ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលីបានអំពាវនាវឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះរាល់ការផ្សព្វផ្សាយពីការជ្រើសរើស និងការបញ្ជូនពលករខ្មែរមកធ្វើការនៅអូស្ត្រាលីដោយទីភ្នាក់ងារជ្រើសរើស បុគ្គល ឬអង្គភាពណាមួយដោយសាររដ្ឋាភិបាលអូស្ត្រាលីមិនទាន់ជ្រើសរើសពលករខ្មែរមកធ្វើការនៅទីនោះក្រោមគម្រោងទិដ្ឋាការ “កសិកម្ម” ថ្មីនៅឡើយទេ។
ការអំពាវនាវនេះធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលីនៅថ្ងៃទី ១ ខែកញ្ញានេះ បន្ទាប់ពីមានសារព័ត៌មាន បណ្តាញសង្គម ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួន បានដើរបំផុសបំផុលផ្តល់ពត៌មានពុំច្បាស់លាស់ ឬបំភ្លៃការពិតក្នុងចេតនាបោកប្រាស់ជ្រើសរើសពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី (Australia) ក្រោមគម្រោងទិដ្ឋាការ“កសិកម្ម” ថ្មី (Australian Agriculture Visa) របស់ប្រទេសអូស្ត្រាលី។
ស្ថានទូតបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលអូស្ត្រាលី (ក្រសួងការបរទេស មហាផ្ទៃ និងក្រសួងកសិកម្មអូស្ត្រាលី) កំពុងពិភាក្សានៅឡើយលើការរៀបចំគម្រោងទិដ្ឋាការកសិកម្មថ្មី ជាមួយនឹងការកំណត់លក្ខខណ្ឌផ្សេងៗក្នុងការទទួលបានទិដ្ឋាការនេះ។
ប្រភពដដែលបានបន្តថា គម្រោងទិដ្ឋាការកសិកម្មថ្មីនេះនឹងផ្តល់ឱកាសដល់ពលរដ្ឋប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាចមកធ្វើការនៅប្រទេសអូស្ត្រាលីលើវិស័យកសិកម្ម រួមទាំងឧស្សាកម្មកែច្នៃសាច់ផងដែរ (Agriculture sector including meat processing) ជាមួយនឹងការផ្តល់ឱកាសអាចស្នើសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ក្នុងករណីពលករនោះបំពេញបានតាមលក្ខខណ្ឌនិងមានតម្រូវការជាក់ស្តែងពីរដ្ឋាភិបាលអូស្ត្រាលី។
ស្ថានទូតកម្ពុជាប្រចាំអូស្ត្រាលីបានបន្ថែមថា៖«តាមគម្រោងទិដ្ឋាការថ្មីនេះនឹងពិភាក្សាចប់សព្វគ្រប់នៅចុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខ។ជាមួយគ្នានេះរដ្ឋាភិបាលអូស្ត្រាលីនឹងពិភាក្សាចរចាទ្វេភាគីជាមួយប្រទេសដៃគូមួយចំនួនក្នុងតំបន់លើគម្រោងទិដ្ឋាការថ្មី»។
ក្រោមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកទីផ្សារការងារជូនពលករខ្មែរកន្លងមក ស្ថានទូតបានខិតខំស្វះស្វែងរកទីផ្សារការងារជូនបងប្អូនខ្មែរទាំងនៅប្រទេសអូស្ត្រាលី ក៏ដូចជា ប្រទេសនូវែលសេឡង់ តាមរយៈការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ប្រទេសនីមួយៗជាបន្តបន្ទាប់។
ស្ថានទូតដដែលនេះ បានបន្ថែមថា ចំពោះគម្រោងទិដ្ឋាការកសិកម្មថ្មីនេះក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសហការគាំទ្រពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ស្ថានទូតបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួបចរចារកទីផ្សារការងារជូនពលរដ្ឋខ្មែរជាមួយរដ្ឋាភិបាលអូស្ត្រាលី។
ស្ថានទូតសូមបញ្ជាក់ជាថ្មីថា«មកទល់ពេលនេះគម្រោងទិដ្ឋាការកសិកម្មនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ ហើយរដ្ឋាភិបាលអូស្ត្រាលីនៅពុំទាន់សម្រេចថានឹងផ្តល់ទិដ្ឋាការប្រភេទនេះជូនកម្ពុជាឬប្រទេសណាមួយនៅឡើយទេ។ហេតុនេះស្ថានទូតស្នើបងប្អូនប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មានពីការជ្រើសរើសនិងការបញ្ជូនពលករខ្មែរមកធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស បុគ្គល ឬអង្គភាពណាមួយ»។
ព័ត៌មានផ្លូវការជុំវិញវឌ្ឍនភាពគម្រោងទិដ្ឋាការកសិកម្មថ្មីនេះអាចតាមដានលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី(https:// www.embassyofcambodia.ogr.au) ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា៕