ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​រកឃើញ​មនុស្ស​ចំនួន ១២ នាក់​បន្ថែម​ទៀត​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ និង​មាន​អ្នក​ឆ្លង​វីរុស​ជំងឺ​នេះ​ជាង ៦០០ នាក់​បន្ថែម​ទៀត ខណៈ​មាន​អ្នកជា​សះ​ស្បើយ​ជិត​ ៥០០​ នាក់​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី​ ១២​ ខែកញ្ញា​នេះ​ បានឱ្យដឹង​ថា ​ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​ចំនួន​ ៦៦២ ​នាក់​ទៀត និង​មាន​អ្នកជា​សះ​ស្បើយ​បន្ថែម​ចំនួន ​៤៩៣ នា​ក់។ អ្នក​ដែល​បាន​រក​ឃើញ​ឆ្លង​នេះ​មាន​ករណី​ឆ្លងក្នុង​​សហ​គមន៍ចំនួន ៤៨២ ​នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន​ ១៨០ នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១២​ ខែ កញ្ញា ឆ្នាំ ២០២១ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ​៩៩ ៥០៤ នាក់​ អ្នក​ជា​សះ​ស្បើយសរុប​ចំនួន ​៩៣ ៩០៤ នាក់ និង​អ្នកស្លាប់​សរុប​បាន​កើន​ឡើង​រហូត​ដល់ ​២ ០៤០​ នាក់៕​