មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ផែនការ​បាន​ឱ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ចាប់​ពី ១០០ ឆ្នាំ​ឡើង​នៅ​ទូទាំង​ប្រទេស​មាន​រហូត​ជាង ៣ ០០០ នាក់ ដែល​ក្នុង​នោះ រាជធានី​ភ្នំពេញ​មាន​មនុស្ស​វ័យ​ចំណាស់​ច្រើន​ជាង​គេ ហើយ​ខេត្ត​បន្ទាប់ គឺ​ខេត្ត​សៀមរាប។

លោកស្រី ហង្ស លីណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ និង​ជា​អគ្គនាយក​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ប្រទេស​កម្ពុជា ឆ្នាំ ២០១៩ បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​សីហា​នេះ​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ប្រទេស​កម្ពុជា ឆ្នាំ ២០១៩ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា យើង​មាន​ប្រជាជន​ដែល​មាន​អាយុ ១០០ ឆ្នាំ​ឡើង​ចំនួន ៣ ១៤៣ នាក់។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ជា​ទិន្នន័យ​មួយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ថា កម្ពុជា​យើង​មាន​ប្រជាជន​ដែល​មាន​អាយុ​វែង​ដូចនេះ»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ផែនការ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ចាប់​ពី ១០០ ឆ្នាំ​ឡើង​នេះ មាន​នៅ​រាជធានី​ភ្នំពេញ​ច្រើន​ជាង​គេ​រហូត​ដល់ ៤៦២ នាក់ បន្ទាប់​មក​ខេត្ត​សៀមរាប​ ដែល​មាន​ចំនួន ២៦៧ នាក់ ខេត្ត​ត្បូងឃ្មុំ ចំនួន ២៥០ នាក់ ខេត្ត​កំពង់ចាម​ ចំនួន ២៤២ នាក់ និង​ខេត្ត​កណ្តាល​ចំនួន ២២០ នាក់។

ក្រសួង​បាន​បន្ត​ថា ខេត្ត​ដែល​មាន​មនុស្ស​វ័យ​ពី ១០០ ឆ្នាំ​នេះ តិច​ជាង​គេ គឺ​ខេត្ត​កែប ដែល​មាន​តែ​ចំនួន ៣ នាក់​ប៉ុណ្ណោះ៕

វីដេអូ៖