ភ្នំពេញៈ ក្រសួងសុខាភិបាល​ប្រាប់​ដល់​សាធារណជន​ទាំងអស់ កុំ​យល់ច្រឡំ​ថា ការចាក់​វ៉ាក់សាំង កូវីដ​ ១៩ ​ដូស​ទី​៣ ឬ​ដូស​ជំរុញ​រួចហើយ​នឹង​លែង​ឆ្លង​នូវ​មេរោគ​កូវីដ​នោះ​ឱ្យសោះ​ ​ដោយ​ក្រសួង​បញ្ជាក់ថា ទោះបីជា​ចាក់​ដូស​ទី​៣ ​រួចហើយ​ក៏ដោយ ក៏​ការឆ្លង​នៅតែមាន ប្រសិនបើ​មិន​បាន​ការពារ​ឱ្យបាន​ត្រឹមត្រូវ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​បញ្ជាក់​បែបនេះ​ក្នុង​ពិធី​ប្រកាស​បើក​ដំណើរការ​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ​ «​រួមគ្នា​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩» ​នា​ព្រឹក​ថ្ងៃទី​ ១៦ ខែសីហា​។

លោកស្រី​ថ្លែងថា​៖ «​នៅមាន​ជន​មួយចំនួន នៅតែ​មាន​ការយល់​ថា នៅពេលដែល​គាត់​ចាក់​វ៉ាក់សាំង​រួចហើយ គាត់​នឹង​លែង​ឆ្លង​វីរុស​កូវីដ​ ១៩ ​ហើយ ដែល​វា​មិនមាន​ភាពចាំបាច់ សម្រាប់​គាត់​ក្នុង​ការអនុវត្ត​វិធានការ​សុខាភិបាល​នោះទេ​។ នេះ​ជាការ​យល់ច្រឡំ​ខុស​»​។

មន្ត្រី​នាំពាក្យ​រូបនេះ​បន្ថែមថា បើ​បុគ្គល​ម្នាក់ៗ​នៅតែ​មាន​ការជួបជុំ​គ្នា បរិភោគ​អាហារ​រួមគ្នា នៅ​កន្លែង​បិទ​ជិត និង​ចង់​ធ្វើ​ដំណើរ​ទៅធ្វើ​ការងារ​ផ្សេងៗ ដោយ​មិន​អនុវត្ត​វិធានការ​សុខាភិបាល កត្តា​ទាំងនេះ​វា​នឹង​បង្ក​ឱ្យ​ផ្ទុះឡើង​ការចម្លង​វីរុស​កូវីដ​ ១៩ ពី​មនុស្ស​ម្នាក់​ទៅកាន់​មនុស្ស​ម្នាក់ទៀត​ជាក់​ជាមិនខាន​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា​៖ «​បុគ្គល​គ្រប់រូប​ត្រូវ​គិតគូរ​ពី​សុខភាព និង​ចេះ​ទទួលខុសត្រូវ​សុខភាព​ដោយ​ខ្លួនឯង និង​រួម​ទទួលខុសត្រូវ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​តាមរយ:​ការចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​នោះ យើង​នឹង​អាច​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូវីដ​ ១៩ ​ពី​មនុស្ស​ម្នាក់​ទៅ​កាន់​មនុស្ស​ម្នាក់ គ្រួសារ និង​សហគមន៍​ទាំងមូល​ជាក់​ជាមិនខាន​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ ខែ​សីហា បាន​សម្រេច​ឱ្យមាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​៣ ឬ​ដូស​ជំរុញ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ យុទ្ធនាការ​នេះ​ដំបូង​ត្រូវ​ចាក់ទៅលើ​ក្រុមមនុស្ស​នៅ​ជួរមុខ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ AstraZeneca ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃទី​ ១៦ ខែសីហា ទាក់ទង​នឹង​ដំណើរ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​៣ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ឱ្យ​ដឹងថា ប្រជាពលរដ្ឋ​ចំនួន ​២៧៧ ០៧៤ ​នាក់​បាន​ចាក់​ដូស​ទី​៣ ​ដោយបាន​ប្រើប្រាស់​វ៉ាក់សាំង​ AstraZeneca របស់​ប្រទេស​ជប៉ុន​ និង​ចក្រភព​អង់គ្លេស​។

ការចាក់​វ៉ាក់សាំង​ដូស​ទី៣ ឬ​ដូស​ជំរុញ​នេះ លោកស្រី ឱ វណ្ណឌីន ធ្លាប់បាន​រំឭក​កាលពី​ចុង​សប្តាហ៍​មុន​ដែរ​ថា ការចាក់​វ៉ាក់សាំង​ដូស​ទី​៣ ​នេះ​មិនមែន​មិនឱ្យ​ឆ្លង​វីរុស​នោះទេ​។ ប៉ុន្តែ​វា​ជួយ​ការពារ​មិនឱ្យ​ជំងឺ​វិវឌ្ឍ​ទៅ​ធ្ងន់ធ្ងរ និង​កាត់បន្ថយ​បានជា​អតិបរមា​នូវ​អត្រា​មរណភាព​។

លោកស្រី​ថ្លែងថា​៖ «​ការសម្រេច​ឱ្យ​មាន​ការចាក់​ដូស​ទី​៣ ​នេះ ដោយសារ​ប្រព័ន្ធ​ការពារ​សរីរាង្គ​អាច​នឹងមាន​ការថយចុះ និង​មួយទៀត​ដោយសារ​ការចរាចរ​របស់​មេរោគ​បំប្លែង​ថ្មី ជាពិសេស​ប្រភេទ​ដែលតា អាល់ហ្វា​ជាដើម​»​។

ជាមួយ​គ្នា​នេះ នៅ​ថ្ងៃទី​ ១៧ ខែសីហា លោកស្រី ឱ វណ្ណឌីន បាន​ជំរុញ​ឱ្យ​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ថ្នាក់​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ និង​ចលនា​លើកទឹកចិត្ត​ប្រជាជន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើងទៅ មក​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​១ ​ឱ្យបាន​គ្រប់គ្នា​។

លោកស្រី​បញ្ជាក់ថា​៖ «​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ ១០ ​លាន​នាក់​លើ​ប្រជាជន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើងទៅ ក្នុងអំឡុង​ចុង​ខែ​តុលា ឬ​ដើមខែ​វិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ គ.វ.ក-១៩ សុំ​ស្នើឱ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ អំពាវនាវ​ និង​កៀរគរ​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១ នៅតាម​មូលដ្ឋាន​ភូមិ ឃុំ-សង្កាត់​ឱ្យមក​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា​»​។

លោកស្រី ឱ វណ្ណឌីន បាន​បន្ថែមថា អាជ្ញាធរ​ភូមិ ឃុំ-សង្កាត់ ត្រូវ​រៀបចំ​ផែនការ និង​ចលនា​លើកទឹកចិត្ត​ពួកគាត់​ឱ្យមក​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ធានាបាន​នូវ​ភាពស៊ាំ​នៅក្នុង​សហគមន៍ ការពារ​សុខុមាលភាព​របស់​ប្រជាជន ក៏ដូចជា​ការឈាន​ទៅ​បើក​ដំណើរការ​ឡើងវិញ​នូវ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

គិត​ត្រឹម​យប់​ថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ​ ២០២១ ប្រជាពលរដ្ឋ​កម្ពុជា ជិត​ ៨,៥ ​លាន​នាក់ ឬ​ស្មើនឹង​ ៨៤,៥៦% ធៀប​នឹង​ប្រជាពលរដ្ឋ​គោលដៅ​ ១០ ​លាន​នាក់​នៅ​ទូទាំងប្រទេស​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​រួចហើយ​។ បើ​ប្រៀបធៀប​ជាមួយនឹង​ចំនួន​ពលរដ្ឋ​សរុប​ទូទាំងប្រទេស​ចំនួន​ ១៦ ​លាន​នាក់ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​បាន​ចំនួន​ ៥៦,៥៣% ​ផងដែរ​៕

វីដេអូ៖