ភ្នំពេញៈ មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​កំពុង​បន្ត​លើកទឹកចិត្ត​ដល់​កសិករ​ក្នុង​តំបន់​វាលទំនាប​ដែល​ងាយ​រងគ្រោះ​ដោយ​ភាពរាំងស្ងួត និង​ទឹកជំនន់​ឱ្យ​ងាក​មក​ដាំ​ដុះ​ពូជស្រូវ​ផ្កាមាលតី​ ដើម្បី​ធានា​ដល់​សន្តិសុខ​ស្បៀង ព្រោះ​ដើម​របស់​វា​មាន​លក្ខណៈ​ធំ​ខ្ពស់​រឹងមាំ ហើយ​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

លោក ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ពូជស្រូវ​ផ្កាមាលតី ជា​ប្រភេទ​ពូជ​ស្ថិតក្នុង​ក្រុម​ស្រូវ​ប្រណីត​ដែលមាន​គុណភាព​ល្អប្រសើរ​ធន់​នឹង​អាកាសធាតុ​រាំងស្ងួត ទឹកជំនន់ និង​មិន​ងាយ​ដួលរលំ​បាក់​ដើម​នោះទេ ប៉ុន្តែ​វា​ជា​ប្រភេទ​ពូជ​ប្រកាន់​រដូវ ដែល​អនុញ្ញាត​ឱ្យ​កសិករ​ដាំដុះ​វា​តែ​ក្នុង​រដូវវស្សា​ប៉ុណ្ណោះ​។

លោក​បាន​ពន្យល់ថា​៖ «​ពូជស្រូវ​ផ្កាមាលតី ដែលជា​ពូជ​ប្រកាន់​រដូវ​នេះ ជាទូទៅ​យើង​អាច​ដាំ​វា​ចាប់ពី​ពាក់កណ្ដាល​​ខែឧសភា ឬ​ក្នុង​ដើមខែ​មិថុនា និង​យ៉ាងយូរ​បំផុត​មិនឱ្យ​ហួស​ក្នុង​រង្វង់​សប្ដាហ៍​ទី​ ១ នៃ​ខែកញ្ញា ព្រោះ​វា​ចាប់​ផ្ដើមចេញ​ផ្កា​នៅក្នុង​រង្វង់​ខែតុលា ដែល​អនុញ្ញាត​ឱ្យ​កសិករ​អាច​ប្រមូលផល​បាន​ចាប់ពី​ពាក់កណ្ដាល​ខែវិច្ឆិកា រហូតដល់​ដើម​សប្ដាហ៍​ទី​ ២ នៃ​ខែធ្នូ​»​។

បើតាម​លោក ប៊ុណ្ណា កសិករ​ក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ភាពរាំងស្ងួត​នៅមាន​សង្ឃឹម​ច្រើន​ក្នុង​​ការបង្កបង្កើនផល ព្រោះ​នៅមាន​ពេល​ ១ ​សប្ដាហ៍​ទៀត​ ដើម្បី​ដាំ​ដុះ​ពូជស្រូវ​ផ្កាមាលតី​នេះ​។ ម្យ៉ាងទៀត​ចាប់ពី​ពេលនេះ​​ដល់​ចុងខែ​តុលា ខាងមុខ មិន​មានកូន​រដូវប្រាំង​ទៀត​នោះទេ​។

ទោះយ៉ាងណា លោក ប៊ុណ្ណា បាន​ព្រមាន​ថា​៖ «​ក្នុងករណី​បងប្អូន​ប្រជាកសិករ​​យើង​យក​ពូជស្រូវ​ផ្កាមាលតី​មក​ដាំ​នៅ​​ក្នុង​រង្វង់​ខែវិច្ឆិកា ធ្នូ វិញ​នោះ ដូច្នេះ​ពួកគាត់​ត្រូវ​រង់ចាំ​ដល់​ខែតុលា ឬ​ខែវិច្ឆិកា ឆ្នាំក្រោយ ទើប​អាច​ប្រមូលផល​បាន​»​។

ពូជស្រូវ​ផ្កាមាលតី​ជា​ប្រភេទ​ស្រូវ​បង្កាត់​ឡើង​រវាង​ពូជស្រូវ​ក្រអូប​រំដួល​ (​មេ​) ​និង​ពូជស្រូវ​កណ្ដាល​ខា​ ៣ (​បា​)​។

នៅក្នុង​ឆ្នាំ​ ២០១៨ ពូជស្រូវ​ប្រភេទ​នេះ​ត្រូវបាន​ផ្ដល់ឱ្យ​កសិករ​ចំនួន​ ២៣១ ​នាក់ ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៦ រួមមាន ខេត្ត​ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង និង​ព្រៃវែង យកទៅ​ដាំដុះ​។ ផ្អែកលើ​លទ្ធផល​នៃ​​ការធ្វើ​ស្រែ​បង្ហាញ​ចំនួន ២២០ ​ទីតាំង​ពូជស្រូវ​ផ្កាមាលតី​នេះ​មាន​ការលូតលាស់​ល្អ និង​ទទួលបាន​ទិន្នផល​ខ្ពស់ជាង​ពូជស្រូវ​កសិករ ជា​មធ្យម​ ១៤ ​ភាគរយ​ និង​ ២៧ ​ភាគរយ​ក្នុង​លក្ខខណ្ឌ​កូន​រដូវប្រាំង​អូសបន្លាយ​រយៈពេល​យូរ​។ ​រហូត​​មកទល់​បច្ចុប្បន្ននេះ​បណ្ដា​ខេត្ត​គោលដៅ​ទាំងនោះ​បាន​ផលិត​ពូជស្រូវ​ផ្កាមាលតី​បាន​សរុប​ចំនួន​ ៤០ ​តោន​ហើយ​។

នេះ​បើតាម​របាយការណ៍​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី ពូជស្រូវ​ផ្កាមាលតី​នេះ​នៅ​មិនទាន់​ជា​ទីពេញនិយម​សម្រាប់​​ប្រជាកសិករ​ទូទៅ​នៅឡើយ​ទេ ដោយសារ​តែ​វា​ជា​ប្រភេទ​ស្រូវ​ប្រកាន់​រដូវ​ដែល​​ខុសពី​ស្រូវ​សែន​ក្រអូប​ ០១​។ នេះ​បើតាម​លោក គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប៉ុន្មាន​​ឆ្នាំ​កន្លងមកនេះ ក្រសួងកសិកម្ម​បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​អង្គភាព​ និង​ស្ថាប័ន​​ពាក់ព័ន្ធ​នានា​រួមទាំង​សហព័ន្ធ​ស្រូវ​អង្ករ​ផង​ឱ្យជួយ​លើកទឹកចិត្ត​ដល់​កសិករ​ក្នុង​ការដាំដុះ​ និង​ប្រមូល​ទិញស្រូវ​ពី​កសិករ​​ ដើម្បី​ជំរុញ​ដល់​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​។ ​ជាពិសេស​ផលិតផល​ស្រូវ​ពូជ​សុទ្ធ​ដែល​ត្រូវបាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម កម្ពុជា ផ្សព្វផ្សាយ​ និង​ផ្ដល់ជូន​ឱ្យ​កសិករ​ដាំដុះ​។

លោក គង់ គា បាន​បញ្ជាក់ថា​៖ «​មែនទែន​ទៅ មកទល់​ពេល​នេះ ពូជស្រូវ​ផ្កាមាលតី គេ​មិនទាន់​ស្គាល់​ច្រើន​ទេ​។ យើង​ត្រូវការ​ជំរុញ​ផ្សព្វផ្សាយ​ច្រើន​បន្ថែម​​ទៀត​ទៅកាន់​ប្រជាកសិករ រោង​ម៉ាស៊ីនកិនស្រូវ និង​សហព័ន្ធ​ស្រូវ​អង្ករ​ឱ្យដាំ​ដុះ​ និង​ប្រមូល​ទិញ​វា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ ព្រោះ​វា​ផ្ដល់​ទិន្នផល​ខ្ពស់​គឺ​ចន្លោះ​​ពី​ ៤,៥ ​តោន​ទៅ​ ៥,៥ ​តោន​ក្នុង​ ១ ​ហិកតា​។ ម្យ៉ាងទៀត​វា​ធន់​ទ្រាំ​នឹង​អាកាសធាតុ រាំងស្ងួត និង​ទឹកជំនន់​»​។

បើតាម​លោក គង់ គា បច្ចុប្បន្ន​ស្រូវ​សែន​ក្រអូប​ ០១ ដែលជា​ស្រូវ​មិន​ប្រកាន់​រដូវ​កំពុង​ពេញនិយម​ដែល​ប្រជាកសិករ​ភាគច្រើន​បាន​ដាំដុះ​ទាំង​ប្រាំង និង​វស្សា​​ ហើយ​កន្លែង​ខ្លះ​ដាំដុះ​បាន​រហូតដល់​ ៣ ​ដង​ឯណោះ​ក្នុង​ ១ ​ឆ្នាំ ព្រោះ​ពូជស្រូវ​នេះ ដាំដុះ​ត្រឹមតែ​ ១១៥ ​ថ្ងៃ​ប៉ុណ្ណោះ​អាច​ប្រមូលផល​បាន​ហើយ​។

លោក​បាន​បន្ថែមថា​៖ «​នៅពេលនេះ​ក្រសួង​កំពុង​ជំរុញ​ការដាំដុះ​ពូជស្រូវ​សែន​ក្រអូប​ពិសេស​ស្រូវ​សែន​ក្រអូប ០១ ដើម្បី​ពង្រឹង​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​»​។

ជុំវិញ​ករណីនេះ លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​ សហព័ន្ធ​កំពុង​ប្រមូល​ទិញស្រូវ​ក្រអូប​គ្រប់​ប្រភេទ​ពី​កសិករ​នៅ​ទូទាំងប្រទេស​លើកលែងតែ​នៅតាម​​តំបន់​ជាប់​ព្រំដែន​។ ​ព្រោះ​កសិករ​នៅតាម​តំបន់​ជាប់​ព្រំដែន​គាត់​ដឹក​យកទៅ​​លក់​នៅ​ប្រទេស​ជិតខាង​ដោយ​ខ្លួនឯង​ ឬ​ឈ្មួញ​ពី​ប្រទេសជិតខាង​គេ​ចុះមក​ទិញ​ផ្ទាល់​។

លោក​បញ្ជាក់ថា​៖ «​សហព័ន្ធ​យើង​លើកទឹកចិត្ត​ឱ្យ​កសិករ​ផលិត​ស្រូវ​ក្រអូប​ឱ្យបាន​ច្រើន​ ព្រោះ​វា​មានតម្លៃ​ខ្ពស់ជាង​ស្រូវ​ធម្មតា ហើយ​វា​ក៏មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ផងដែរ​។ ពេលនេះ សហព័ន្ធ​កំពុង​ប្រមូល​ទិញស្រូវ​ក្រអូប​គ្រប់​ប្រភេទ រួមទាំង​ស្រូវ​សែន​ក្រអូប​ ០១ ​ផង សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំនេះ​»​។

ថ្វីបើ​មិនបាន​បញ្ជាក់​អំពី​តួលេខ​នៃ​ផល​ស្រូវ​ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រមូល​ទិញ​ពី​កសិករ​នៅក្នុង​ឆ្នាំនេះ​ក្ដី ក៏​លោក សារ៉ន បានឱ្យ​ដឹងថា សហព័ន្ធ​គ្រោង​នាំចេញ​ផលិតផល​ស្រូវ​អង្ករ​​ក្រអូប​មួយចំនួន​រួមទាំង​ស្រូវ​សែនក្រអូប​ ០១ ​ផងដែរ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ក្នុង​ខែតុលា​ខាង​មុខ​នេះ​៕