ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​បាន​ញឹក​ញាប់ ដើម្បី​ឱ្យប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន របស់​ខ្លួន បាន​ដឹង​ពី​ការ​ចាក់​វ៉ាក់សាំង និង​ទីតាំង​ចាក់​វ៉ាក់​សាំង​សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​កូវីដ១៩។

ក្នុង​ពេល​ចុះ​ផ្តល់​ថវិកា​និង​សម្ភារ​ឧបភោគ​បរិភោគ​មួយ​ចំនួន ដល់​មនុស្ស​ចាស់​អាយុ​ពី ១០០ ឆ្នាំ​ឡើង នៅ​ក្នុង​ខេត្ត ប៉ៃលិន នៅ​ថ្ងៃ​ទី ២៧ ខែ​សីហា លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ ក្នុងក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ថ្លែង​ថា ក្រសួង​សុខាភិបាល បាន​ប្រកាស​រួច​ហើយ ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង សម្រាប់​អ្នក​ដែល​មិន​ទាន់​បានចាក់​សោះ នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ចាត់​ចែង​ឱ្យ​មាន​ទីតាំង​សម្រាប់​អ្នក​មិន​ទាន់​បាន​ចាក់​នេះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «តាម​បណ្តា​រាជធានី​ខេត្ត អាច​ប្រើប្រាស់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ របស់​យើង សម្រាប់​ចាក់​វ៉ាក់សាំងនេះ​បាន ដោយសារ​តាម​មូលដ្ឋាន​សុខាភិបាល​ទាំង​នោះ មាន​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការ​ថ្នាក់​ជាតិ​ស្រាប់ ដែល​ពួកគាត់​មាន​សម្ភារ​បរិក្ខារ​និង​ក្រុម​គ្រូពេទ្យ​ស្រាប់ ដែល​អាច​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់»។

លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់ទៀតថា ប្រសិន​បើ​នៅ​តាម​ភូមិ​ឃុំ​ដែល​មាន​ក្រុម​គ្រូពេទ្យ កំពុង​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​នេះ អ្នក​ដែលមិន​ទាន់​បាន​ចាក់​សោះ អាច​ទៅ​ទទួល​ការ​ចាក់​នៅ​ទីនោះ​បាន។

លោកស្រី​បាន​ថ្លែង​ថា៖ «សុំ​អភិបាល​ខេត្ត​ទាំងអស់ ត្រូវ​ចូល​រួម​ធ្វើ​កិច្ចការងារនេះ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត នូវ​ការ​ណែនាំ​របស់​សម្តេចនាយក​រដ្ឋ​មន្រ្តី និង​ធ្វើ​យ៉ាង​ណា ជំរុញ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ឱ្យ​កាន់​តែ​លឿន​ថែម​ទៀត»។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ពេល​នេះ មនុស្ស​វ័យ​ចាស់​ដែល​មាន​អាយុ​ពី ១០០ ឆ្នាំ​ឡើង មាន​ចំនួន ៨១ នាក់​ហើយ បាន​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​១៩៕

វីដេអូ៖