អតិថិជន​របស់​ផ្សារ​ខេមបូឌាត្រេដ អាច​ប្រើប្រាស់​សេវាកម្ម​ទូទាត់​ប្រាក់​របស់​វីង​ជា​ផ្លូវការ​បាន​ហើយ

ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ធនាគារ​ វីង ​កាលពី​ថ្ងៃ​ចន្ទ ទី​ ៣០ ខែសីហា ក្នុង​គោលបំណង​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ធនាគារ​ វីង សម្រាប់​ទូទាត់​ប្រតិបត្តិការ​លើ​ផ្សារ​ខេមបូឌាត្រេដ (Cambodiatrade.com) របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​បង្ក​ភាពងាយស្រួល​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ជូន​ដល់​អតិថិជន និង​សហគ្រាស​ធុន-តូច និង​មធ្យម​កម្ពុជា និង​សហការ​ក្នុង​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ក្នុង​ការបង្កើន​សមត្ថភាព និង​ចំណេះដឹង​ហិរញ្ញវត្ថុ​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប​។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា​៖ «​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ពិសេស​មួយ​ក្នុង​ការឆ្ពោះ​ទៅមុខ​នៃ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ជាពិសេស ជាមួយ​ធនាគារ​ វីង ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​បង្កើន​ឱកាស​សេដ្ឋកិច្ច​តាមរយៈ​ការលក់​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា ទៅឱ្យ​អ្នកប្រើប្រាស់​ក្នុងស្រុក និង​ក្រៅប្រទេស​ ឬក៏​ដៃគូ​អាជីវកម្ម​ផ្សេងៗ មិន​ថា​លោកអ្នក​នៅទីណា​ក៏ដោយ លោកអ្នក​ក៏​អាច​ប្រើប្រាស់​ផលិតផល​ខ្មែរ​បានដែរ​»​។

ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ដំណើរការ​សាកល្បង​ផ្សារ​អេឡិចត្រូនិក​ខេមបូឌាត្រេដ សម្រាប់​ការចុះឈ្មោះ​បឋម​ដោយ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​ ២០២១ ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អាច​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​រួមមួយ (​មាន​ទាំង​ប្រព័ន្ធ​ទូទាត់​ប្រាក់ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ផងដែរ​) ក្នុងការ​នាំចេញ​ផលិតផល​កម្ពុជា និង​ពង្រីក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​។ ពិធី​សម្ពោធ​ជា​ផ្លូវការ​ផ្សារ​អេឡិចត្រូនិក​ខេមបូឌាត្រេដ​នឹងត្រូវ​រៀបចំ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។

ផ្សារ​អេឡិចត្រូនិក​ខេមបូឌាត្រេដ​នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​របស់​គម្រោង Go4eCAM ដែល​ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម​ពាណិជ្ជកម្ម (EIF)​។ ផ្សារ​ខេមបូឌាត្រេដ​នេះ​ត្រូវបាន​ផ្តួចផ្តើម​បង្កើត និង​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម ដែលមាន​គោលបំណង​បង្កើន​ឱកាស​សេដ្ឋកិច្ច​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​សេដ្ឋកិច្ច​ឌីជីថល​។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​ វីង បាន​មានប្រសាសន៍​ថា​៖ «​ភាពជា​ដៃគូ​នេះ អនុញ្ញាត​ឱ្យ​យើង​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដោយ​ប្រើការ​ទូទាត់​ប្រាក់​តាម​ឌីជីថល​។ ការទូទាត់​តាម​ឌីជីថល​កំពុងមាន​ការពេញនិយម​នៅ​ជុំវិញ​ពិភពលោក​ ដោយសារ​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​»​។

ធនាគារ​ វីង ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ចំពោះ​កម្មវិធី​ស្មាតហ្វូន​ វីង មាន​មុខងារ​ច្រើន និង​ភ្នាក់ងារ​ វីង ​ដែល​មាន​ជិត ១០ ០០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​រៀងរាល់ថ្ងៃ​។ នៅ​ឆ្នាំ​ ២០២០ ធនាគារ​ វីង ​បាន​ធ្វើការ​ជាមួយ​សហគ្រាស​ធុន-តូច និង​មធ្យម​ជាង ២ ៤០០ ដោយ​ផ្តល់​សេវាកម្ម​ប្រមូល និង​ទូទាត់​ប្រាក់​។

បន្ថែម​ពីនេះ​ផងដែរ ធនាគារ​ វីង ក៏​នឹង​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បែប​ឌីជីថល ដល់​សមាជិក​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ផ្សារ​ខេមបូឌាត្រេដ ដោយ​រៀបចំ​ឱ្យមាន​ជាការ​បណ្តុះបណ្តាល​ដោយ​ឥតគិតថ្លៃ និង​សកម្មភាព​កសាង​សមត្ថភាព​ផ្សេងៗ​ជាច្រើន​។

ជាមួយ​គ្នា​នេះ ក្រសួងពាណិជ្ជកម្ម និង​ធនាគារ​ វីង នឹង​ធ្វើការ​រួម​គ្នា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​បែប​ឌីជីថល និង​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​៕