ក្រុមគ្រូពេទ្យ​បាន​ធ្វើ​តេស្ត​រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ចំនួន​ ៣ ​នាក់ ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ២០០ ​នាក់ នៅក្នុង​បន្ទាប់​ជួល ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំងថ្លឹង​ ៣ សង្កាត់​ចោមចៅ​ ១ ខណ្ឌ​ពោធិ៍សែនជ័យ នា​ថ្ងៃទី​ ២៧ ខែសីហា​។

យោងតាម​ការប្រកាស​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ បាន​ឱ្យដឹងពី​ការរកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ បំប្លែង​ថ្មី​នេះ និង​បាន​អំពាវនាវ​ឱ្យ​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈពេល ២១ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ​។

ជាមួយ​គ្នា​នេះដែរ ក្រុមគ្រូពេទ្យ​ក៏បាន​យក​សំណាក​លើក​ទី​៣ ​ទៅដល់​ប្រជាពលរដ្ឋ​ចំនួន ១១៩ ​នាក់​ ដែល​រស់នៅ​ម្តុំ​​ផ្សារ​ឌុយមិច ក្នុង​ខណ្ឌ​៧មករា ដែល​មាន​ការពាក់ព័ន្ធ​ជាមួយនឹង​ករណី​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​។

បើតាម​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ បានឱ្យដឹងថា ជា​លទ្ធផល ប្រជាពលរដ្ឋ​ទាំង​ជាង​ ១០០ ​នាក់​នោះ អវិជ្ជមាន​ទាំងអស់​។

អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ ក៏បាន​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនទាន់បាន​យក​សំណាក​ត្រូវ​ទៅយក​សំណាក​នៅ​ទីតាំង​ដែល​ជិត​កន្លែង​ដែល​ពួកគាត់​រស់នៅ​ជិត​បំផុត​។

គួរ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី ៣១ ខែមីនា ដល់​ថ្ងៃទី​ ២៦ សីហា វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​នេះ​បាន​ឆ្លង​រាលដាល​ដល់​ ២៣ ​រាជធានី​-ខេត្ត​ហើយ ដោយ​ក្នុងនោះ​សម្រាប់​រាជធានី​ភ្នំពេញ​បាន​រកឃើញ​សរុប​រហូតដល់ ៤៥០ ​ករណី​ផងដែរ ក្នុង​ចំណោម​ករណី​សរុប​ទាំងអស់​ជាង​ ១ ៥០០ ​ករណី​៕