសន៍ថា​៖ «​ការអប់រំ​ផ្សព្វផ្សាយ​ និង​បណ្តុះបណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ​ និង​ចេះ​ទទួលខុសត្រូវ​ក្នុងការការពារ​ខ្លួនឯង គ្រួសារ និង​សហគមន៍​ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​យើង​បាន​ធ្វើ​ការងារ​នេះ​កន្លងមកហើយ ដែល​ធ្វើឱ្យ​យើង​អាច​ទប់ស្កាត់​បាន​នូវ​ការចម្លង​ចូលក្នុង​សហគមន៍​នាពេល​កន្លងមក​»​។

លោក ម៉ម ប៊ុនហេង ក៏បាន​ស្នើឱ្យ​អភិបាល​រាជធានី-ខេត្ត​ទាំងអស់ ​ត្រូវតែ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​នូវ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​នេះ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យ​បាន​ទូលំទូលាយ​។

អនុគណៈកម្មការ​អប់រំ បណ្ដុះបណ្ដាល និង​ទំនាក់ទំនង​សាធារណៈ​ (​អ.ប.ទ) ​នៃ​គណៈកម្មការ អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ «​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩» ​ក្នុង​គោលបំណង ដើម្បី​ក្រើនរំឭក ពញ្ញាក់​ស្មារតី និង​ការបង្កើន​ជំរុញ​ការចូលរួម​របស់​បុគ្គល គ្រួសារ និង​សហគមន៍​ព្រមទាំង​ពលរដ្ឋ ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​សេវា​ឯកជន​ទាំងអស់ ពួតដៃ​រួមគ្នា​អនុវត្ត​វិធានការ​ចាំបាច់​នានា ដែល​បាន​ដាក់ចេញ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕