ស្ទឹងត្រែង៖ មនុស្ស​ចំនួន ​៧ នាក់ ​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​មេរោគ​កូវីដ ១៩​​ បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(Delta) នៅ​ខេត្ត​ស្ទឹងត្រែង​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ​របស់​មន្ទីរ​សុខាភិបាល ​នៃ​រដ្ឋបាល​ខេត្ត ​បាន​ទទួល​លទ្ធផល​វិភាគ​សំណាក​អ្នកជំងឺ ​ដែល​បានរក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ។

តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ​នៅ​ថ្ងៃទី ១៧ ​ខែសីហា ​បានឱ្យ​ដឹង​ពី​ការរកឃើញ​អ្នកជំងឺ​កូវីដ​ ១៩​ ដែល​មាន​ផ្ទុក​មេរោគ​ប្រភេទ​ថ្មី​ដែលតា​ (Delta) ​ចំនួន៧នាក់ ​និង​មាន​ករណី​សង្ស័យ​ប្រភេទ ​Delta​ នេះ ​ចំពោះ​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។ មក​ដល់​ពេល​នេះ ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​មាន​អ្នក​ជំងឺ​កូវីដ ១៩ ​ដែល​ផ្ទុក​មេរោគ​ប្រភេទ​ថ្មី​ ដែលតា​នេះ​សរុប​ចំនួន ​៩ នាក់​ហើយ។

រដ្ឋបាល​ខេត្ត​បញ្ជាក់ថា​៖ «គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩​ ខេត្ត ​សូម​អំពាវនាវ ​និង​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ​ក្នុង​ពេល​កន្លងមក​នេះ ​សូម​មាន​ការប្រុង​ប្រយ័ត្ន ​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹម​ត្រូវ​តាម​ការណែនាំ»។

រដ្ឋបាល​ខេត្ត​បានស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យ​បាន​តាម​សេចក្តី​ណែនាំ ​និង​ការសម្រេច​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល ​ដែល​ខេត្ត​ស្ទឹងត្រែង ​ជា​ខេត្ត​ដែល​តម្រូវឱ្យ​មាន​កាតព្វកិច្ច​ពាក់ម៉ាស់ ​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព។ ចំពោះ​អ្នក​ ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​នេះ ​នឹង​ត្រូវ​ទទួល​ការពិន័យ។

យោង​តាម​ក្រសួង​សុខាភិបាល ​កាលពី​ថ្ងៃទី ១៣ ​ខែសីហា ​គិត​ចាប់​ពី​ចុង​ខែមីនា ​រហូតដល់​ថ្ងៃ​ទី ១៣ ​ខែ សីហា​ ឆ្នាំ​ ២០២១ ​កម្ពុជា​មាន​អ្នក​ផ្ទុក​មេរោគ​កូវីដ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​ជិត​ ៥០០ នាក់៕