ព្រះវិហារៈ រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​សម្រេច​កំណត់​ស្រុក​ជាំក្សាន្ត​ជា​តំបន់​ក្រហម បន្ទាប់ពី​ស្រុក​នេះ​ត្រូវបាន​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​បំប្លែង​ថ្មី ដោយបាន​បិទខ្ទប់​បណ្តោះអាសន្ន​រយៈពេល​ ២ ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​ ២១ ខែសីហា ដល់​ថ្ងៃទី​ ០៣ ខែកញ្ញា​។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​បាន​ធ្វើការ​សម្រេច​មិនឱ្យ​បុគ្គល​គ្រប់រូប​ធ្វើដំណើរ​ចេញពី​លំនៅឋាន​ ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់ខ្លួន​ដោយ​មិនមាន​ការអនុញ្ញាត​នោះទេ​។

លោក​បាន​បញ្ជាក់ថា៖ «​ផ្សារ និង​ទីកន្លែង​លក់​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ ដោយ​រួមទាំង​ទីកន្លែង​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ព្រមទាំង​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ទាំងអស់​នៅក្នុង​តំបន់​ក្រហម​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន លើកលែង​តែ​សកម្មភាព​ការងារ និង​មុខរបរ​ចាំបាច់​ប៉ុណ្ណោះ​»​។

ចំណែក​អភិបាលខេត្ត​រតនគិរី លោក ថង សារុន ក៏បាន​សម្រេច​បិទខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ចំនួន​ ០៤ ​កន្លែង​ផងដែរ នៅក្នុង​ស្រុក​អណ្តូង​មាស ចាប់ពី​ថ្ងៃទី​ ១៨ ខែសីហា រហូត​មាន​ការសម្រេច​ជាថ្មី​។

លោក ថង សារុន បាន​បន្ថែមថា៖ «​ការបិទខ្ទប់​ជា​បណ្តោះអាសន្ន​ទីតាំង​ទាំងនេះ គឺ​ក្នុង​គោលបំណង​ ដើម្បី​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្រោយពី​បាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​»​។

លោក​បាន​បញ្ជា​ឱ្យ​រដ្ឋបាល​ស្រុក​អណ្តូងមាស ត្រូវ​ធ្វើការ​ហ៊ុមព័ទ្ធ​ទីតាំង​ទាំង​ ៤ ​កន្លែង​នេះ ផ្អាក​ការចេញចូល និង​ត្រូវ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់​ ឬ​ប្រយោល​ដើម្បី​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាក​៕