ភ្នំពេញៈ ​ក្នុង​អំឡុងពេល ១ ​សប្ដាហ៍​នេះ តំបន់​មួយចំនួន​ដែល​ស្ថិតនៅតាម​វាលទំនាប​នៃ​ប្រទេស​កម្ពុជា អាច​នឹងរង​ការជន់លិច ដោយ​ជំនន់​ទឹកភ្លៀង​។ នេះ​បើ​យោងតាម​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​ ៣១ សីហា បានបញ្ជាក់​នៅក្នុង​សេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​ថា ក្នុងអំឡុងពេល​ ១ ​សប្ដាហ៍​នេះ ប្រទេស​កម្ពុជា ​នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ក្នុង​កម្រិត​ខ្លាំង​ជាមួយ​ប្រព័ន្ធ​សម្ពាធ​ទាប​។ ក្នុងនោះ​នៅ​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៧ ខែកញ្ញា នឹងមាន​ឥទ្ធិពល​បន្ថែម​ពី​ខ្យល់​សមុទ្រ​។

ដោយ​ផ្អែកលើ​ស្ថានភាព​បែបនេះ​ក្រសួង​ធនធានទឹក​ព្យាករ​ថា​៖ «​បណ្តា​ខេត្ត​មួយចំនួន នៅ​តំបន់​វាលទំនាប​កណ្តាល និង​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ដោយ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ដោយ​ក្នុងនោះ​អាចមាន​ភូមិសាស្ត្រ​មួយចំនួន មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​»​។

ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ​វិញ​អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ខណៈ​ផ្ទៃសមុទ្រ​ពិសេស​ក្បែរ​បណ្តា​កោះ​រលក​សមុទ្រ​នឹង​អាច​កើតមានឡើង​ក្នុង​កម្រិត​មធ្យម​។ ក្រសួង​ធនធានទឹក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។

កាលពី​ថ្ងៃទី​ ២៤ សីហា នៅ​ខេត្ត​ព្រះសីហនុ​បាន​ទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ខ្លី​ម្ដង​រួចមកហើយ ដែល​យ៉ាងហោចណាស់​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​នោះ​។

តាមរយៈ​សេចក្ដី​ជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​នាពេលនេះ អាជ្ញាធរខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​នៃ​បណ្ដា​ខេត្ត​មួយចំនួន​ទៀត ដែល​ស្ថិតនៅក្នុង​តំបន់​វាលទំនាប​កណ្ដាល និង​តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​បាន​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ទៅដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ដែល​ស្ថិតក្រោម​ចំណុះ​របស់​រដ្ឋបាលខេត្ត ត្រៀមលក្ខណៈ​ជាមុន​ដើម្បី​ឆ្លើយតប​ជាបន្ទាន់ ក្នុង​ករណី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​កើតឡើង​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣១ សីហាថា ​នៅពេល​នេះ​រដ្ឋបាលខេត្ត​បានធ្វើការ​ផ្សព្វផ្សាយ និង​ត្រៀម​រួចជាស្រេច​នូវ​មធ្យោបាយ សម្ភារ​បរិក្ខារ និង​កម្លាំង​សម្រាប់​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ក្នុងករណី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​កើតឡើង​។

លោក​បញ្ជាក់ថា​៖ «​នៅ​ចំពោះមុខ​នេះ​រដ្ឋបាលខេត្ត​យើង​កំពុង​បន្ត​ជួសជុល​កែលម្អ​ប្រព័ន្ធ​លូ និង​ស្ដារ​ប្រឡាយ​សំខាន់ៗ​មួយចំនួន​ក្នុង​តំបន់​ដែលមាន​បញ្ហា​ប្រឈម​ជំនន់​ទឹកភ្លៀង​កន្លងមក ដើម្បី​សម្រួល​ដល់​លំហូរ​ទឹក​ឱ្យ​កាន់តែ​លឿន កាត់បន្ថយ​នូវ​ការជន់លិច​»​។

ទន្ទឹម​ជាមួយ​គ្នា​នេះ លោក សុង សុភ័ក្រ អភិបាលស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​រសៀល​ថ្ងៃទី​ ៣០ សីហា ភ្លៀង​បាន​ធ្លាក់​ ១ ​មេធំ ប៉ុន្តែ​នៅ​មិនទាន់​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ​។ ទោះយ៉ាងណា​លោក​បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ស្រុក​ភ្នំព្រឹក ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​បួរ ដែល​ជា​តំបន់​ងាយ​ប្រឈម​គ្រោះ​ជំនន់​ទឹកភ្លៀង​ជាងគេ ដើម្បី​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​។

លោក សុភ័ក្រ ថ្លែងថា​៖ «​ភូមិសាស្ត្រ​ឃុំ​បួរ គឺជា​តំបន់​ផ្ទៃ​រងទឹកភ្លៀង ដែល​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជាងគេ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់​គ្នា​»​។

បើតាម​លោក សុភ័ក្រ បទពិសោធ​ក្នុង​ឆ្នាំ​ ២០២០ និង​កាលពី​ថ្ងៃ​ទី​ ១៤ ​កក្កដា ឆ្នាំ​ ២០២១ ​កន្លងទៅ​ថ្មីៗ​នេះ បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​នាពេល​បច្ចុប្បន្ន ចេះ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយបាន​រៀបចំ​ទីទួល​សុវត្ថិភាព​សម្រាប់​សត្វ​ពាហនៈ និង​បានរៀបចំ​ជង្រុក​ដាក់​ស្បៀងអាហារ​របស់​ពួកគេ​បាន​យ៉ាង​ល្អ​។

លោក​ សុភ័ក្រ ​បន្ថែមថា​៖ «​រដ្ឋបាល​ស្រុក​ភ្នំព្រឹក​យើង ក៏បាន​ត្រៀមកម្លាំង​មធ្យោបាយ ឧបករណ៍ សម្ភារ និង​គ្រឿង​បរិក្ខារ​មួយចំនួន​រួចជាស្រេច​ផងដែរ សម្រាប់​អន្តរាគមន៍​ដល់​ពួកគាត់ ក្នុង​គ្រា​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​»៕