ភ្នំពេញៈ ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩ ​ក្នុង​ប្រទេស​កម្ពុជា ​បាន​កើន​ឡើង​ទៅ​ដល់​ជាង​ ១០​ ម៉ឺន​នាក់​ហើយ​ ខណៈ​ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ជាង ​៦០០ ​នាក់ និង​មាន​អ្នកជា​សះ​ស្បើយ​ជាង ​៤០០ ​នាក់ ឯ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ​បន្ថែម​មាន​ចំនួន​ ៩​ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី​ ១៣ ខែកញ្ញា​នេះ បាន​ឱ្យដឹង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩​ បន្ថែម​មាន​ចំនួន ​៦២៩ នាក់ និង​មាន​អ្នកជា​សះ​ស្បើយចំនួន ៤២២ នាក់។ ករណី​ដែល​រក​ឃើញ​ឆ្លង​បន្ថែម​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ៥១៦ នាក់ និង​អ្នក​​ដំណើរ​ពី​បរទេស​ចំនួន ​១១៣ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ១៣​ ខែ​ កញ្ញា ​ឆ្នាំ ២០២១ កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ​១៩​ សរុប​ចំនួន​ ១០០ ១៣៣ នាក់ អ្នកជា​សះ​ស្បើយ​សរុប ​៩៤​ ៣២៦​ នាក់ ​និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ ២ ០៤៩​ នាក់៕