ភ្នំពេញៈ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស និងបញ្ជាឱ្យពន្លឿននូវការចាក់វ៉ាក់សាំងកូវីដ ១៩ នៅគ្រប់រាជធានី-ខេត្តមកដល់ពេលនេះអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅចំនួនជាង ៩ លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការនេះ និងខេត្តខ្លះបានកំពុងតែឈានរកការបិទបញ្ចប់ការចាក់វ៉ាក់សាំងក្នុងយុទ្ធនាការជាតិនេះផងដែរ។
ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្នុងខេត្តពោធិ៍សាត់អាចនឹងឈានទៅដល់ការបិទបញ្ចប់នៅថ្ងៃទី ៣១ ខែសីហានេះ ដោយសារប្រជាពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងកូវីដ ១៩ បានបានមកទទួលការចាក់វ៉ាក់សាំងគ្រប់គ្នាហើយទាំងអ្នកដែលមានអាយុពី ១៨ ឆ្នាំឡើង និងក្រុមមនុស្សអាយុ ១២ ដល់ក្រោម ១៨ ឆ្នាំ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣០ ខែសីហាថា យុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំទូទាំងខេត្តទទួលបានលទ្ធផល ៩០ ទៅជិត ១០០% ហើយ ហើយខេត្តនឹងបន្តការចាក់ទៅដល់ប្រជាពលរដ្ឋ និងជនចំណាកស្រុកនៅតាមសហគមន៍បន្តទៀតសម្រាប់អ្នកដែលមិនបានចាក់សោះ។
លោកបានប្រាប់ថា៖ «ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងរួចសរុបមានជាង ២៧ ម៉ឺននាក់ ហើយក្រុមអាយុពី ១២ ដល់ក្រោម ១៨ ឆ្នាំមានចំនួនជាង ៧ ម៉ឺននាក់ ក៏បានទទួលការចាក់វ៉ាក់សាំងនេះផងដែរ»។
លោក អ៊ឹង គឹមលាង បានបន្ថែមថា រដ្ឋបាលខេត្តក៏បានរៀបចំត្រៀមវ៉ាក់សាំងចាក់នៅតាមបណ្តាមណ្ឌលសុខភាពទូទាំង ៤៩ ឃុំ-សង្កាត់សម្រាប់ផ្តល់ជូនអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងផងដែរ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំនឹងប្រកាសបិទនៅចុងខែសីហានេះក៏ដោយ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋនៅទូទាំងខេត្តមានការយល់ដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះ ហើយពួកគាត់បានចូលរួមយ៉ាងសកម្មជាមួយនឹងអាជ្ញាធរ ដែលធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងរបស់យើងទទួលបានជោគជ័យ និងឈានដល់ការបញ្ចប់បានយ៉ាងលឿនដូចនេះ»។
ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងអស់មានចំនួនប្រមាណ ៥០ ម៉ឺននាក់ ហើយអ្នកដែលមានអាយុពី ១៨ ឆ្នាំឡើងអាចចាក់វ៉ាក់សាំងកូវីដ ១៩ បានមានតែជាង ២៩ ម៉ឺននាក់។ ចំណែកខេត្តកំពង់ឆ្នាំង ដំណើរការចាក់វ៉ាក់សាំងក៏កំពុងតែប្រព្រឹត្តទៅដោយរលូនផងដែរ ដោយមានការចូលរួមយ៉ាងសកម្មពីបណ្តាប្រជាពលរដ្ឋដែលគ្រប់អាយុទទួលចាក់វ៉ាក់សាំងនេះ។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣០ ខែសីហា ថា ប្រជាពលរដ្ឋចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ចំនួនជាង ២១ ម៉ឺននាក់ ឬស្មើនឹង ៥៨,៣២% បានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋក្នុងខេត្តបានចូលរួមច្រើនក្នុងការចាក់វ៉ាក់សាំងនេះនៅគ្រប់ទីកន្លែងដែលយើងបានរៀបចំការចាក់វ៉ាក់សាំងនេះដែល ១ ថ្ងៃយើងអាចចាក់បានជាង ១ ម៉ឺននាក់នៅទូទាំងខេត្ត។ ពួកគាត់សប្បាយរីករាយក្នុងការទទួលយកការចាក់វ៉ាក់សាំងសម្រាប់ការពារពីការឆ្លងនៃមេរោគកូវីដ ១៩ នេះ»។
លោក អម សុភា បានថ្លែងថា នឹងធ្វើការខិតខំដោយជំរុញការងារចាក់វ៉ាក់សាំងនេះឱ្យបញ្ចប់ទៅតាមផែនការរបស់រាជរដ្ឋាភិបាលដែលគ្រោងនឹងបញ្ចប់នៅក្នុងចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខនេះ។
លោក ហ៊ុន សែន កាលពីសប្តាហ៍មុនបានធ្វើការបញ្ជា និងបានព្រមានទៅដល់បណ្តារាជធានីខេត្តមួយចំនួនដែលមានការយឺតយ៉ាវក្នុងដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋ ដោយធ្វើការពន្លឿននូវការចាក់វ៉ាក់សាំង និងត្រូវយកការប្រឆាំងនឹងជំងឺកូវីដ ១៩ ជាការងារអាទិភាពទី ១ ដែលអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។
ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩នេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវមកចូលរួមចាក់ដែលនេះជាយុទ្ធនាការជាតិ និងស្របពេលដែលកម្ពុជាកំពុងតែទទួលរងនូវការវាយលុកពីវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) ផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី ២៩ ខែសីហា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងសរុបចំនួនជាង ៩ លាននាក់ ឬស្មើនឹង ៩០,៩២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់បានចាក់វ៉ាក់សាំង។
ក្រសួងថា សម្រាប់ក្រុមមនុស្សអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំមានចំនួនជាង ១,៤ លាននាក់ ឬស្មើនឹង ៧៤,៧៨% បានចាក់វ៉ាក់សាំងធៀបជាមួយនឹងប្រជាជនគោលដៅជិត ២ លាននាក់៕