បន្ទាយ​មាន​ជ័យៈ ​មនុស្សចំនួន​ ៤ នាក់​ស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ដោយសារ​អ្នកបើកបរ​រថយន្ត​ស៊េរី​ទំនើប ១ ​គ្រឿង ​បាន​រេ​ចង្កូត​ធ្លាក់ចូល​ទឹក​ប្រឡាយ ស្ថិតនៅ​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ។

យោង​របាយការណ៍​បឋម​របស់​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៣ និង ១០ នាទី ថ្ងៃទី ២២ ខែសីហា។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ខ្លួនឯង​ នៅត្រង់ចំណុច​ផ្លូវបំបែក​ជា ៤ ខាង​ជើង​ភូមិ​ខ្វាវ​លិច ទៅ​ភូមិ​តេ​ជោ​ភ្នំ​ឆត្រ។

រថយន្ត​រងគ្រោះថ្នាក់​ម៉ាក (Mazda Pick Up) ពណ៌ ស ពាក់​ស្លាក​លេខ កម្ពុជា MR. SELLA។ អ្នកបើកបរ​ក៏បាន​រេ​ប​ង្កូ​ត​ក្រឡាប់​ចូលក្នុង​ទឹក​ប្រឡាយ​ស្លាប់​មនុស្ស​ទាំង ៤ នាក់ ក្នុងនោះ ស្រី ៣ នាក់ និង​អ្នកបើកបរ​ម្នាក់ អាយុ ៥៥ ឆ្នាំ។

របាយ​ការណ៍​បឋម​ដដែល​បញ្ជាក់​ថា៖‌ «ករណី​គ្រោះថ្នា​ក់​នេះ​ដោយ​មូល​ហេតុ បើកបរ​ល្បឿន​លឿន ចំណុច​ផ្លូវ​កោង​»។

អធិការ​នគរ​បាល​ស្រុក​ស្វាយ​ចេក​ នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក​ ជា​ ស្លូញ​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ថា គ្រោះថ្នាក់​នេះ​អាច​កើត​ឡើង​ដោយ​បុគ្គល​អ្នក​បើកបរ​ធ្វេស​ប្រហែស​។

លោក​ថា៖«គាត់​បាន​បើក​បរ​ពីផ្លូវ​ជាតិ ៥៦ ទៅ​រកផ្លូវ​ជាតិ​លេខ​ ៥៨ ដល់​ចំណុច​ផ្លូវ​កែង​កន្លែង​នោះ​មានលូ ហើយ​មាន​ទឹក ដោយសារ​ភ្លៀង​យប់​មិញ​ផ​ងនោះ ហើយ​មិន​ដឹង​ជាមូលហេ​តុ​អីធ្លាក់​ចូល​ប្រឡាយ​តែម្តង​។ បើ​និយាយជា​រួម​គាត់​ងាក​និយាយ​គ្នា ព្រោះ​យើង​មើល​កន្លែង​ហ្រ្វាំង​ និង​កន្លែង​ផ្សេង​ទៀត​អត់​មាន​ខូចទេ​»។

លោក​បន្តថា ដោយសារ​ទីតាំង​នោះ​ជាកន្លែង​មិន​សូវ​មាន​មនុស្ស​រស់​នៅ ក្រោយ​កើត​ហេតុ​ប្រមាណ​៣០​នាទី ទើប​អាជ្ញាធរ​ទទួល​បាន​ដំណឹង និង​ចាត់​ចែង​បញ្ជូន​មនុ​ស្ស​ទៅ​សង្គ្រោះ​ តែហួស​ ពេល​ទៅ​ហើយ។

លោក​ឱ្យ​ដឹង​ដែរ​ថា អ្នក​ស្លាប់​ទាំង ​៤​ នាក់ នោះរស់​នៅភូមិ​យាង​ថ្មី ​ឃុំនិម្មិត​ ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ។ អ្នក​បើកបរ​ភេទ​ប្រុស​អាយុ ​៥៥ ឆ្នាំ និង​អ្នក​រួម​ដំណើរ​ស្រីទាំង​អស់​ដែល​មាន​អាយុ​ ៥៣ ​ឆ្នាំ អាយុ​ ៤២​ឆ្នាំ និង​ក្មេង​ស្រីអា​យុ៦​ ឆ្នាំម្នាក់ផង​ដែរ​។

យោង​តាម​របាយ​ការណ៍ របស់​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ឱ្យដឹង​ថា នៅថ្ងៃ​ទី ១​៩ ខែ ​សីហា ​ឆ្នាំ ២​០២១ មាន​ករណី​គ្រោះ​ថ្នាក់​ចរាច​រណ៍ នៅ​ទូទាំង​ប្រទេស​កើត​ឡើង​ចំនួន​ ៧​ លើក​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ៣​ នាក់ និង​របួស​ធ្ងន់​ស្រាល ​៦​ នាក់​៕

វីដេអូ៖