ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បានបញ្ជា​ទៅ​រាជធានី-​ខេត្ត​ទាំងអស់ ​ត្រូវ​ពន្លឿន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​ជូន​ប្រជា​ពលរដ្ឋឱ្យ​បាន​រហ័ស ​ដោយ​លោក​ក៏បាន​ព្រមាន​ចំពោះ​ភាពយឺតយ៉ាវ​ ក្នុង​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ចំពោះ​ខេត្ត​មួយចំនួន​ផង​ដែរ។

តាម​រយៈ​សារ​សំឡេង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នាយប់​ថ្ងៃទី ២៥ ​ខែសីហា ​លោក​បានចេញ​បទបញ្ជា​ទៅ​ដល់​អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ​ត្រូវ​ធ្វើកិច្ចការ​ដែល​ជាអាទិភាព​ទី១ ​គឺ​ការប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ​ដែល​អភិបាល​រាជ​ធានី​-ខេត្ត​ទាំងអស់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​រាជ​រដ្ឋាភិបាល។

លោក​បញ្ជាក់ថា​៖ «អភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ​ត្រូវតែ​ទទួល​ខុសត្រូវ​ ចំពោះ​មុខ​រាជ​រដ្ឋាភិបាល ​លើ​បញ្ហា​ការចាក់​វ៉ាក់​សាំង ​ដែលជា​គោល​នយោបាយ​អាទិភាព​ធំ​បំផុត​របស់​យើង​នៅ​ពេល​នេះ។ ខ្ញុំ​សូម​បញ្ជាក់ថា ​ហាម​ដាច់ខាត​មិនឱ្យ​មាន​វ៉ាក់​សាំង​ដេក​នៅក្នុង​ឃ្លាំង​ក្នុង​ពេល​ដែល​ប្រជាជន​ខ្វះ​វ៉ាក់​សាំង​ចាក់​នោះ​ទេ»។

លោក​ ហ៊ុន សែន ​ថ្លែងថា ​លោក​បាន​រកឃើញ​មូលហេតុ​នៃ​ភាព​យឺតយ៉ាវ​នៅ​កន្លែង​មួយចំនួន​ ដែល​បណ្តាល​មកពី​ការផ្គត់​ផ្គង់​វ៉ាក់​សាំង។ ពី​មុន​មាន​ការខ្វះខាត​វ៉ាក់សាំង ​ប៉ុន្តែ​ពេលនេះ ​វ៉ាក់សាំង​មាន​គ្រប់គ្រាន់ ​ដែល​ត្រូវតែ​ជំរុញ​វ៉ាក់សំាង​ឱ្យ​ទៅដល់​គោល​ដៅ។

លោក​សង្ក់តធ្ងន់ថា​៖ «អភិបាល​រាជធានី​-ខេត្ត ​ត្រូវតែ​ធ្វើ​ជាមេបញ្ជាការ​ក្នុង​ការគ្រប់គ្រង​ការចាក់​វ៉ាក់​សាំង។ ត្រូវតែ​ពិនិត្យ​មើល​ឱ្យ​បានច្បាស់​ថា ​តើ ​វា​មាន​គ្រប់គ្រាន់​ដែរ​ឬទេ ​ហើយ​ត្រូវ​ធ្វើ​សំណើ​សុំ​វ៉ាក់សំាង​មក​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សំាង​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស»។

ជាមួយ​គ្នានេះ ​លោក​ ហ៊ុន សែន ​ក៏បាន​បញ្ជា​ទៅ​កាន់​មេទ័ព​អាកាស​ត្រៀម​ឧទ្ធម្ភាគចក្រ ​ដើម្បី​ដឹក​វ៉ាក់​សាំង​ទៅកាន់​បណ្ដា​ខេត្ដ​នានា​ដែល​នៅ​ឆ្ងាយ​ផដែរ៕