ភ្នំពេញៈ វីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) បានឆ្លងទៅដល់ ២៤ រាជធានី-ខេត្ត និងមនុស្សសរុបចំនួនជាង ៣ ០០០ នាក់ បានឆ្លងនូវវីរុសនេះ ហើយរាជធានីភ្នំពេញនៅតែជាភូមិសាស្រ្តមួយដែលមានករណីនេះ ច្រើនជាងគេចំនួន ១ ០០០ ករណីក្នុងចំណោមអ្នកឆ្លងសរុប។
រហូតមកដល់ពេលនេះ នៅសល់ខេត្តកែប តែមួយគត់ដែលមិនមានករណីវីរុសប្រភេទដែលតានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយនាយប់ថ្ងៃទី ០៨ ខែកញ្ញា បានឱ្យដឹងថា គិតចាប់ពីចុងខែមីនា រហូតមកដល់ថ្ងៃទី ០៧ ខែកញ្ញា ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា សរុបចំនួន ៣ ៣២៣ នាក់ ក្នុង ២៤ រាជធានី-ខេត្ត លើកលែងតែខេត្តកែប ១ ប៉ុណ្ណោះ ដែលមិនទាន់មានករណីវីរុសប្រភេទដែលតានេះ។
រាជធានីភ្នំពេញមានករណីឆ្លងវីរុសប្រភេទដែលតានេះចំនួន ១ ១១៣ នាក់ ខេត្តបន្ទាយមានជ័យចំនួន ៧៣៨ នាក់ ខេត្តឧត្តរមានជ័យចំនួន ២៧៦ នាក់ ហើយខេត្តដែលមានករណីនេះតិចជាងគេគឺខេត្តក្រចេះដែលទើបតែរកឃើញ មានចំនួន ០១ ករណី៕