ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្កើត​​យុទ្ធនាការ​មួយ​ក្នុង​ការចុះ​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​មន្ត្រី​​រាជការ​ក្រសួង​សាធារណការ​​ និង​ដឹកជញ្ជូន និង​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្តល់​ចំណេះដឹង​ដល់​ពលរដ្ឋ​ទូទៅ​។

កាលពី​ថ្ងៃទី​ ៣០ ខែសីហា ក្រុមការងារ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានធ្វើ​យុទ្ធនាការ​ចុះ​ចែក​ខិត្តប័ណ្ណ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​ដល់​មន្ត្រីរាជការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ទីស្តីការ​ក្រសួង​។

ក្នុង​យុទ្ធនាការ​នេះ គឺ​បាន​ប្រើប្រាស់​នូវ​ខិត្តប័ណ្ណ ដោយ​​មាន​បង្ហាញ​ពី​ខ្លឹមសារ​អប់រំ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ​ក្នុងដំណាក់កាល​កូវីដ​ ១៩ ការពន្យល់​ដល់​អ្នកដំណើរ​ពី​ការគោរព និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ជុំវិញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រួមទាំង​ការដាក់ទោស​ទណ្ឌ និង​ការពិន័យ​ចំពោះ​ជន​ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ផងដែរ​។

នេះ​បើតាម​មន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ​សីហា​ថា ការចុះ​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពេលនេះ គឺជា​យន្តការ​មួយ​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្តល់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។

លោក​បន្តថា ដោយសារតែ​មន្ត្រី​សាធារណការ គឺជា​តួអង្គ​ដែល​សំខាន់ ទើប​យុទ្ធនាការ​នេះ​ត្រូវបាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​មន្ត្រី​ខ្លួនឯង​ផ្ទាល់​ ដើម្បី​​ជា​ការ​ក្រើនរំឭក​មួយ​ទៅដល់​មន្ត្រី​ក្នុងការ​ចូលរួម​សកម្មភាព​អនុវត្ត​ចរាចរណ៍​ផ្លូវគោក​ហើយ​មន្ត្រី​ខ្លួនឯង គឺត្រូវធ្វើ​ជា​គំរូ​សម្រាប់​ពលរដ្ឋ​។

ការចែក​ខិត្តប័ណ្ណ​ពីថ្ងៃ​ទី​ ៣០ សីហា ។ រូបថត នាយករដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក

លោក​បាន​បញ្ជាក់ថា​៖ «​ការចែក​ខិត្តប័ណ្ណ​នេះ​គឺជា​ការក្រើនរំឭក​ឡើងវិញ ចំពោះ​មន្ត្រី​យើង ជាពិសេស​យើង​ជា​មន្ត្រី គឺជា​គំរូ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ទាក់ទង​នឹង​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ​ការចុះ​​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​មិន​ត្រឹមតែ​ ៤ ០០០ ​សន្លឹក​នេះ​នៅ​ទីស្តីការ​ក្រសួង​នោះទេ គឺ​យើង​ក៏​នឹង​បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ទូទាំង​រាជធានី​ខេត្ត​ ដើម្បី​ចុះ​ចែក​ដល់​ពលរដ្ឋ​ទូទៅ​តាម​ដងផ្លូវ​ផងដែរ និង​តាម​មណ្ឌល​ផ្តល់​សេវា​សាធារណៈ​នានា​របស់​ក្រសួង​បន្ថែមទៀត​»​។

ជាងនេះទៀត លោក ឈួន វន់ បាន​បន្តថា យុទ្ធនាការ​នេះ​ក៏​នឹងធ្វើ​នៅតាម​សាលារៀន និង​តាម​ទីសាធារណៈ​នានា ដែល​ក្រុមការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​អាចធ្វើ​ទៅបាន​ក្នុងពេល​ខាងមុខ​។

លោក គង់ រតនៈ អ្នកជំនាញ និង​អ្នកពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវគោក​បាន​លើកឡើងថា យុទ្ធនាការ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការជំរុញ​ឱ្យ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រី​នៅក្នុង​ស្ថាប័ន​នីមួយៗ​ឱ្យ​ទទួលបាន​ចំណេះដឹង​បន្ថែម​ពី​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​។

លោក​បន្តថា វិស័យ​សុវត្ថិភាព​ចរាចរណ៍​គឺជា​រឿង​ចាំបាច់​​ចំពោះ​ការអប់រំ​ដើម្បី​កែប្រែ​ឥរិយាបថ​របស់​ពលរដ្ឋ ហើយ​ការអប់រំ​នេះ គឺ​ត្រូវតែ​បន្ត​ធ្វើជា​ប្រចាំ​។ ក៏ប៉ុន្តែ​លោក ថា ការចុះ​អប់រំ​ផ្សព្វផ្សាយ​តែ ១ ​មុខ ក៏​មិនទាន់​គ្រប់គ្រាន់​ដែរ​គឺ​ត្រូវ​រួមផ្សំ​ជាមួយ​នឹង​ការរឹតបន្តឹង​ច្បាប់ និង​ការកែសម្រួល​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​បន្ថែមទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​មន្ត្រី​ជាពិសេស​អ្នកអនុវត្ត​ច្បាប់ និង​អ្នក​ទាំងអស់គ្នា​ហ្នឹង​ត្រូវតែមាន​ការអភិវឌ្ឍ​ខ្លួន​ជាប្រចាំ​។ អ៊ីចឹង​ខ្ញុំ​យល់ថា នេះ​ជា​កិច្ច​ដឹកនាំ​ដ៏ល្អ ដែល​ផ្តួចផ្តើម​ឱ្យមាន​​ការអប់រំ​ផ្សព្វផ្សាយ​នេះ ដែល​មើលឃើញ​ថា មន្ត្រី​ជាច្រើន​គឺ​បាន​អនុវត្ត​បានល្អ​ហើយ​។ ប៉ុន្តែ​នៅសល់​មួយចំនួនទៀត​អាចអនុវត្ត​មិនទាន់​បានល្អ ទើប​​បាន​ថ្នាក់ដឹកនាំ​គាត់​មើលឃើញ​ហើយ​បន្ត​ចុះ​ផ្សព្វផ្សាយ​»៕