បន្ទាយមានជ័យៈ ក្រុមយុវជន​ចំនួន​ ៦០១ ​នាក់ ​ក្នុងចំណោម​ ៦៦០ ​នាក់​ ដែល​កំពុងស្នាក់នៅ ក្នុង​មណ្ឌល​ស្តារនីតិសម្បទា​ជីវិត​ថ្មី​ភ្នំ​បាក់ ដើម្បី​បន្សាប​គ្រឿងញៀន​នៅ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ធ្វើតេស្ត​រហ័ស​ (Rapid Test) ​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ក្នុងនោះ​មាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ជាង​ ២០ ​នាក់ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ភ្លាមៗ​កាលពី​ថ្ងៃទី​ ១៨ សីហា​។

លោក សេក សុខុម អ្នកនាំពាក្យ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា អ្នក​ដែល​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​មាន​ចំនួន​ ៦០១ ​នាក់​នោះ គឺ​មាន​ស្ត្រី​ចំនួន​ ៣០ ​នាក់​។ អ្នក​ដែល​ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​នេះ ពួកគេ​ស្ថិត​ក្នុង​ចំណោម​យុវជន​យុវនារី​ចំនួន​ ៦៦០ ​នាក់​ ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌល​ស្តារនីតិសម្បទា​ជីវិត​ថ្មី​ភ្នំ​បាក់​នេះ​ជាមួយ​គ្នា​។

លោក​បញ្ជាក់ថា​៖ «​ចំនួន​នេះ​ជាការ​រកឃើញ​បឋម​ដោយ​ការធ្វើ​តេស្ត​រហ័ស​។ ប៉ុន្តែ​យើង​នៅ​ចាំមើល​លទ្ធផល​ម្តងទៀត​ពី​ការធ្វើ​តេស្ត​ជាមួយ​នឹង​ម៉ាស៊ីន​ធំ​ (PCR) ដោយ​ខេត្ត​នឹង​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​នៅថ្ងៃនេះ ដោយសារ​ការធ្វើ​តេស្ត​រហ័ស​មិនទាន់​អាច​យក​ជា​ព័ត៌មាន​ផ្លូវការ​បាន​នៅឡើយ​ទេ​»​។

ការចុះ​ធ្វើតេស្ត​រហ័ស​រក​មេរោគ កូវីដ​​ ១៩ ​ក្នុង​មណ្ឌល​ស្តារ​នីតិសម្បទា​ជីវិត​ថ្មី​ភ្នំ​បាក់​នេះ បន្ទាប់ពី​មាន​ពួកគាត់​មួយចំនួន​មាន​បញ្ហា​សុខភាព​ដូចជា​ជំងឺ​ផ្តាសាយ ដែល​ធ្វើឱ្យ​មាន​ការផ្អើល​ឆោឡោ​ក្នុង​មណ្ឌល​នេះ​មួយសន្ទុះ​ផងដែរ​។ ក្រោយមក​ក៏មាន​ការជួយ​អន្តរាគមន៍​ដែល​ដឹកនាំ​ដោយ​លោក​ អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ចុះទៅ​ផ្ទាល់ មាន​មន្ត្រី​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ផងដែរ​។

លោក​ សេក សុខុម បន្ថែមថា​៖ «​បន្ទាប់ពី​ធ្វើតេស្ត​ពួកគាត់​រួចហើយ និង​បាន​រកឃើញ​មាន​អ្នកមាន​ផ្ទុកមេរោគ​បំប្លែង​ថ្មី​ដែលតា​ជាង​ ២០ ​នាក់​ផងដែរ​នោះ អាជ្ញាធរ​បាន​យក​រថយន្ត​ដឹក​អ្នកមាន​វិជ្ជមាន​ទាំងអស់​ទៅ​ដាក់​នៅ​មណ្ឌល​ព្យាបាល​កូវីដ​ ១៩ ​កម្រិត​ស្រាល​នៅក្នុង​ខេត្ត​ដែល​អាចដាក់​អ្នកជំងឺ​បាន​រហូតដល់​ជាង​ ៣ ០០០ ​នាក់​»​។

បើតាម​លោក​ សេក សុខុម សម្រាប់​ខេត្តបន្ទាយមានជ័យ​មាន​មណ្ឌល​ព្យាបាល​កូវីដ​ ១៩ ​កម្រិត​ស្រាល​ចំនួន​ ១៥ ​កន្លែង​នៅ​ទូទាំង​ខេត្ត​សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​ស្រាល​។

លោក​និយាយថា​៖ «​សម្រាប់​អ្នក​ដែលមាន​អវិជ្ជមាន​កូវីដ​ ១៩ អាជ្ញាធរ​នៅ​ដាក់ឱ្យ​តាមដាន​សុខភាព​នៅក្នុង​មណ្ឌល​ស្តារនីតិសម្បទា​ដដែល​»​។

លោក​ សុខុម ក៏បាន​បញ្ជាក់ដែរថា សម្រាប់​ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ក្នុង​សហគមន៍​នៅ​ខេត្តបន្ទាយមានជ័យ គឺអាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ភាគច្រើន​ពលករ​ខ្មែរ ដែល​មកពី​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន ដែល​ក្នុង​រយៈពេល​ពីថ្ងៃ​ទី​ ១៣ ដល់​ ១៨ ខែសីហា មាន​ពលករ​ប្រមាណ​ពី​ ៣ ០០០ ទៅ​ ៤ ០០០ នាក់ ​បាន​ចូលមក​តាមរយៈ​ខេត្ត​បន្ទាយមានជ័យ​នេះ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​ពួកគាត់​មកដល់​ហើយ​រកឃើញ​មាន​វិជ្ជមាន​កូវីដ​ ១៩ យើង​ដាក់ឱ្យ​គាត់​សម្រាក​ព្យាបាល​នៅក្នុង​ខេត្ត ហើយ​សម្រាប់​អ្នក​មិនមាន​នឹងធ្វើ​ចត្តាឡីស័ក​ចំនួន​ ១ ​សប្តាហ៍​រួច​ទើប​បញ្ជូន​ពួកគាត់​ទៅតាម​បណ្តា​ខេត្ត​ជា​ស្រុកកំណើត​របស់គាត់​»​។

ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​បន្ទាយមានជ័យ លោក​ ឃុន វុទ្ធី ប្រាប់​យ៉ាងខ្លី​ថា សម្រាប់​អ្នក​ដែល​អវិជ្ជមាន​នៅ​ចំពោះមុខ​នេះ ក្រុមការងារ​បាន​ញែក​អ្នក​ទាំងនោះ​ចេញទៅ​បន្ទប់​នៃ​អគារ​ផ្សេង​ក្នុង​មណ្ឌល ដោយ​មិន​ឱ្យ​មានការ​ស្នាក់នៅ​ជុំគ្នា​ឡើយ និង​បន្ត​តាមដាន​សុខភាព​របស់​ពួកគាត់​បន្តទៀត​។

លោក​ថា ចំពោះមុខ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ចាត់វិធានការ​រឹតបន្តឹង ដោយ​អនុវត្តតាម​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់ កាត់ផ្តាច់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

សម្រាប់​ប្រទេស​កម្ពុជា​មកដល់​ពេល​នេះ​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta) ​មាន​ការកើនឡើង​ទាំង​បណ្តា​ខេត្ត​ និង​ក្នុង​រាជធានី​ភ្នំពេញ​។

ទាក់ទង​នឹង​ការឆ្លង​វីរុស​បំប្លែង​ថ្មី​នេះដែរ លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ១៩ ខែសីហា បានបង្ហាញ​ពី​ការបារម្ភ​នៃ​ការឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​។

លោកស្រី​និយាយថា​៖ «​នៅពេល​នេះ យើង​កំពុងតែ​ធ្វើការ​រួមគ្នា ដោយ​ហាក់ដូចជា​រត់​ប្រណាំង​ជាមួយ​នឹង​មេរោគ​បំប្លែង​ថ្មី ដែល​យើង​ហៅថា ប្រភេទ​ដែលតា ដែលមាន​ការចម្លង​លឿន​។ ដូចនេះ​ក្តីសង្ឃឹម​របស់ខ្ញុំ ក៏ដូចជា​យើង​ទាំងអស់​គ្នា​គឺ​ត្រូវ​ធ្វើ​ដំណើរ​ឱ្យបាន​លឿន​ជាង​មេរោគ​នេះ ដែល​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សុខភាព ពិសេស​ការចូលរួម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​ឱ្យបាន​ទាំងអស់​គ្នា​»​។

គិត​ត្រឹម​ថ្ងៃទី​ ១៣ ខែសីហា កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ជិត​ ៥០០ ​នាក់ ​ហើយ​នៅក្នុង​រាជធានី-ខេត្ត​ចំនួន​ ២២ ក្នុងនោះ​លើកលែង​តែ​ខេត្ត​ចំនួន​ ៣ ​ប៉ុណ្ណោះ គឺ​ខេត្ត​កែប តាកែវ និង​ខេត្តក្រចេះ ដែល​មិនទាន់​ឃើញ​មាន​មេរោគ​បំប្លែង​ថ្មី​នេះ​៕

វីដេអូ៖