ភ្នំពេញៈ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែសម្រួលវិធីសាស្ត្រ និងវិធានការឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្រផ្អែកលើភ័ស្តុតាង និងផ្តោតលើគោលដៅជាក់លាក់បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សង្គម និងការពារប្រជាពលរដ្ឋរបស់ខ្លួន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃទី ៧ ខែកញ្ញា ស្តីពី «កម្ពុជាកែសម្រួលយុទ្ធសាស្ត្រ និងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាតជំងឺកូវីដ ១៩ របស់ខ្លួនជាថ្មី» ដោយបានបង្ហាញថា ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយនៃការផ្ទុះរាលដាលជំងឺកូវីដ ១៩ ដែលចំនួនករណីមានការថយចុះ ការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងខ្ពស់ និងចរាចរណ៍នៃមេរោគបំប្លែងថ្មីដែលងាយឆ្លងជាងមុន។
តួលេខប្រចាំថ្ងៃដែលបានរាយការណ៍ទាំងករណីឆ្លងថ្មី និងករណីស្លាប់បានថយចុះជាច្រើនសប្តាហ៍មកហើយ ដែលចំនួនករណីបានធ្លាក់ចុះ អត្រាចាក់វ៉ាក់សាំងបានកើនឡើង។ គិតត្រឹមថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ ជាង ៩៥ ភាគរយនៃប្រជាជនគោលដៅ ១០ លាននាក់នៅកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ ១៩ យ៉ាងហោចណាស់ ១ ដូស។ ចំនួន ៩៨ ភាគរយនៃបុគ្គលិកសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ ១៩ គ្រប់ ២ ដូស។ ៩៥ ភាគរយនៃមនុស្សដែលមានវ័យចំណាស់បានចាក់វ៉ាក់សាំងបាន ១ ដូស ហើយ ៧៧ ភាគរយនៃមនុស្សដែលមានវ័យចំណាស់បានចាក់វ៉ាក់សាំងបានគ្រប់ ២ ដូសរួចហើយ។ ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមតំបន់ដាច់ស្រយាល និងប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយក៏បានចាក់វ៉ាក់សាំងកូវីដ ១៩ ផងដែរ។
តំណាង WHO ថ្លែងថា៖ «ទោះជាទិន្នន័យបង្ហាញពីស្ថានភាពប្រសើរឡើងក៏ដោយ ក៏ហានិភ័យនៃការកើនឡើងជាគំហុកនៃករណីជំងឺកូវីដ ១៩ នៅមានកម្រិតខ្ពស់។ នៅក្នុងឆ្នាំ ២០២១ នេះកម្ពុជាក៏ដូចជាប្រទេសជាច្រើនទៀតដែរ បាននិងកំពុងប្រណាំងប្រជែងជាមួយនឹងមេរោគកូវីដ ១៩ បំប្លែងថ្មីដែលងាយឆ្លងជាងមុន»។
ទោះជាការអនុវត្តប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនៃវិធានការសុខភាព សាធារណៈ និងវិធានការសង្គម និងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបានលឿនបានកាត់បន្ថយការចម្លងក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋមានភាពនឿយណាយ ក្រោយពីឆ្លងកាត់ការផ្ទុះរាតត្បាតនៃជំងឺកូវីដ ១៩ រយៈពេលជិត ២០ ខែមក។
លោកស្រី លី អៃឡែន តំណាង WHO ប្រចាំកម្ពុជាបានលើកឡើងថា ផ្នែកដ៏គួរឱ្យចាប់អារម្មណ៍មួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺថាការសម្រេចចិត្តផ្អែកលើហានិភ័យកំពុងត្រូវបានអនុវត្តរួមគ្នាជាមួយនឹងការផ្តោតលើបរិបទប្រទេសកម្ពុជា រួមទាំងបរិបទសង្គម និងបរិបទវប្បធម៌។
លោកស្រីថ្លែងថា៖ «ជាឧទាហរណ៍ ការស្ទង់មតិរបស់ប្រជាពលរដ្ឋនាពេលថ្មីៗនេះបង្ហាញថា ពលរដ្ឋនៅប្រទេសកម្ពុជា បារម្ភអំពីសុខភាពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេច្រើនជាងសុខភាពផ្ទាល់ខ្លួន។ នេះគឺជាកត្តាជំរុញទឹកចិត្តដ៏មានឥទ្ធិពលមួយជួយឱ្យបុគ្គលម្នាក់ៗសម្រេចចិត្តបានត្រឹមត្រូវក្នុងការចាត់វិធានការ ប្រឆាំងនឹងជំងឺកូវីដ ១៩ ដើម្បីការពារគ្រួសារ និងសហគមន៍របស់ពួកគេ»។
កាលពីពាក់កណ្តាលឆ្នាំ ២០២១ នេះដោយមានជំនួយគាំទ្រពីអង្គការសុខភាព ពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាលបានផ្តួចផ្តើមរិះរកមធ្យោបាយធ្វើការឆ្លុះបញ្ចាំងទៅលើយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពបំផុតនៅក្នុងការទប់ស្កាត់នូវការកើនឡើងជាថ្មីនៃករណីជំងឺកូវីដ ១៩។
សេចក្តីប្រកាសដដែលនេះបានបញ្ជាក់ថា បេសកកម្មរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកនៅគ្រប់ ២៥ រាជធានីខេត្ត ដើម្បីស្វែងយល់ពីជោគជ័យ និងបញ្ហាប្រឈមនានានៅក្នុងការឆ្លើយតបចំពោះជំងឺកូវីដ ១៩ របស់រាជធានីខេត្តទាំងនោះ និងបង្កើតដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការចម្លង ក៏ដូចជាលើកកម្ពស់សុខភាព ស្តារសេដ្ឋកិច្ច និងសង្គមនៅក្នុងស្ថានភាពប្រក្រតីបែបថ្មីឡើងវិញ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានលើកឡើងថា យុទ្ធសាស្ត្រ និងវិធានការកែសម្រួលឡើងវិញនេះ រួមជាមួយនឹងសកម្មភាពបុគ្គលម្នាក់ៗ និងសកម្មភាពរួមគ្នានឹងជួយផ្តល់ឱ្យកម្ពុជានូវក្តីសង្ឃឹមថ្មី និងឱកាសខ្ពស់បំផុតក្នុងការប្រយុទ្ធយកឈ្នះលើជំងឺកូវីដ ១៩។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដាកន្លងមកនេះ ក្រសួងសុខាភិបាលតាមរយៈអនុគណៈកម្មការអប់រំបណ្តុះបណ្តាល និងទំនាក់ទំនងនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានបើកដំណើរការយុទ្ធនាការជាតិឆ្លើយតបនឹងជំងឺកូវីដ ១៩ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩»។ ទិដ្ឋភាពសំខាន់នៃយុទ្ធនាការជាតិនេះ គឺការចូលរួមរបស់សហគមន៍ និងការទទួលខុសត្រូវបុគ្គលម្នាក់ៗក៏ដូចជាការជ្រើសរើសបានត្រឹមត្រូវនៅក្នុងការការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ នៅក្នុងគ្រួសារ និងសហគមន៍៕
វីដេអូ៖