មនុស្ស​ចំនួន ​១២ នាក់​ទៀត​ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​និង​បាន​រកឃើញ​អ្នកឆ្លង​ជំងឺ​នេះ​ថ្មី​បន្ថែម​ទៀត ​ជិត ​៦០០ នាក់​ ខណៈ​មាន​អ្នកដែល​ត្រូវ​បាន​ព្យាបាល​ជាសះ​ស្បើយ​រហូត​ដល់​ជាង​ ៧០០ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ១៨ ​ខែសីហានេះ ​បានឱ្យ​ដឹងថា ​ក្រសួង​បាន​រកឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩​ បន្ថែម​ទៀត ​ចំនួន ​៥៩៣ នាក់ ​និង​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ ចំនួន​ ៧៤៨ នាក់។ អ្នក​ដែល​រកឃើញ​មា​នឆ្លង​ថ្មី​នេះ ​មាន​ករណី​ឆ្លង​សហ​គមន៍​ចំនួន ​៤០៤ នាក់ ​និង​អ្នក​ដំណើរ​មក​ពី​បរទេស​ចំនួន​ ១៨៩ នាក់។

សម្រាប់​ប្រទេស​កម្ពុជា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៨ ​ខែសីហា ​ឆ្នាំ ២០២១ នេះ ​សរុប​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ៨៧ ១៩០ នាក់​ ចំណែក​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះ​ស្បើយ​ចំនួន ​៨២ ៦៦៦ នាក់​ និង​អ្នក​ស្លាប់​សរុប​បានកើន​ឡើង​ដល់​ ១ ៧៣០ នាក់៕