ភ្នំពេញៈ លេខាធិការ​ដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ ​(MRC) ​ព្រមាន​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​តំបន់​វាល​ទំនាប ​ជាប់​មាត់​ទឹក ​និង​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​ នៃ​អាង​ទន្លេ​មេគង្គ​ក្រោម ​នឹង​ជួប​ប្រឈម​គ្រោះ​ជំនន់​ទឹក​ភ្លៀង ​និង​បញ្ហា​បាក់​ដី​ឬ​ច្រាំង។ នេះ​បើ​តាម​លោក ​Lam Hung Son ​ប្រធាន​លេខាធិការដ្ឋាន​ MRC ​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​ទឹក​ជំនន់​និង​គ្រោះ​រាំង​ស្ងួត​ប្រចាំ​តំបន់​កាលពី​ថ្ងៃ​ទី ១០ ​កញ្ញា។

លោក​ថ្លែងថា ​ព្យុះ ​Conson ​ដែលបាន​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ​ដែល​គេស្គាល់​ថា ​ជាព្យុះ​ត្រូពិច ​Jolina ​កំពុង​ធ្វើ​អន្តរកម្ម​ជាមួយ​ព្យុះ​Typhoon ​មួយ​ឈ្មោះ​ Chanthu ​កំពុង​ធ្វើដំណើរ​ឆ្លងកាត់​ភាគ​ខាងជើង ​និង​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណម​ ដែល​នឹង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​បង្កឱ្យ​មាន​ជំនន់​ទឹកភ្លៀង​កើត​ឡើង។ ទន្ទឹម​នឹង​នេះ​ ខេត្ត​ភាគ​ខាងជើង ​និង​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ​ប្រទេស​ឡាវ ​និង​ប្រទេស​ថៃ ​ក៏នឹង​អាច​រង​ផល​ប៉ះពាល់ ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ផង​ដែរ។​

លោក ​Lam Hung Son ​បញ្ជាក់ថា​៖ «យើង​បាន​ជូនដំណឹង​ដល់​ទីភ្នាក់ងារ​ជាតិ​នៅកម្ពុជា ​ឡាវ ​ថៃ ​និង​វៀតណាម ​អំពី​ការ​មក​ដល់​នៃ​ព្យុះ​ Conson ​និង​ផល​ប៉ះពាល់ ​ដែល​អាច​កើតមាន​ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​នេះ។ តំបន់​ទំនាប​អាចជួប​នឹង​ជំនន់​ទឹក​ភ្លៀង ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ខ្លី។ ការរអិល​បាក់​ដី ​ដែលបង្ក​ឡើង​ដោយ​ទឹកភ្លៀង​ក៏អាច​កើតមាន​ផង​ដែរ​នៅ​តំបន់​ដែល​មាន​ជម្រាល​ភ្នំ​ខ្ពស់ៗ»។

យោង​តាម​ព្រឹត្តិបត្រ​ព្យាករណ៍​កម្ពស់​ទឹក​ទន្លេ​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​ ចេញផ្សាយ​នៅ​ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ​២០២១​បង្ហាញថា ​កម្ពស់ទឹក​នៅគ្រប់​ស្ថានីយ​ជលសាស្ត្រ​ទាំងអស់​បានហក់​ឡើង​ជាបន្តបន្ទាប់ ​រហូតដល់​ថ្ងៃទី ​១៥ កញ្ញា។ ក្នុង​នោះ​ កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹង​ត្រែង ​គិត​ចាប់ពី​ថ្ងៃទី ១៣​-១៥ កញ្ញា ​ នឹង​ហក់​ឡើង​ពី​កម្រិត​ ៧.១៣ ម៉ែត្រ ​ដល់ ​៧.៥០ ម៉ែត្រ ​ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន ​គឺ ​១០.៧០ ម៉ែត្រ។ ចំណែក​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ ​គិត​ចាប់ពី​ថ្ងៃ​ទី ១៣-​១៥ ខែកញ្ញា ​នឹង​ហក់ឡើង​ពី​ ១៥.៩៧ ម៉ែត្រ ​ដល់​ ១៦.៧៩ ម៉ែត្រ ​ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​ គឺ ​២២ ម៉ែត្រ។

ទោះយ៉ាង​ណា ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ២៣០ ខ្នង ​នៅ​តំបន់​វាលទំនាប ​ជាប់​មាត់ទឹក ​នៃ​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​បានរង​ការជន់​លិច​និង​ខូចខាត​ផ្លូវលំ​ជនបទ​មួយ​ចំនួន​ទៀត។ នេះ​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន។

លោក​ ស្វាយ ជា ​អភិបាល​ស្រុក​ម៉ាឡៃ ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ថា ​ភ្លៀង​បាន​ធ្លាក់​ជាបន្តបន្ទាប់​ក្នុង​កម្រិត​ពី​បង្គួរទៅ​ខ្លាំង ​បង្ក​ឱ្យ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ ២២៨ ខ្នង​ នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ​ស្ថិត​ក្នុង​ភូមិ​បឹង​ជ្រុក ​ឃុំ​ទួល​ពង្រ។ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​បានចុះ​អន្តរាគមន៍​ជួយ ​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ​និង​បានប្រើ​គ្រឿង​ចក្រ​កាយ​កាត់​ផ្ដាច់​ផ្លូវ​លំ​ក្នុង​ភូមិ​មួយខ្សែ ​ដើម្បី​រំដោះ​ទឹក ​កាត់​បន្ថយ​ការជន់​លិច​លំនៅ​ឋាន។

លោក​និយាយថា​៖ «ក្រុម​ការងារ​យើង​បានចុះ​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ទាំងយប់​ [ថ្ងៃ​ទី ១១​-៩-​២០២១]​ គឺ​យើង​បានប្រើ​គ្រឿង​ចក្រ​កាយ​ផ្ដាច់​ផ្លូវលំ​ក្នុង​ភូមិ​ជាបណ្ដោះ​អាសន្ន​បណ្ដើរ ​និង​ជម្លៀស​ពលរដ្ឋ ​ដែល​ផ្ទះ​របស់​គាត់​ទឹក​លិច​ចូល​មិន​អាច​ស្នាក់​នៅ​បណ្ដើរ។ នៅ​ពេល​នេះ ​ទឹក​បានស្រក​ចុះ​ពី​ក្នុង​ភូមិ​បន្តិច​ហើយ ​ប៉ុន្តែ​មេឃ​នៅតែ​បន្ត​ធ្លាក់​ភ្លៀង»។

ដូចគ្នា​នេះ ​លោក​រ័ត្ន ដាស៊ីណង់ ​អភិបាល​ស្រុក​មង្គលបូរី​ ក៏បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១២ ​កញ្ញា​ថា ​ដោយសារ​ទឹក​ភ្លៀង​ផង ​និង​ទឹក​ដែល​ហូរចាក់​ពី​ស្ទឹង​បរវេល​ផង​នោះ ​នៅ​ពេលនេះ​ទឹក​នៅ​ស្ទឹង​មង្គលបូរី ​បានចាប់​ផ្ដើម​ជន់​ឡើង ​និង​ហូរ​លិច​កាត់ផ្លូវ ​និង​ខ្នង​ប្រឡាយ​មួយចំនួន​ជាបណ្តើរៗ​នៅ​ក្នុង​ឃុំ​សឿ។

លោក​បញ្ជាក់ថា​៖ «កម្រិត​បរិមាណ​ទឹក ​ដែល​កំពុង​ជន់លិច​ក្នុង​ពេលនេះ ​គឺ​យើង​នៅ​គ្រប់គ្រង​បាន​នៅ​ឡើយ។ យើង​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​គ្រោះ​ទឹក​ជំនន់​នេះ​ផងដែរ។ ជាពិសេស​ត្រូវ​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ពី​សុវត្ថិភាព​ចំពោះ​ក្មេងៗ ​និង​ចាស់​ជរា ​ដែល​ជាសមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ»។

បើ​តាម​លោក​ដាស៊ីណង់ ​ស្ថានភាព​កម្រិត​ទឹក​ស្ទឹង​មង្គលបូរី ​កំពុង​ហក់ឡើង​យ៉ាង​គំហុក​នៅក្នុង​ឃុំ​សឿ ​ហើយ​បើ​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង ​និង​មាន​ទឹកហូរ​ធ្លាក់​មកពី​ភ្នំ​និង​ប្រព័ន្ធ​ដៃអូរ​មួយចំនួន​ជាប់​ព្រំដែន​ថៃ​ទៀត​នោះ​ វា​អាចនឹង​បង្ក​ជន់​លិច​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​សឿ ​និង​ឃុំ​៣ទៀត ​រួមមាន​ឃុំ​រហាត់ទឹក​ ចំណោម ​និង​ឃុំ​បត់​ត្រង់។

ជាមួយ​គ្នានេះ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សម្អាត​អនាម័យ ​បរិស្ថាន​ជុំវិញ​លំនៅឋាន​ឱ្យ​បានល្អ​ស្អាត​ជាប់​ជាប្រចាំ ​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​នានា៕

វីដេអូ៖