ភ្នំពេញៈ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ចាត់​អនុព័ន្ធ​ពាណិជ្ជកម្ម អម​ស្ថានទូត​ចុះ​ជួប​ណែនាំ ដល់​ទីតាំង​ក្រុមហ៊ុន​នាំចូល​គុយទាវ​ក្រៀម​កញ្ចប់ ដែល​ដាក់​ស្លាក​សញ្ញា​ផលិតផល​គុយទាវ​ភ្នំពេញ និង​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​នៅលើ​កញ្ចប់​គុយទាវ ដែល​កំពុង​ដាក់លក់​នៅ​សហរដ្ឋអាមេរិក ដោយ​គ្មាន​ការអនុញ្ញាត​។

យោងតាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៦ សីហា ថា​ថ្មីៗ​នេះ​ស្ថានទូត​បាន​រកឃើញ​ករណី​ចែកចាយ​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​នូវ​ផលិតផល​គុយទាវ​ក្រៀម​កញ្ចប់ ដែល​មិនមែន​ជា​ផលិតផល​របស់​កម្ពុជា ហើយ​នៅលើ​សម្បក​វេចខ្ចប់​មាន​ប្រើ​ប្រាស់​ស្លាក​សញ្ញា «​ផលិតផល​គុយទាវ​ភ្នំពេញ​» និង «​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​» កំពុង​ត្រូវបាន​ដាក់លក់​នៅតាម​បណ្តា​ផ្សារ​អាស៊ី​ក្នុង​តំបន់ឆ្នេរ​ខាងកើត​សហរដ្ឋអាមេរិក (East Coast)​។

ស្ថានទូត​បាន​បន្តថា ការប្រើប្រាស់​ពាក្យ​ និង​ម៉ាក​នេះ​ដោយ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​បាន​រំលោភបំពាន​លើ​បទប្បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ ជាពិសេស​ការប្រើប្រាស់​ម៉ាក គុយទាវ​ភ្នំពេញ បាន​ធ្វើឱ្យ​អ្នកប្រើប្រាស់​ទូទៅ​មាន​ការភាន់ច្រឡំ​អំពី​ប្រភពដើម​នៃ​ផលិតផល​គុយទាវ​កញ្ចប់​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា៖ «​ស្ថានទូត​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​ចាត់​អនុព័ន្ធពាណិជ្ជកម្ម​អម​ស្ថានទូត​ចុះ​ជួប​ណែនាំ ដល់​ក្រុមហ៊ុន​ដែល​នាំចូល​ផលិតផល​ទាំងនោះ​ដល់ទី​តាំង​ក្រុមហ៊ុន ព្រមទាំង​បានចេញ​លិខិត​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ក្រុមហ៊ុន​ទាំងនោះ​ឱ្យ​បញ្ឈប់​ធ្វើការ​នាំចូល​ ឬ​ដាក់​លក់​នូវ​ផលិតផល​បែបនេះ​បន្តទៀត ហើយ​ស្ថានទូត​នឹងដាក់​ចេញ​នូវ​វិធានការ​បន្ត​ក្នុង​ករណី​ក្រុមហ៊ុន​មិន​ព្រម​អនុវត្តតាម​សេចក្តី​ជូនដំណឹង​»​។

ទន្ទឹមនឹង​នេះដែរ ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​ខ្មែរ ដែល​កំពុងស្នាក់នៅ​សហរដ្ឋអាមេរិក ឈប់​ជាវ​យក​មក​ប្រើប្រាស់​នូវ​ផលិតផល​ក្លែងបន្លំ​នេះ​។

ស្ថានទូត​ក៏បាន​ស្នើឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ជូនដំណឹង​មក​ស្ថានទូត​តាមរយៈ​គេហទំព័រ Facebook ស្ថានទូត​ក្នុងករណី​បានឃើញ ឬ​ជួបប្រទះ​នូវ​ផលិតផល​ណា​ដែលមាន​ប្រើប្រាស់​រូបសញ្ញា​ដែលជា​អត្តសញ្ញាណ​ជាតិ​នៃ​កម្ពុជា នៅតាម​បណ្តា​ទីផ្សារ​នានា​ក្នុង​សហរដ្ឋអាមេរិក ដើម្បី​ស្ថានទូត​អាច​រៀបចំ​នីតិវិធី​តវ៉ា​តាមផ្លូវ​ច្បាប់ សំដៅ​បញ្ឈប់​ការ​ដាក់លក់​ផលិតផល​ក្លែងបន្លំ​នេះ​បាន​ទាន់ពេលវេលា​៕

វីដេអូ៖