ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា អ្នកជំងឺ​កូវីដ​ ១៩ ដែល​មិនមាន​លទ្ធភាព​បង្កើត​អង់ទីគ័រ​ដោយ​ខ្លួនឯង គឺ​អ្នកជំងឺ​នោះ​មិនអាច​ជាសះស្បើយ​ពី​ជំងឺ​នេះ​បានទេ ដែល​ហេតុនេះហើយ បានជា​ក្រសួង​មិនចាំបាច់​តម្រូវ​ឱ្យ​អ្នកដែល​ជា​ពី​ជំងឺ​នេះហើយ ត្រូវ​ចាក់​វ៉ាក់សាំង​ភ្លាមៗ​នោះទេ ទោះជា​អ្នក​នោះ​បាន​ឆ្លង​វីរុស​នេះ​ បន្ទាប់ពី​បាន​ចាក់​ដូស​ទី​ ១ ​រួច ឬ​ដូស​ទី​ ២ ​រួចហើយ​ក៏ដោយ​។

ជាមួយ​គ្នា​នេះដែរ សម្រាប់​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូវីដ​ ១៩ ​ហើយ​​ក៏ដោយ ក៏​នៅតែ​មាន​លទ្ធភាព​ឆ្លង​នូវ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ផងដែរ​។ ទាំងនេះ​ជា​ការលើកឡើង​របស់​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​ ២ ខែកញ្ញា​។

លោកស្រី​បាន​មានប្រសាសន៍​ថា​៖ «​មាន​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​សោះ មាន​អ្នក​បាន​ចាក់​ដូស​ទី​ ១ ហើយ និង​មាន​អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ២​រួច ពួកគាត់​បាន​ឆ្លង​នូវ​មេរោគ​កូវីដ​ ១៩ ហើយ​នៅពេលដែល​ពួកគាត់​បានជា​សះស្បើយ​ហើយ ពួកគាត់​មិនមាន​ភាពចាំបាច់​អី​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ភ្លាម​នោះទេ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​អ្នក​ដែល​បាន​ឈឺ​រួចហើយនោះ បាន​បង្កើត​អង់ទីគ័រ​នៅក្នុង​សរីរាង្គ​របស់គាត់​រួចហើយ ប្រសិនបើ​សរីរាង្គ​របស់គាត់ មិនមាន​លទ្ធភាព​ក្នុង​ការបង្កើត​អង់ទីគ័រ​ទេ អ្នកនោះ​នឹងមិន​ជាសះស្បើយ​ទេ​។ អ្នកបច្ចេកទេស​បាន​និយាយ​ពី​ចំណុច​នេះ​យ៉ាងច្បាស់​»​។

មានការ​សង្កេតឃើញថា បុគ្គល​ខ្លះ​ឆាប់​ជាសះស្បើយ ហើយ​បុគ្គល​ខ្លះ​ជា​យឺត ដោយសារ​តែ​សរីរាង្គ​មាន​ការឆ្លើយតប​យឺត​គួបផ្សំ​ជាមួយ​នឹង​ការថែទាំ និង​ការប្រតិបត្តិ​ទៅតាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​។ លោកស្រី​ថ្លែងថា វ៉ាក់សាំង​ជា​រឿង​មួយ​សម្រាប់​ជួយ​ឱ្យមាន​កងការពារ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ពលរដ្ឋ​គ្រប់រូប​ត្រូវការ​ការពារ​ខ្លួន​ដើម្បី​កុំឱ្យ​ឆ្លង​វីរុស​កូវីដ​ ១៩​។

ទន្ទឹមនឹង​នេះដែរ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា បច្ចុប្បន្ននេះ​គ្រប់គ្នា​ផ្តោតលើ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ប៉ុន្តែ​កុំភ្លេចថា វីរុស​កូវីដ​ ១៩ ​នេះ​មាន​ការវិវឌ្ឍ (​បំប្លែង​) ​តទៅ​មុខទៀត​។

លោកស្រី​បញ្ជាក់ថា​៖ «​ដំបូង​ឡើយ​វីរុស​ប្រភេទ​អាល់ហ្វា មាន​ការវាយលុក​ច្រើន​ខ្លាំង ហើយ​ពេលនោះ​ក៏មាន​ប្រជាពលរដ្ឋ​យើង​បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្រោយមក​យើង​ក៏​រកឃើញ​មាន​ការឆ្លង​រាលដាល​នូវ​វីរុស​ប្រភេទ​ដែលតា​ដែល​ឆ្លងតាមរយៈ​ការចល័ត​របស់​មនុស្ស​»​។

លោកស្រី​ ឱ វណ្ណឌីន​ បាន​សង្កត់ធ្ងន់ថា​៖ «​បុគ្គល​ម្នាក់​មិនមែន​ឆ្លង​វីរុស​កូវីដ​ ១៩ ​ហើយ​លែង​ឆ្លង​ទៀត​នោះទេ​។ ឧទាហរណ៍ បុគ្គល​ម្នាក់​បាន​ឆ្លង​វីរុស​កូវីដ​ប្រភេទ​អាល់ហ្វា​ហើយ​ក៏​អាច​ឆ្លង​វីរុស​ប្រភេទ​ដែលតា​ទៀត​ ឬក៏​អាច​ឆ្លង​ប្រភេទ​ផ្សេងទៀត​បានដែរ​»​។

លោកស្រី​បាន​បន្ត​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ភ្លេចខ្លួន ដោយ​សំអាង​ចាក់​វ៉ាក់សាំង​ហើយ​លែង​ការពារ​នោះទេ ប៉ុន្តែ​សុំ​កុំភ្លេចថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយក៏​នៅតែមាន​លទ្ធភាព​ឆ្លង​វីរុស​កូវីដ​ ១៩ ​ដែរ​។

វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន​ ២,៥ ​លានដូស​ក្នុងនោះ វ៉ាក់សាំង​ចំនួន​ ២ ​លានដូស ​ជា​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ ៥០ ​ម៉ឺនដូស​ទៀត​ជា​ការបរិច្ចាគ​របស់​ក្រុមហ៊ុន ស៊ីណូវ៉ាក់​ជូន​ដល់​រដ្ឋាភិបាល​បាន​ដឹក​មកដល់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​ ៤ ខែ កញ្ញា ឆ្នាំ​ ២០២១​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា វត្តមាន​ដ៏ច្រើន​នៃ​វ៉ាក់សាំង​របស់​ចិន​បានរួម​ចំណែក​ដ៏សំខាន់​ជួយ​ឱ្យ​កម្ពុជា​សម្រេច​នូវ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ ១២ ​ឆ្នាំ​ឡើង ប្រមាណ​ជា ១២ ​លាន​នាក់ បានសម្រេច​មុន​ផែនការ​។

លោក​បន្ថែមថា​៖ «​វត្តមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ របស់​ចិន​នៅ​កម្ពុជា បានបង្ហាញ​ច្បាស់​ពី​ស្មារតី​នៃ​មិត្តភាព​ដែកថែប​រវាង​ចិន និង​កម្ពុជា ដែលជា​ស្មារតី​ជួយ​ជ្រោមជ្រែង​គ្នា​រាល់​ការលំបាក​។ ជាពិសេស​បានបង្ហាញ​នូវ​ស្មារតី​ចូលរួម​ដ៏ខ្លាំងក្លា​របស់​ចិន​ក្នុង​ការជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្វះស្វែង​យ៉ាងខ្លាំង​ក្នុង​ការរក​វ៉ាក់សាំង​មកចាក់​ជូន​ពលរដ្ឋ​ឥតគិតថ្លៃ​ដែល​ពេលនេះ​កម្ពុជា​បានទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ សរុប​ជិត​ ៣០ ​លានដូស​ហើយ ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ក្នុង​នោះ​ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​កម្ពុជា​ច្រើនជាងគេ​។ ក្រៅពីនោះ​មាន​អង្គការ​សុខភាព​ពិភពលោក​តាមរយៈ​យន្តការ​ខូវ៉ាក់​ប្រទេស​ជប៉ុន អង់គ្លេស និង​សហរដ្ឋអាមេរិក​តាមរយៈ​ខូវ៉ាក់​ផងដែរ​។

គិត​ត្រឹម​យប់​ថ្ងៃទី​ ៤ ខែកញ្ញា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​បាន​ចាក់​វ៉ាក់សាំង​រួច​មាន​ចំនួន​សរុប​ជាង​ ៩,៥ ​លាន​នាក់​ ឬ​ស្មើនឹង​ ៩៥,៣៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់ ចំណែក​មនុស្ស​ដែលមាន​អាយុ​ ១២ ​ឆ្នាំទៅ​ក្រោម ១៨ ​ឆ្នាំ​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ជាង​ ១,៦ ​លាន​នាក់​ ឬ​ស្មើនឹង ៨៤,៤២% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​។ ជាមួយនេះ អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៣ ​មាន​ចំនួន​ជាង​ ៦៦ ​ម៉ឺន​នាក់​ផងដែរ​៕

វីដេអូ៖