ភ្នំពេញៈ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ចំពោះ​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ប្រសិនបើ​ទុកដាក់​សំរាម មិនបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​អាជ្ញាធរ​នាពេល​កន្លងមក​។

លោក កើត ឆែ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា មាន​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​ភាគច្រើន​បាន​អនុវត្ត​ត្រឹមត្រូវ និង​បាន​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាក់ទង​នឹង​ការទុកដាក់​សំរាម​នេះ ប៉ុន្តែ​មាន​អ្នកជំងឺ​តិចតួច ដែល​មិនបាន​អនុវត្ត​បាន​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​បាន​ធ្វើការ​អប់រំ ណែនាំ​ដល់​ពួកគាត់​ផងដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ការអនុវត្ត​មិន​ត្រឹមត្រូវ​ពី​អ្នកជំងឺ​កូវីដ​ ១៩ ដែល​កំពុង​សម្រាក​ព្យាបាល​តាម​ផ្ទះ ពី​ការទុកដាក់​សំរាម​នេះ បាន​រាយការណ៍​ទៅ​អាជ្ញាធរ ហើយ​អាជ្ញាធរ​របស់​យើង ដែល​មាន​ប្រធានភូមិ សង្កាត់ និង​ប៉ូលិស​ប៉ុស្តិ៍ ក៏​បាន​ចុះទៅ​ធ្វើការ​ណែនាំ​ផងដែរ​»​។

លោក កើត ឆែ បាន​បន្តថា អភិបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជ្រើសរើស​យក​វិធានការ​អប់រំ ណែនាំ​ទៅដល់​អ្នក​ដែល​ធ្វើ​មិន​ត្រឹមត្រូវ​នេះ ច្រើន​ជាង​ចាត់វិធានការ​ច្បាប់ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​មិនមាន​ការរាងចាល និង​បន្ត​ធ្វើ​ខុស​ដដែលៗ នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​តាមច្បាប់​ចំពោះ​ពួកគាត់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ពី​ការទុកដាក់​សំរាម​របស់​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល ដែល​សម្រាក​ព្យាបាល ថែទាំ​នៅផ្ទះ ដោយ​ត្រូវ​ទុកដាក់​សំរាម​នៅក្នុង​ស្បោង​ឱ្យ​បាន​ត្រឹមត្រូវ និង​ដាច់ដោយឡែក​ពី​សំរាម​របស់​អ្នក​ផ្សេងទៀត​។

ការណែនាំ​នេះ​បាន​បញ្ជាក់​ទៀតថា ត្រូវ​ធ្វើការ​បាញ់​ថ្នាំ ឬ​អាល់កុល សម្លាប់​មេរោគ​កូវីដ​ ១៩ នៅលើ​សំរាម​ទាំង​ខាងក្នុង​ និង​ខាងក្រៅ​ស្បោង ហើយ​ទុកដាក់​សំរាម​ដាច់ដោយឡែក​ចាប់ពី​ ៧២ ​ម៉ោង ទើប​អាច​បញ្ចេញ​មក​ខាងក្រៅ​បាន ហើយ​ត្រូវដាក់​សំរាម​នៅក្នុង​ស្បោង​ពណ៌​លឿង ឬ​សរសេរ​ស្លាក​សញ្ញា​បញ្ជាក់​នៅលើ​ស្បោង​ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​៕

វីដេអូ៖