ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅដល់​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​ទាក់ទង​នឹង​ភាពយឺតយ៉ាវ​ក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទៅដល់​ពលរដ្ឋ ដោយ​លោក​បាន​បញ្ជា​ដាច់អហង្ការ​ឱ្យ​ពន្លឿន​ការចាក់​វ៉ាក់សាំង និង​ត្រូវយក​ការងារ​នេះ​ជា​អាទិភាព​ទី​១ ដែល​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​រាជរដ្ឋាភិបាល​។

លោក​បាន​ព្រមាន​ដូចនេះ តាមរយៈ​សារ​សំឡេង ដែល​លោក​បាន​ថ្លែង​ទៅកាន់​អភិបាល​រាជធានី-ខេត្ត​ កាលពី​យប់​ថ្ងៃទី​ ២៥ ខែសីហា ដោយ​លោក​បានបញ្ជាក់​ពី​ការរកឃើញ​នូវ​ចំណុច​មួយចំនួន ដែល​ចាំបាច់​ត្រូវតែ​កែសម្រួល​ជាបន្ទាន់ ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សុំ​ដាក់ចេញ​នូវ​បទបញ្ជា​ឱ្យ​អភិបាល​​រាជធានី-ខេត្ត​ទាំងអស់ ត្រូវយក​កិច្ចការ​ដែលជា​អាទិភាព​ទី​១ ត្រូវតែ​ជា​កិច្ចការ​ប្រឆាំង​នឹង​កូវីដ​ ១៩ ក្នុង​ការប្រយុទ្ធ​នឹង​កូវីដ​នេះ​គឺ​អាទិភាព​ទី​ ១ ​ត្រូវតែ​ទទួលខុស​ត្រូវ​ចំពោះមុខ​រាជរដ្ឋាភិបាល​លើ​បញ្ហា​ការចាក់​វ៉ាក់សាំង​ដែលជា​គោលនយោបាយ​អាទិភាព​ធំ​បំផុត​របស់​យើង​នៅពេលនេះ​»​។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ហាម​ដាច់ខាត​មិនត្រូវ​ឱ្យមាន​វ៉ាក់សាំង​ដេក​នៅក្នុង​ឃ្លាំង ខណៈ​ដែល​ប្រជាជន​ខ្វះ​វ៉ាក់សាំង​ចាក់​នោះទេ ដោយ​លោក​បាន​រកឃើញ​នូវ​មូលហេតុ​​ដែលនាំឱ្យ​មាន​ភាពយឺតយ៉ាវ​នៅ​​កន្លែង​មួយចំនួន​ដែល​បណ្តាល​មកពី​ការផ្គត់ផ្គង់​វ៉ាក់សាំង​។

លោក​បាន​ថ្លែងថា​៖ «​យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ ដែល​ត្រូវតែ​ជំរុញ​វ៉ាក់សាំង​នេះ​ឱ្យ​ទៅ​ដល់​គោលដៅ​។ បទបញ្ជា​របស់ខ្ញុំ​បញ្ជាក់​ទៅកាន់​អភិបាល​រាជធានី​ខេត្ត​ត្រូវតែ​ធ្វើជា​មេបញ្ជាការ​ក្នុង​ការចាក់​វ៉ាក់សាំង​ ដោយ​ត្រូវតែ​ពិនិត្យមើល​ឱ្យបាន​ច្បាស់​ថា​តើ​វ៉ាក់សាំង​មាន​គ្រប់គ្រាន់​ដែរ​​ឬ​ទេ​ និង​ត្រូវ​ធ្វើសំណើ​ក្នុងករណី​​វ៉ាក់សាំង​មិន​គ្រប់គ្រាន់​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ត្រូវបញ្ជូន​វ៉ាក់សាំង​ទៅតាម​បណ្តា​ខេត្ត ហើយ​ខេត្ត​នីមួយៗ ត្រូវ​រៀបចំ​កន្លែង​សម្រាប់​រក្សាទុក​វ៉ាក់សាំង​ដោយ​ខ្លួនឯង​ឱ្យបាន​ល្អ​។ សម្រាប់​ខេត្ត​នៅ​ឆ្ងាយ​ដែល​ពិបាក​ដឹកជញ្ជូន​វ៉ាក់សាំង​តាម​រថយន្ត លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឱ្យ​ក្រសួង​ការពារ​ជាតិ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​ទ័ពអាកាស​ត្រូវតែ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ ដើម្បី​ដឹក​វ៉ាក់សាំង​ទៅកាន់​បណ្ដា​ខេត្ត​ទាំងនោះ​។

លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​បញ្ជា​ដាច់​ណាត់​ថា មិនឱ្យ​ផែនការ​ចាក់​វ៉ាក់សាំង​នេះ​ក្លាយទៅជា​បញ្ហា​រយីករយាក​ទេ​។ វ៉ាក់សាំង​មាន​នៅក្នុង​ឃ្លាំង ខណៈពេល​ដែល​នៅតាម​បណ្តា​ស្រុក ឃុំ ពុំមាន​វ៉ាក់សាំង​ចាក់​នោះ​​ឡើយ​។ ខ្ញុំ​មិន​អនុញ្ញាត​ឱ្យមាន​របៀបនេះ​កើតឡើង​ឡើយ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​អភិបាល​រាជធានី​ខេត្ត​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះមុខ​លោកនាយក​រដ្ឋមន្ត្រី​ ចំពោះ​រាជរដ្ឋាភិបាល​ ​ចំពោះ​ជោគជ័យ ឬ​បរាជ័យ​នៃ​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ​»​។

ខេត្ត​មួយចំនួន​ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​សង្កេតឃើញ​​មាន​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ រួមមាន ខេត្ត​ត្បូងឃ្មុំ កំពង់ឆ្នាំង ពោធិ៍សាត់ និង​កំពង់ស្ពឺ ហើយ​មាន​ខេត្ត​មួយចំនួនទៀត​ដែល​មិនទាន់​​បាន​ចាក់​អស់​។ ​ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏បាន​សរសើរ​ចំពោះ​ខេត្តរតនគិរី​ដែល​បាន​ចាក់​វ៉ាក់សាំង​ទៅដល់​ពលរដ្ឋ​លើស​ពី​ចំនួន​ពលរដ្ឋ​ក្នុង​ខេត្ត​របស់ខ្លួន​។

លោក ហ៊ុន សែន បាន​​ថ្លែង​ទៀតថា​៖ «​យើង​ធ្លាប់បាន​រកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ទី​ ៦ ​លាន ៧​ ​លាន និង​ ៨ ​លាន​ក្នុង​ល្បឿន​លឿន ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ នៅពេល​ដែល​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ បែរជា​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​របស់​យើង​មាន​ការថយចុះ​យ៉ាងខ្លាំង​»​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ក៏បាន​រំឭក​ដល់​គ្រប់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​សម្រេច​កិច្ចការងារ​នេះ​ដោយ​ការទទួល​ខុសត្រូវ ហើយ​ពិនិត្យ​​មើល​ការងារ​ណា​ដែល​មិនសូវ​សំខាន់​ទុក​មួយ​ឡែក​សិន ដោយ​យក​កិច្ចការ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩ ជា​កិច្ចការ​អាទិភាព​ស្លាប់​រស់​របស់​ប្រទេសជាតិ និង​ត្រូវ​ធ្វើ​របាយការណ៍​បញ្ជូន​មក​​កាន់​ប្រព័ន្ធ​ WhatsApp របស់​​លោក​ជា​រៀងរាល់ថ្ងៃ​។

លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​មានជំនឿថា វ៉ាក់សាំង​របស់​យើង​មិន​ខ្វះ​ទេ ប៉ុន្តែ​អ្វី​ដែលជា​កង្វះ​គឺ​ការទទួល​ខុសត្រូវ​របស់​ខេត្ត-រាជធានី​មួយផ្នែក និង​ ១ ​ផ្នែក​ទៀត​គឺ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​ដែល​ខ្វះ​ការទទួល​ខុសត្រូវ​ជំរុញ​ចលនា​នៃ​ការចាក់​វ៉ាក់សាំង​»​។

លោក ហ៊ុន សែន ថា​នឹង​​តាមដាន​មើល​លើ​ករណី​នេះ​រហូត​ដល់​ទីបញ្ចប់ ដោយ​លោក​មិន​ព្រម​ចុះចាញ់​លើ​សមរភូមិ​ដ៏ខ្ជីខ្ជា​បែបនេះ​ឡើយ ដែល​ទុកឱ្យ​នាយទាហាន ពលទាហាន​ខ្វះ​គ្រាប់​គឺ​វ៉ាក់សាំង​ក្នុង​​ការប្រយុទ្ធ​នឹង​កូវីដ​ ១៩ ​នេះ​។

ទាក់ទង​នឹង​ដំណើរការ​ចាក់វ៉ាក់សាំង​នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ខែសីហា ថា មកទល់​ពេលនេះ ពលរដ្ឋ​ក្នុង​ខេត្ត​របស់​លោក​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​បាន​ប្រមាណ​ជាង​ ៥០ ​ភាគរយ​ប៉ុណ្ណោះ ដោយសារ​ក្នុង​ខេត្ត​លោក​មាន​ការឆ្លង​រាលដាល​ពី​មេរោគ​កូវីដ​ ១៩ ​នេះ យឺត​ជាង​ខេត្ត​ផ្សេងៗ​មួយចំនួន​។

លោក​បាន​ប្រាប់ថា​៖ «​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​គឺ​ផ្តល់​វ៉ាក់សាំង​ទៅដល់​រាជធានី​ខេត្ត​ដែលមាន​ការរីករាលដាល​ខ្លាំង​ពី​ជំងឺ​កូវីដ​ ១៩ ហើយ​​ខេត្ត​ត្បូងឃ្មុំ​មាន​ឆ្លង​មេរោគ​នេះ​ក្នុង​ក្រុង​សួង​នៅ​ចុងខែ​មិថុនា​។ ដូចនេះ​យើង​ទើបតែ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​អំឡុង​ចុងខែ​មិថុនា​មកនេះ​»​។

លោក ច័ន្ទសោភ័ណ បានឱ្យ​ដឹងថា ខេត្ត​លោក​ទទួលបាន​វ៉ាក់សាំង​កូវីដ​ ១៩ យឺត​ជាង​ខេត្ត​ដទៃ​មួយចំនួន​ពី​ ២ ​ទៅ​ ២ ​ខែ​​កន្លះ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​ខិតខំ​ពន្លឿន​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ និង​បាន​ផ្សព្វផ្សាយ​ពី​ការចាក់​វ៉ាក់សាំង​នេះ​។

បើតាម​លោក ជាម ច័ន្ទសោភ័ណ មកទល់​ពេល​នេះ​មាន​ប្រជាជន​ចំនួន​ជាង​ ៦០ ​ម៉ឺន​នាក់​​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើង បាន​ទទួល​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ ហើយ​នៅសល់​ប្រមាណ​ជិត​ ៣ ​សែន​នាក់​ទៀត​ដែល​កំពុង​បន្ត​ចាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​នឹង​ខិតខំ​ធ្វើ​ការងារ​នេះ​ក្នុង​ការចាក់​វ៉ាក់សាំង​ទៅដល់​បងប្អូន​យើង​ដែល​មិនទាន់បាន​ចាក់ ដែល​ ១ ​ថ្ងៃ យើង​ចាក់​ឱ្យបាន​ពី​ ១ ​ម៉ឺន ទៅ​ជាង​ ១ ​ម៉ឺន​នាក់​នៅ​ទូទាំង​ខេត្ត ដែល​យើង​មាន​ ៦០ ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​ក្នុងស្រុក​ ៥ ​ទៀត ខណៈ​ដែល​នៅតាម​ក្រុង​ស្រុក​ខ្លះ យើង​បាន​​បញ្ចប់​ការចាក់​ទាំង​ដូស​ទី​ ១ ​និង​ដូស​ទី​ ២ ​រួចហើយ​»​។

លោក ជាម ច័ន្ទសោភ័ណ ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ហើយ​ខេត្ត​មិន​មាន​ការខ្វះខាត​វ៉ាក់សាំង​ឡើយ ដោយសារ​ថ្នាក់ជាតិ​បានផ្តល់​តាម​តម្រូវការ​ខេត្ត​ត្រូវការ ហើយ​រដ្ឋបាល​​ខេត្ត​ក៏​មិនបាន​ទុក​វ៉ាក់សាំង​នៅក្នុង​ឃ្លាំង​ផងដែរ គឺ​បញ្ជូន​ទៅ​តាម​បណ្តា​ស្រុក​ដែល​កំពុង​ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​​ឱ្យដឹងថា គិត​ត្រឹម​យប់​ថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ​ ២០២១ ពលរដ្ឋ​ជាង​ ៨,៨ ​លាន​នាក់​ ឬ​ស្មើនឹង​ ៨៨,៣៥% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង ហើយ​សម្រាប់​ក្រុមមនុស្ស​ដែលមាន​អាយុ​ពី​ ១២ ​ឆ្នាំទៅ​ក្រោម​ ១៨ ​ឆ្នាំ ចំនួន​ជាង​ ១ ​លាន​នាក់​ ឬ​ស្មើ ៦២,៨៧% ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​បាន​ចាក់​រួចរាល់​នៅ​ទូទាំង​ប្រទេស​៕

វីដេអូ៖