ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នឹងធ្វើ​ការប្រកាស​បិទបញ្ចប់​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ លើ​គោលដៅ​ខេត្ត​ចំនួន​ ៣ នៅក្នុង​សប្ដាហ៍​នេះ និង​កំពុង​ពិចារណា​លើ​គោលដៅ​ខេត្ត​ប៉ៃលិន ក្រោយពី​ពលរដ្ឋ​អាយុ​ ១៨ ​ឡើង ចំនួន​ ៩ ​លាន​ ៦ ​សែន​នាក់ ក្នុង​គោលដៅ​ ១០ ​លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​។

យោងតាម​គម្រោង​របស់​រាជរដ្ឋាភិបាល យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​គោលដៅ​នៃ​ប្រជាជន​ ១០ ​លាន​នាក់​នឹងត្រូវ​បិទបញ្ចប់​នៅក្នុង​ខែតុលា ឬ​ដើមខែ​វិច្ឆិកា ឬ​អាច​នឹង​មុន​ផែនការ​នេះ​។

លោកស្រី ឱ វណ្ណឌីន នៅ​ថ្ងៃទី​ ៦ ខែកញ្ញា ក្នុងពេល​ចុះ​ផ្តល់​អំណោយ​ទៅដល់​លោកតា​លោកយាយ​អាយុ​ពី​ ១០០ ​ឆ្នាំ​ឡើង​ក្នុង​ខេត្តកំពង់ធំ ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ថា​នៅពេលនេះ​មាន​ខេត្ត​មួយចំនួន​ហើយ​ដែល​គ្រោង​នឹង​បិទ​បញ្ចប់ ហើយក៏​ទទួលបាន​នូវ​ការសម្រេច​ដ៏ខ្ពង់ខ្ពស់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បិទ​បញ្ចប់​នៅ​ខេត្ត កណ្តាល ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្ត​ប៉ៃលិន ក៏បាន​កំពុងតែ​ស្នើសុំ​បិទ​បញ្ចប់​ផងដែរ​។

លោកស្រី វណ្ណឌីន ថ្លែងថា​៖ «​ខ្ញុំ​នឹងចូលរួម​ក្នុង​ការប្រកាស​បិទបញ្ចប់​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​សម្រាប់​ក្រុមមនុស្ស​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើងទៅ ដែល​ខេត្តកណ្តាល​នឹង​ធ្វើ​ពិធី​ប្រកាស​បិទ​នៅ​ថ្ងៃទី​ ៨ ខែកញ្ញា ឯ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប ប្រកាស​បិទ​នៅ​ថ្ងៃទី​ ១០ ខែកញ្ញា ខាងមុខនេះ​ផងដែរ​»​។

ជាមួយ​គ្នា​នេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បាន​លើកឡើង​ពី​បេសកកម្ម​ទាក់ទង​នឹង​ការផ្តល់​អំណោយ​ទៅដល់​មនុស្ស​ចាស់​ដែលមាន​វ័យ​ ១០០ ​ឆ្នាំ​ឡើង​ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ចាប់តាំងពី​ដើមខែ​កក្កដា រហូតមកដល់​ពេលនេះ​មាន​ចំនួន​ ១០០ ​នាក់​ហើយ ហើយ​សរុប​ចម្ងាយ​ផ្លូវ​ដែល​លោកស្រី និង​ក្រុមការងារ រួម​នឹង​មន្ត្រី​នៃ​អង្គការ​សុខភាព​ពិភពលោក​បានធ្វើ​ដំណើរ គឺ​ចំនួន​ជាង​ ១ ​ម៉ឺន​គីឡូម៉ែត្រ​ឯណោះ​។

លោកស្រី វណ្ណឌីន ថ្លែងថា​៖ «​នៅមាន​លោកតា លោកយាយ មួយចំនួនទៀត​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយនឹង​ត្រូវ​បានទទួល​អំណោយ​នេះ ហើយ​យើង​សង្ឃឹមថា បេសកកម្ម​នេះ​នឹង​បញ្ចប់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ ដោយសារ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ពិសេស​ក្រុម​គោលដៅ​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​ចំនួន​ ១០ ​លាន​នាក់ ក៏​នឹង​ជិត​ឈាន​គ្រប់​ចំនួន​ផងដែរ​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា ការបិទបញ្ចប់​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នឹង​ធ្វើជា​បន្តបន្ទាប់​ទៅតាម​ស្ថានភាព និង​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ជាក់ស្តែង​នេះ មិនមែន​មានន័យ​ថា​បិទបញ្ចប់​ហើយ អ្នក​ដែល​មិនទាន់បាន​ចាក់​មិនអាច​ចាក់​នោះទេ គឺ​ក្រសួង​នឹង​រក្សាទុក​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​នៅតាម​ទីតាំង​មួយចំនួន​នៃ​បណ្តា​ខេត្ត​នីមួយៗ​ផងដែរ​។

លោកស្រី​បាន​ប្រាប់ថា​៖ «​សុំ​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​សោះ កុំ​មាន​ការបារម្ភ គឺ​ពួកគាត់​អាច​ស្វែងរក​ការចាក់​បាន​នៅតាម​ទីតាំង​ដែល​រដ្ឋបាល​រាជធានី-ខេត្ត​នឹង​ធ្វើការ​ប្រកាស​នៅពេល​ការបិទបញ្ចប់​យុទ្ធនាការ​នេះ​»​។

ទន្ទឹមនឹង​នេះដែរ លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ក៏បាន​លើកឡើង​ពី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​វីរុស​កូវីដ​ ១៩ ​ក្នុងប្រទេស​កម្ពុជា ដែល​មកដល់ពេលនេះ​ហាក់​មាន​ភាពល្អ​ប្រសើរឡើង​វិញ​ផងដែរ​។

លោកស្រី​បាន​ថ្លែងថា​៖ «​យើង​ឃើញថា ស្ថានភាព​ទូទៅ​គឺ​មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ​ដោយសារ​មានការ​អនុវត្ត​បានល្អ​នូវ​វិធានការ​សុខាភិបាល​ដែលជា​វិធានការ​មិនមែន​ឱសថ រួមគ្នា​ជាមួយ​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដែលមាន​ដំណើរការ​ល្អ ហើយនឹង​ការបង្កើន​នូវ​សមត្ថភាព ក្នុង​ការព្យាបាល​អ្នក​កើត​ជំងឺ​កូវីដ​ ១៩ ​នេះ​បាន​យ៉ាង​ល្អ​ផងដែរ​»​។

លោកស្រី​បាន​បន្តថា នេះ​ជា​ដំណឹង​មួយ​ដែល​ស្ថានភាព​បាន​វិល​មក​ភាពប្រសើរ​ឡើងវិញ ប៉ុន្តែ​អ្វីដែល​គ្រប់គ្នា​កំពុង​ប្រឈម​គឺ​ការបំប្លែង​ថ្មី​នៃ​មេរោគ​កូវីដ​ ១៩ ​នេះ ជាពិសេស​មេរោគ​ប្រភេទ​ដែលតា​នេះ​តែម្តង​។ ដូចនេះហើយ អ្វីដែល​សំខាន់​ជាងគេ​ទោះបីជា​ស្ថានភាព​មាន​ភាពប្រសើរ​យ៉ាងណាក៏ដោយ ក៏​ទាំងអស់​គ្នា​មិនត្រូវ​បន្ធូរបន្ថយ​នូវ​វិធានការ​ការពារ​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងមក​នោះទេ​។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី​ ៦ ខែកញ្ញា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ចំនួន​ជាង​ ៩,៦ ​លាន​នាក់​ ឬ​ស្មើនឹង​ ៩៦,០៩% បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ចំណែក​ក្រុមមនុស្ស​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​ចំនួន​ជាង​ ១,៦ ​លាន​នាក់​ ឬ​ស្មើនឹង​ ៨៥,៥៥% ​ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​​ជំងឺ​កូវីដ​ ១៩ រួចហើយ​៕

វីដេអូ៖