កំពង់ចាមៈ អាជ្ញាធរខេត្ត​កំពង់ចាម​កំពុង​ធ្វើការ​ពិនិត្យ និង​សិក្សា​ទីលាន​សម្រាប់​ចាក់សំរាម​ថ្មី សម្រាប់​បំពេញ​តម្រូវការ​ផ្ទុក​សំរាម ដែលមាន​ការកើនឡើង​នាពេលខាងមុខ តាមរយៈ​ការពិនិត្យ និង​ចុះ​សិក្សា​របស់​មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន​។

អាជ្ញាធរខេត្ត​បាន​ជ្រើសរើស​ទីលាន​សម្រាប់​ចាក់សំរាម​ចំនួន ២ ​គោលដៅ ដែល​គោលដៅ​ទី​ ១ ស្ថិតនៅក្នុង​ស្រុក​កងមាស និង​គោលដៅ​ទី​ ២ ស្ថិត​ក្នុងស្រុក​កំពង់សៀម​។

ក្នុងពេល​ចុះ​ពិនិត្យ​ទីលាន​ចាក់សំរាម ១ ​កន្លែង ក្នុងភូមិ​កោះរកា​ក្នុង​ឃុំ​កោះ​រកា​ ស្រុក​កំពង់សៀម សម្រាប់​ធ្វើជា​ទីកន្លែង​ចាក់សំរាម​ក្នុង​ក្របខ័ណ្ឌ​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ទី​ ២៥ ខែសីហា លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​បាន​លើកឡើង​ថា ដោយសារ​កំណើន​សេដ្ឋកិច្ច និង​កត្តា​រីកចម្រើន​ផ្នែក​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក្នុង​ការប្រើប្រាស់​ប្រចាំថ្ងៃ​ទើប​មាន​ការកើនឡើង​នៃ​ចំនួន​សំរាម​។

ពិសេស​ការរៀបចំ​អនាម័យ​បរិស្ថាន និង​ការចោល​កាកសំណល់​ប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​តម្រូវឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ និង​សិក្សា​ពី​លទ្ធភាព​នៃ​ការពង្រីក​ទីលាន​ចាក់សំរាម​ចាស់​ដែល​ខេត្ត​មាន​សម្រាប់​បំពេញ​តម្រូវការ​នាពេល​ខាងមុខ​ដ៏ខ្លី​នេះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ផ្អែក​តាម​កំណើន​នៃ​ប្រជាពលរដ្ឋ និង​ការប្រើប្រាស់​សំរាម​ក៏មាន​ការកើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​កត្តា​ទាំងនេះ​ហើយ​តម្រូវឱ្យ​អាជ្ញាធរខេត្ត សម្រេចចិត្ត​រក​ទីតាំង​ថ្មី​បន្ថែមទៀត ដើម្បី​គ្រប់គ្រង​សំរាម​ប្រកប​ទៅ​ដោយ​ស្តង់ដា និង​ជំនួស​ឱ្យ​ទីលាន​ចាក់សំរាម​ចាស់ ដែល​បាន​ពោរពេញ​ទៅ​ដោយ​សំរាម និង​កាកសំណល់​ផ្សេងៗ​»​។

គោលដៅ​ទីតាំង​ ២ ​កន្លែង ដែល​អាជ្ញាធរ​បាន​ជ្រើសរើស​នោះ អាជ្ញាធរ​មើលឃើញ​ថា មានតែ​ដី​នៅ​ចំណុច​ដី​ទួល​ស្ថិត​ក្នុង​ឃុំ​កោះរកា ស្រុក​កំពង់សៀម គ្រប់គ្រង​ដោយ​រដ្ឋ​មាន​ទំហំ​ប្រមាណ​ជាង ១០ ​ហិកតា ដែល​ទំហំ​នេះ​ត្រូវ​ជាមួយ​ស្តង់ដា​របស់​ក្រសួងបរិស្ថាន​។

ផ្អែក​តាម​ការសិក្សា​ជាក់ស្ដែង ទីតាំង​នេះ​មាន​លក្ខណៈ​គ្រប់គ្រាន់ សម្រាប់​ធ្វើជា​ទីលាន​ចាក់សំរាម​ស្តង់ដា​ក្នុង​ក្របខ័ណ្ឌ​ខេត្តកំពង់ចាម​។

លោក អ៊ុន ចាន់ដា បាន​បន្ថែមថា ទីតាំង​នេះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ដែល​មិន​ធ្វើឱ្យ​រង​ផលប៉ះពាល់​បរិស្ថាន​នោះ​ឡើយ​។

បច្ចុប្បន្ន ខេត្តកំពង់ចាម​មិនទាន់​មាន​ទីលាន​សម្រាប់​ចាក់សំរាម​ទៅតាម​ស្តង់ដា​នោះ​ទេ ដោយ​ខេត្ត​នៅ​ប្រើប្រាស់​ទីលាន​ចាស់​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ស្ថិត​ក្នុង​ឃុំ​បូសខ្នុរ ស្រុក​ចំការលើ​៕