ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧ ​ដែល​នឹង​ប្រារព្ធ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី ​៩ ខែកញ្ញា​ ខាង​មុខ​នេះ ​ក្រោម​មូល​បទ «មហា​អនុ​តំបន់​មេគង្គ៖​ ពង្រឹង​ភាព​ខ្លាំង​ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ប្រឈម​នៃ​ទស​វត្សរ៍​ថ្មី»​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​នាយក​ដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិនៅ​រសៀល​ថ្ងៃទី​ ៧​ ខែកញ្ញា​នេះ បាន​ឱ្យដឹង​ថា លោក ហ៊ុន សែន នឹង​ធ្វើជា​ប្រធាន​ដឹក​នាំ​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ​លើក​ទី៧ ​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី ៩​ ខែ កញ្ញា ឆ្នាំ ២​០២១​។

កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​បណ្តា​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ជា​សមា​ជិក​មហា​អនុតំបន់​ផ្សេង​ទៀត ​រួម​មាន ​លោក​ លី កេ​​ឈាង នាយ​ករដ្ឋ​មន្ត្រី​នៃ​សាធា​រណរដ្ឋ​ប្រជា​មានិត​ចិន, លោក ផន​ខាំ វី​ផា​វ៉ាន់​ នាយក​រដ្ឋមន្ត្រី​នៃ​សា​ធារ​ណរដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​ឡាវ​,នាយ​ឧ​ត្ត​ម​សេនី​យ៍ មីង អ៊ុងឡាំង ប្រ​ធាន​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សា​ធារណរដ្ឋ​សហ​ភាព​មី​យ៉ាន់​ម៉ា, នាយ​ឧត្តម​សេនីយ៍ ប្រា​យុធ ​ចាន-​អូចា​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​ថៃ, លោក ផាម​ មិញ​ជិញ​ នាយក​រដ្ឋ​មន្ត្រី​នៃ​សា​ធា​រណរដ្ឋ​សង្គម​និយម​វៀត​ណាម​និង​លោក ​ម៉ាសា​ត ស៊ូ​ហ្គូ​អាសា​កា​វ៉ា ​ប្រ​ធាន​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី​។

ជា​មួយ​គ្នា​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ក្នុង​ជួរ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក៏​នឹង​អញ្ជើញ​ចូល​រួម​អម​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​សែន ក្នុង​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ផង​ដែរ​ ក្នុង​នោះ​​រួម​មាន​ លោក​ជា ​សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនី​យ​កម្ម និង​សំណង់, ​លោក​ ស៊ុន ចាន់​ថុល ​រដ្ឋ​មន្ត្រី​ក្រសួង​សា​ធា​រណការ​និង​ដឹក​ជញ្ជូន, លោក​ អៀង មូលី​ ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេស​កកម្ម​ពិសេស​និង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​លោក ​សុខ ចិន្តា​សោ​ភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយ​ករដ្ឋ​មន្ត្រី និង​ជា​អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ព្រម​ទាំង​រដ្ឋ​មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​លើក​ឡើង​ទៀត​ថា៖ «កិច្ចប្រជុំ​នេះ​នឹង​ពិនិត្យ​មើល​វឌ្ឍន​ភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​ចាប់​តាំង​ពី​កិច្ច​ប្រជុំ​កំពូល​លើក​ទី៦​ នៅ​ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០១៨​ នៅ​ប្រទេស​វៀត​ណាម ​ព្រម​ទាំង​កំណត់​សកម្ម​ភាព​និង​ទិស​ដៅ​អនា​គត​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅ​៣​ឆ្នាំ​បន្ទាប់​ ក្រោម​ការ​ជួយ​គាំទ្រ​ពី​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី»​។

កិច្ច​ប្រជុំ​នេះ​ក៏​នឹង​ផ្ដល់​ឱកាស​ដល់​អ្នក​ចូល​រួម​ទាំង​អស់​ធ្វើការ​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ចូល​រួមចំណែក​របស់​ខ្លួន​ ដើម្បី​ធ្វើឱ្យ​អនុ​តំបន់​កាន់​តែ​រួប​រួម​គ្នា​ប្រកប​ដោយ​វិបុល​ភាព ​ចី​រភាព និង​បរិ​យា​ប័ន្ន​ នៅក្នុង​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ សម្រាប់​កំណើន​សេដ្ឋកិ​ច្ច និង​ការ​អភិវឌ្ឍ​សង្គម​នៅ​ក្នុង​អនុ​តំបន់​តំបន់ និង​ពិភព​លោក​។

គួរកត់​សម្គាល់​ផង​ដែរ​ថា ​កម្មវិធី​មហា​អនុ​តំបន់​មេគង្គ​ឈរលើ​មូល​ដ្ឋាន​នៃ​ការពិគ្រោះ​យោ​បល់ និង​កិច្ច​សន្ទ​នា ក្នុង​ចំណោម​បណ្តា​សមា​ជិក​មហា​អនុ​តំបន់​មេ​គង្គ។មហា​អនុ​តំបន់​មេគង្គ​ផ្តោត​លើ​គម្រោង​អនុ​តំបន់​នានា​ដែល​មាន​អាទិ​ភាព​ខ្ពស់​នៅក្នុ​ង​វិស័យ​ការដឹ​កជញ្ជូន​ថាម​ពល ទូរ​គម​នាគ​មន៍​ បរិស្ថាន​ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ ទេស​ចរណ៍ ​ការ​វិនិយោ​គ​ផ្នែក​ឯក​ជន និង​កសិ​កម្ម៕