ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​អះអាង​ថា កម្ពុជា​នឹង​ឈានទៅ​បញ្ចប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទៅតាម​ផែនការ​នៃ​ប្រជាពលរដ្ឋ​ចំនួន​ ១០ ​លាន​នាក់ នាពេល​ឆាប់ៗ​ខាងមុខ​នៅ​ចុងឆ្នាំ​​នេះ ក្រោយពី​អ្នក​ចាក់​វ៉ាក់សាំង​ទី​ ៩ ​លាន​នាក់ ​ត្រូវបាន​រកឃើញ​កាលពី​យប់​ថ្ងៃទី ២៨ ខែសីហា ដែលជា​ស្ត្រី​វ័យ​ ៧៦ ​ឆ្នាំ នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។

ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់ ពង្រឹង​ការអនុវត្ត​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជុំ​ទី​ ១ ដោយ​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ឆាប់រហ័ស និង​អាច​ឈានទៅ​បិទ​បញ្ចប់​យុទ្ធនាការ​នេះ​នាពេល​ដ៏ខ្លី​ខាងមុខ​នេះ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គ.វ.ក-១៩) ​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៨ ខែសីហា​ថា ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​មាន​វឌ្ឍនភាព​ល្អ​។ មកដល់ពេលនេះ​នៅសល់តែ​ប្រមាណ​ ១ ​លាន​នាក់​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​សម្រេចបាន​តាម​ផែនការ​ដែល​បានដាក់​ចេញ​។

លោកស្រី​ថ្លែងថា​៖ «​វា​ជា​វឌ្ឍនភាព​ដ៏​ [​ល្អ​] នៃ​ដំណើរ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​មកដល់​ពេល​នេះ ហើយ​អ្នក​ទី​ ៩ ​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​ត្រូវបាន​រកឃើញ​។ នោះ​មានន័យថា យើង​នៅសល់តែ​ ១ ​លាន​នាក់​ទៀត​ទេ ដែល​យើង​នឹង​សម្រេចបាន​នូវ​គោលដៅ​ ១០ ​លាន​នាក់ សម្រាប់​អ្នក​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើងទៅ​»​។

ក្នុងឱកាស​នាំយក​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ផ្ដល់ជូន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទី​ ៩ ​លាន នៅ​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​ ២៩ ខែសីហា លោកស្រី​ ឱ វណ្ណឌីន ថ្លែងថា តាម​ការរំពឹង​របស់​លោកស្រី គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​គ្រប់​ចំនួន​ ១០ ​លាន​នាក់​អាច​នឹង​សម្រេច​បាន​មុន​ខែតុលា ដែល​រាជរដ្ឋាភិបាល​បានកំណត់​តាម​ផែនការ​ថា ត្រូវ​បញ្ចប់​នៅ​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា​។

លោកស្រី​ថ្លែងថា​៖ «​តាម​គោលដៅ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេចតេជោ​ [​ហ៊ុន សែន​] ក្រុម​អាយុ​ ១៨ ​ឆ្នាំ​ឡើង គឺ​ត្រូវ​ចាក់​ឱ្យបាន​ ១០ ​លាន​នាក់​។ ដូចនេះ យើង​រំពឹងទុក​ថា ការចាក់​វ៉ាក់សាំង​នេះ​នឹង​កាន់តែ​រំកិល​ទៅរក​ ១០ ​លាន​នាក់​ក្នុងពេល​ឆាប់​នេះ ដែល​តាម​ការរំពឹងទុក​របស់ខ្ញុំ គឺ​យើង​អាច​សម្រេចបាន​មុន​គោលដៅ គឺ​មុន​ខែតុលា​ទៅទៀត​»​។

លោកស្រី​ ឱ វណ្ណឌីន បន្ថែមថា ចំនួន​ ១០ ​លាន​នាក់​អាចនឹងទទួល​បាន​ក្នុង​ល្បាក់​ពី​ ៣ ទៅ ៤ ​សប្តាហ៍​ទៀត កម្ពុជា​នឹង​សម្រេចបាន​គ្រប់​ចំនួន​ដែល​បាន​កំណត់ ប្រសិនបើ​មាន​ការខិតខំ​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់​បំផុត​ពី​បណ្តា​រាជធានី​-​ខេត្ត​ទាំង​ ២៥​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ ១៩ ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ដែរ​ថា រាជរដ្ឋាភិបាល​បានដាក់​ចេញ និង​កំពុង​អនុវត្ត​យ៉ាងសកម្ម​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង កូវីដ​ ១៩ ដែល​ត្រូវបាន​ចាត់ទុកជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏សំខាន់​មួយ និង​ជា​ខ្សែក្រវាត់ ការពារ​ទី​ ១ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន និង​បង្កើត​ឱ្យបាន​នូវ​ភាពស៊ាំ​សហគមន៍​ទប់ទល់​នឹង​មេរោគ​កូវីដ​ ១៩​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មិនមែន​ជា​មន្ត្រី និង​កម្លាំង​ជួរមុខ ដោយ​កុំ​មាន​ការបារម្ភ​ពី​ការចាក់​ដូស​ទី​ ៣ ​សម្រាប់​ពលរដ្ឋ​ទូទៅ គឺ​រដ្ឋាភិបាល​នឹង​ផ្តល់​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ​ជូន​គ្រប់ៗ​គ្នា នៅពេល​វ៉ាក់សាំង​ចំនួន​ ៥ ​លានដូស​ដែល​នឹង​មកដល់​ក្នុង​ខែកញ្ញា ខាងមុខនេះ​។

លោក​ ហ៊ុន សែន លើកឡើង​ដូចនេះ​លើ​ហ្វេសប៊ុក​របស់​លោក​នាយប់​ថ្ងៃទី​ ២៨ សីហា ថា​៖ «​ការចាក់​ដូស​ទី​ ៣ ​លើក​នេះ គឺ​ចាក់​សម្រាប់​មន្ត្រី និង​កម្លាំង​ជួរមុខ​ដែល​ចំនួន​មានកំណត់​។ ដូចនេះ​ចាក់​ដូស​ទី​ ១ និង​ដូស​ទី​ ២ ​នៅ​កន្លែង​ណា ត្រូវ​ទៅ​ចាក់​ដូស​ទី​ ៣ ​នៅ​កន្លែង​នោះ​»​។

លោក​បន្ថែមថា​៖ «​តែ​ទោះ​យ៉ាងនេះ​ក្តី សុំ​កុំ​បារម្ភ ព្រោះ​យើង​នឹង​ចាក់​ដូស​ទី​ ៣ ​ជូន​គ្រប់ៗ​គ្នា​ដែល​នឹងមាន​ដល់​ជិត​ ១២ ​លាន​នាក់​។ វ៉ាក់សាំង​សម្រាប់​ចាក់​ដូស​ទី​ ៣ ​នឹង​មកដល់​ក្នុង​ខែកញ្ញា ២០២១ ចំនួន​ ៥ ​លានដូស សម្រាប់​ចាក់​ជូន​ប្រជាជន​ដូចពេលមុន​»​។

ទាក់ទង​នឹង​វ៉ាក់សាំង លោកស្រី ឱ វណ្ណឌីន លើកឡើង​ដែរ​ថា មកដល់ពេលនេះ វ៉ាក់សាំង​កូវីដ​ ១៩ ​ដែល​កម្ពុជា​ទទួលបាន​ទាំង​វ៉ាក់សាំង​ជា​ជំនួយ និង​ទាំង​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សរុប​មាន​ជាង​ ២៥ ​លាន​ដូស ហើយ​នៅ​ដើមខែ​កញ្ញា​នេះ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ២ ​លានដូស​បន្ថែមទៀត​នឹង​ដឹក​មកដល់​កម្ពុជា​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ២ ​លានដូស ដែល​គ្រោង​នឹង​មកដល់​នៅ​ចុងខែ​នេះ ត្រូវបាន​ពន្យារពេល​ដឹក​មក​នៅ​ដើមខែ​កញ្ញា​វិញ​។ ដូចនេះ សរុប​យើង​នឹង​ទទួលបាន​សរុប​ចំនួន​ជាង​ ២៧ ​លានដូស​។ វ៉ាក់សាំង​ដែល​យើង​មាន​ក្នុង​ដៃ​ជាង​ ២៥ ​លាន​ដូស គឺ​ភាគច្រើន យើង​បាន​បែងចែក​ទៅតាម​បណ្តា​រាជធានី​ខេត្ត ដោយ​យើង​បាន​រក្សាទុក​តែ​ចំនួន​តូច​ប៉ុណ្ណោះ​នៅក្នុង​ឃ្លាំង​ដើម្បី​សឺកួរ​ទុក​សម្រាប់​តម្រូវ​ការបន្ត​ទៀត​»​។

គិត​មកទល់​ពេលនេះ កម្ពុជា​សម្រេចបាន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើងទៅ បាន​ប្រមាណ​ ៨៩ ​ភាគរយ ធៀប​នឹង​គោលដៅ​ប្រមាណ​ ១២ ​លាន​នាក់​។

លើ​មូលដ្ឋាន​នៃ​វឌ្ឍនភាព​ដ៏ល្អប្រសើរ និង​ក្នុង​គោលបំណង​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ឆាប់រហ័ស និង​អាច​ឈានទៅ​បិទ​បញ្ចប់​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជុំ​ទី​ ១ នាពេល​ដ៏ខ្លី​ខាងមុខ លោក​ ហ៊ុន សែន បាន​ណែនាំ​ដល់ គ.វ.ក-១៩ អភិបាល​រាជធានី-ខេត្ត និង​យន្តការ​ដែលមាន​ការពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​ការអនុវត្ត​ការងារ​ចាក់​វ៉ាក់សាំង​នេះ​។

លោក​បញ្ជាក់ថា​៖ «​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ប្រមូលផ្តុំ​ការយកចិត្ត​ទុកដាក់ និង​ការខិតខំ​ប្រឹងប្រែង​លើ​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​ចាត់ទុកជា​ការងារ​ស្នូល​អាទិភាព​ខ្ពស់បំផុត​របស់ខ្លួន​។ ជាពិសេស​ត្រូវ​សម្រេច​ឱ្យបាន​ឆាប់រហ័ស​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅក្នុង​មូលដ្ឋាន​ក្រោម​សមត្ថកិច្ច​របស់ខ្លួន ដែលជា​ខ្សែក្រវាត់​ការពារ​ទី​ ១ និង​ជា​យុទ្ធសាស្ត្រ​គន្លឹះ​របស់​រាជរដ្ឋាភិបាល​ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​»​។

លោក​ក៏បាន​បញ្ជា​ឱ្យ​អភិបាល​រាជធានី-ខេត្ត​ត្រូវ​រាយការណ៍​ប្រចាំថ្ងៃ និង​ជាប់​ជាប្រចាំ​អំពី​វឌ្ឍនភាព​នៃ​ការគ្រប់គ្រង និង​ការអនុវត្ត​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដល់ គ.វ.ក-១៩ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការតាមដាន និង​ត្រួតពិនិត្យ​ការងារ​ចាក់វ៉ាក់សាំង​នេះ​។

លោក​ ហ៊ុន សែន បន្ថែមថា គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ត្រូវ​ពង្រឹង​យន្តការ​តាមដាន ត្រួតពិនិត្យ​ការងារ​នេះ​ប្រចាំថ្ងៃ​។ ត្រូវ​ពង្រឹង​យន្តការ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​ទាំង​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ឱ្យ​ត្រូវ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​នីមួយៗ និង​ត្រូវ​ធានា​ផ្គត់ផ្គង់​វ៉ាក់សាំង​ទាន់ពេលវេលា​ដោយ​មិន​ត្រូវឱ្យ​ខ្វះ​ឡើយ​ទៅដល់​បណ្តា​រាជធានី-ខេត្ត​ទាំងអស់​។

លោក​បញ្ជាក់ថា អភិបាល​រាជធានី-ខេត្ត​ត្រូវ​រៀបចំ​ធ្វើ​បច្ចុប្បន្នកម្ម​ឡើងវិញ​ឱ្យបាន​ច្បាស់លាស់ និង​ឆាប់រហ័ស​ពី​ចំនួន ប្រជាជន​នៅ​មូលដ្ឋាន និង​ប្រជាជន​ចំណាកស្រុក ដែល​អាច​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​មុននឹង​សម្រេច​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​មូលដ្ឋាន​នីមួយៗ និង​ចល័ត​ទៅកាន់​ទីកន្លែង​ផ្សេងទៀត ក្រុមការងារ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅតាម​មូលដ្ឋាន​នីមួយៗ ត្រូវធ្វើ​ការជូនដំណឹង​ជា​សាធារណៈ អំពី​ការត្រៀម​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សម្រេច​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ទីតាំង​មូលដ្ឋាន​នោះ​»​។

លោក​ប្រាប់​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​អភិបាល​រាជធានី-ខេត្ត​ត្រូវ​សហការគ្នា​កំណត់​អំពី​ទីតាំង​សម្រាប់​ការផ្តល់សេវា​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យបង្អែក​ក្រុង-ស្រុក-ខណ្ឌ ឬ​នៅតាម​មណ្ឌល​សុខភាព ដើម្បីឱ្យ​ប្រជាជន​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​អាច​ទៅ​ចាក់​បាន នៅតាម​ទីតាំង​កំណត់​នោះ​។

លោក​ ហ៊ុន សែន បន្ថែមថា​៖ «​គ.វ.ក-១៩​ ត្រូវ​ធ្វើការ​បូកសរុប និង​វាយតម្លៃ ដើម្បី​ស្នើសុំ​គោលការណ៍​សម្រេច​ពី​រាជរដ្ឋាភិបាល​ក្នុង​ការបិទ​បញ្ចប់​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជុំ​ទី​ ១ នៅ​ទូទាំងប្រទេស ដែលជា​មូលដ្ឋាន​ដ៏សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការអនុវត្ត​ផែនការ​នានា​ក្នុង​ជំហាន​បន្តបន្ទាប់​ទៀត​»​។

ដោយឡែក សម្រាប់​មនុស្ស​វ័យ​ពី​ ១០០ ​ឆ្នាំ​ឡើង ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ មាន​ចំនួន​ជិត​ ១០០ ​នាក់​ហើយ នៅក្នុង​រាជធានី-ខេត្ត​ចំនួន​ ២១​។ លើកលែងតែ​ខេត្ត​ចំនួន​ ៤ ​ប៉ុណ្ណោះ ដែល​មិនទាន់​ឃើញ​មាន​មនុស្ស​វ័យ​នេះ​ទទួល​ការចាក់​វ៉ាក់សាំង​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី​ ឱ វណ្ណឌីន​។

លោកស្រី​ឱ្យដឹងថា មនុស្ស​វ័យចាស់​ទាំងនោះ​មាន​អាយុ​ពី​ ១០០ ​ឆ្នាំ ដល់​ ១១៤ ​ឆ្នាំ ដែល​បាន​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំង​កូវីដ​ ១៩ សរុប​ចំនួន​ ៩៨ ​នាក់ ក្នុងនោះ​ខេត្តកំពង់ធំ​មាន​ច្រើនជាងគេ​រហូតដល់​ ១៦ ​នាក់​។ ខេត្ត​ដែល​មិនទាន់មាន​មនុស្ស​វ័យ​នេះ​ចាក់​វ៉ាក់សាំង គឺមាន​ខេត្ត​កែប ព្រះសីហនុ មណ្ឌលគិរី និង​ខេត្តបន្ទាយមានជ័យ​៕