ភ្នំពេញៈ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាលោក ម៉ាសាហ៊ីរ៉ុ មីខាមី បានវាយតម្លៃខ្ពស់ចំពោះចំណាត់ការយ៉ាងឆាប់រហ័សទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី៣០ខែសីហាឱ្យដឹងថាការលើកឡើងរបស់លោក ម៉ាសាហ៊ីរ៉ុ មីខាមី បែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២២នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនតាមប្រព័ន្ធវីដេអូដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល,ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានសាទរនិងវាយតម្លៃខ្ពស់ចំពោះចំណាត់ការនេះប្រកបដោយប្រសិទ្ធភាពខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ដែលកម្ពុជាគឺជាប្រទេសទី២ក្នុងអាស៊ានដែលមានអត្រាប្រជាជនបានចាក់វ៉ាក់សាំងខ្ពស់ជាងគេ និងបានធ្វើឱ្យសភាពការណ៍នៃការរីករាលដាលស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន»។
ជាមួយគ្នានោះដែរនៅក្នុងកិច្ចប្រជុំ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលបានផ្តល់ការឧបត្ថម្ភសម្ភារបរិក្ខារវេជ្ជសាស្ត្រឡានសង្គ្រោះបន្ទាន់ព្រមទាំងវ៉ាក់សាំង AstraZeneca ចំនួន ១ លានដូសដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ។
ទាក់ទងនឹងការវិវត្តនៃភាពល្អប្រសើរក្នុងដំណើរការចាក់វ៉ាក់សាំងក៏ដូចជាភាពថមថយនៃការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ នេះដែរ លោកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ៣១ ខែសីហា ក៏បានលើកឡើងផងដែរ ដោយសុំកុំឱ្យប្រជាពលរដ្ឋព្រងើយកន្តើយនិងផ្តេកផ្តួលទៅនឹងលទ្ធផលដែលរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលកំពុងតែគ្រប់គ្រងបានលើសភាពការណ៍របស់មេរោគកូវីដ ១៩ នេះ។
លោកស្រីបានប្រាប់ថា៖ «សព្វថ្ងៃ ប្រទេសជិតខាងយើងនៅមិនទាន់មានភាពធូរស្បើយទេ ប្រទេសជិតខាងយើងកំពុងតែមានការផ្ទុះរាលដាលខ្លាំងណាស់ ប៉ុន្តែដោយសារតែប្រទេសកម្ពុជាយើងមានផែនការគ្រប់គ្រងច្បាស់លាស់ មានគោលនយោបាយទប់ស្កាត់មេរោគនេះត្រឹមត្រូវ និងមានការចូលរួមពីគ្រប់ផ្នែកទាំងអស់ ទើបធ្វើឱ្យយើងអាចគ្រប់គ្រងស្ថានការណ៍បាន ទោះបីជាមិនទាន់បានទាំងស្រុងក៏ដោយ»។
លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ទោះបីជាប្រទេសកម្ពុជា មិនមានការផ្ទុះខ្លាំងក្នុងទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល ៣ កុំ ៣ ការពារ៕