ភ្នំពេញៈ ក្រសួងសុខាភិបាលបានណែនាំទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារការចម្លងវីរុសកូវីដ ១៩ ខណៈដែលស្ថានភាពនៃការចម្លងវីរុសកូវីដ ១៩ នៅបណ្តាប្រទេសលើសកលលោក និងក្នុងតំបន់មិនទាន់មានការធូរស្បើយនៅឡើយ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ១៣ ខែកញ្ញា បានឱ្យដឹងថា រហូតមកទល់ថ្ងៃទី ៦ ខែកញ្ញា ករណីជំងឺកូវីដ ១៩ នៅលើពិភពលោកមានអ្នកឆ្លងចំនួន ២២០ ៥៦៣ ២២៧ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៤ ៥៦៥ ៤៨៣ នាក់ ដែលបានរាយការណ៍មកអង្គការសុខភាពពិភពលោក។ រីឯបណ្តាប្រទេសដែលមានភូមិផងរបងជាប់ជាមួយនឹងប្រទេសកម្ពុជាវិញក៏នៅតែមានការចម្លងខ្ពស់នៅឡើយដែរ ទោះបីជាមានការថយចុះបន្តិចក៏ដោយ។
ក្រសួងបានបន្ថែមថា៖ «នាប៉ុន្មានថ្ងៃចុងក្រោយនេះយើងសង្កេតឃើញថា ចំនួនករណីជំងឺកូវីដ ១៩ មានការហក់ឡើងបន្តិចនៅតាមបណ្តាខេត្តមួយចំនួនដែលក្នុងនោះក្រសួងសុខាភិបាលបានរកឃើញថា ករណីផ្ទុះភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្ត-ក្រុង-ភូមិ ទីប្រជុំជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋយើងមានការទៅទិញម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគឬជួបជុំគ្នាបរិភោគជាដើម»។
ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ កុំ ជាពិសេសកុំទៅទីតាំងមានហានិភ័យខ្ពស់ដូចជា ទីតាំង ៣ «ជ» ដែលជាទីតាំងមានមនុស្សច្រើនជួបជុំ ទីតាំងបិទជិតមិនមានខ្យល់ ចេញចូលគ្រប់គ្រាន់និងទីតាំងដែលមានមនុស្សនៅជិតៗគ្នា។
សេចក្តីណែនាំនេះថា៖ «ការចូលរួមរបស់បុគ្គលនិងសហគមន៍ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ នៅតែចាំបាច់បំផុត និងត្រូវអនុវត្តជាប់ជាប្រចាំទោះជាបងប្អូនទាំងអស់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ»៕