កណ្តាលៈ អភិបាល​ខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បាន​បន្ត​ដាក់​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មាន​ហានិភ័យខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស ជា​លក្ខណៈ​ឯកជន នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល រយៈពេល ១៤ថ្ងៃទៀត។

យោងតាម​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី ២៦ ខែសីហា បាន​ឱ្យ​ដឹងថា ការ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ នឹង​ចាប់អនុវត្ត​ពី​ថ្ងៃទី ២៧ ខែសីហា ដល់​ថ្ងៃទី ៩ ខែកញ្ញា ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta)។

លោក គង់ សោភ័ណ្ឌ បាន​លើកឡើង​ថា អាជីវកម្ម​ក្លិបកម្សាន្ត​គ្រប់​ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និង​សួនកម្សាន្ត​នានា អាជីវកម្ម​ម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ ហាងលក់ និង​សេព​គ្រឿងស្រវឹង​គ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌល​កីឡា​គ្រប់ប្រភេទ ត្រូវបាន​ផ្អាក​ជា​បណ្តោះ​អាសន្ន។

លោក​បាន​បញ្ជាក់ថា ៖ «ក្រៅពី​សកម្មភាព​ការងារ មុខរបរ ទាំងនេះ រដ្ឋបាល​ខេត្តកណ្តាល នឹង​ពិនិត្យ​សម្រេច​ផ្អាកសកម្មភាព​ផ្សេងៗទៀត ទៅតាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្តែង ដោយ​អនុលោម​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»។

ក្នុង​អំឡុងពេល​នៃ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្នការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស ជាលក្ខណៈ​ឯកជ​នដែលមាន​មនុស្ស​ចូលរួម​លើសពី ១០នាក់ លើក​លែង​តែ​ចំពោះ​ករណី​ចាំបាច់ និង​មាន​ការ​អនុញ្ញាតពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប៉ុណ្ណោះ៕