អភិបាល​ខេត្ត​ចំនួន ៤ បាន​បន្ត​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ក្នុង​ខេត្ត​របស់​ខ្លួន​មួយសប្តាហ៍​បន្ត​ទៀត តាមការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​បន្ត​អនុវត្ត​ការ​រឹតបន្ដឹង​វិធានការ​សុខាភិបាល វិធាន​ការ​រដ្ឋបាល និង​វិធាន​ការច្បាប់ ដោយ​ផ្អែក​តាម​សភាពការណ៍​វិវត្ត​ជាក់ស្តែង​នៃ​ជំងឺ​កូវីដ ១៩ បើ​ទោះបី​ជាការ​អនុវត្ត​នូវ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​ប្រកាស​បិទបញ្ចប់​ក៏ដោយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័យ និងលោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​សម្រេច​បន្ត​ដាក់​ចេញ​នូវ​វិធាន​ការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ភូមិសាស្ត្រខេត្ត​របស់ខ្លួន។

ខេត្ត​ទាំង ៤នេះ អនុវត្ត​វិធានការ​រដ្ឋបាល ដែល​មាន​ថិរវេលា​អនុវត្ត​រយៈពេល ០១សប្តាហ៍ ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២៦ ខែសីហា ដើម្បី​សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មកពី​មេរោគ​កូវីដ ១៩ បំប្លែងថ្មី ប្រភេទ​ដែលតា (Delta)។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ឱ្យដឹង​ថា ៖ «រដ្ឋបាលខេត្ត​សម្រេច​ផ្អាក​បណ្តោះអាសន្ន​នូវ​សកម្មភាព​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន នៅ​ក្នុង​ខេត្ត​ចាប់ពី​ម៉ោង ៩យប់ ដល់​ម៉ោង ៣ព្រឹក ជាកំហិត លើកលែង​តែ​ករណី​ដែល​ចាំបាច់ និង​មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ប៉ុណ្ណោះ»។

ចំណែក​លោក អ៊ុន ចាន់ដា ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្ត​ទុកដាក់ ចាត់​វិធានការ​ជាបន្ទាន់ សំដៅ​គ្រប់គ្រង​កន្លែង​ដែល​មាន​ការផ្ទុះ​ឆ្លង និង​ការ​កាត់ផ្តាច់ ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូវីដ ១៩ ទាំង​នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទខ្ទប់ និង​ទៅ​តំបន់​ផ្សេង​ទៀត តាមរយៈ​ការបែងចែក និង​វាយតម្លៃកម្រិត​នៃ​ការឆ្លង​ជា​តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បី​ចេញ​វិធានការ​បិទខ្ទប់​នៅ​តំបន់​ផ្ទុះការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ ១៩នៅ​ក្នុង​សហគមន៍។

រដ្ឋបាលខេត្ត​ទាំងនេះ បាន​ហាម​ដាច់ខាត ការ​ជួបជុំ​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​បាន​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​នូវការ​រៀប​ចំ​ពិធី​មង្គលការ ជប់លៀង ការ​ជួបជុំ ឬការ​ប្រមូលផ្តុំ​មនុស្ស​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ១០នាក់ ការ​ជួប​ប្រជុំ​តាម​បែប​សាសនា​នានា និង​ហាមឃាត់​ការ​ប្រើប្រាស់​គ្រឿងស្រវឹង៕