ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​សម្រាប់​មនុស្ស​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​តាម​គោលដៅ​កំណត់​មនុស្ស​ ១០ ​លាន​នាក់​នឹង​អាច​សម្រេចបាន​មុន​ផែនការ​ដែល​បានដាក់​ចេញ ហើយនឹង​ប្រកាស​បិទ​ការចាក់​វ៉ាក់សាំង​ជុំ​ទី​១ ​ក្នុង​ភូមិសាស្ត្រ​ ១០ ​ខេត្ត​ទៀត​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (​គ. វ. ក-១៩) បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១២ ខែកញ្ញា​ថា គ. វ. ក-១៩ កំពុងតែ​ជំរុញ​ការចាក់​វ៉ាក់សាំង​នៅតាម​បណ្តា​ខេត្ត​នានា​ដែល​កំពុងតែបន្ត​ចាក់​វ៉ាក់សាំង​នេះ​ ដោយសារ​ខេត្ត​មួយចំនួន​បាន​ចាប់ផ្តើម​ចាក់​ក្រោយ​ខេត្ត​ដែល​បានប្រកាស​បិទ​បញ្ចប់​ជា​បន្តបន្ទាប់​នេះ​។

លោកស្រី​ថ្លែងថា​៖ «​យើង​បាន​ធ្វើការ​ផ្តល់​វ៉ាក់សាំង​នេះ​ជា​យុទ្ធសាស្ត្រ​ផ្កា​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ដែល​ការចែក​វ៉ាក់សាំង​នេះ​មិន​ស្មើគ្នា​ទេ ដោយសារ​រាជធានី​ខេត្ត​ខ្លះ​បានចាប់ផ្តើម​មុន ខ្លះ​បានជា​បន្តបន្ទាប់​។ អ៊ីចឹង​ហើយ បានជា​យើង​កំពុងតែធ្វើការ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​អាជ្ញាធរ​កៀរគរ និង​ពន្យល់​ឱ្យ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន​»​។

លោកស្រី វណ្ណឌីន ថា​៖ «​ការពន្លឿន​នៃ​ការចាក់​វ៉ាក់សាំង​នេះ គឺ​ដើម្បី​ឈាន​ទៅដល់​ការបិទបញ្ចប់​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​នេះ​នៅពេល​ខាងមុខនេះ​។ ការចាក់​វ៉ាក់សាំង​ដែល​នឹង​ឈានទៅដល់​គោលដៅ​ ១០ ​លាន​នាក់​របស់​យើង​នេះ ខ្ញុំ​រំពឹងថា​នឹង​ចប់​នៅក្នុង​ដំណាច់​ខែកញ្ញា​នេះ​»​។

លោកស្រី​ថ្លែងថា គិត​ត្រឹម​ថ្ងៃទី​ ១២ ខែកញ្ញា ខេត្ត​ចំនួន​ ៦ ​បាន​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រួចហើយ ហើយ​បន្តធ្វើ​ការបិទ​ជា​បន្តបន្ទាប់​ទៀត​ដែល​ក្នុង​សប្តាហ៍​នេះ មាន​ប្រមាណ​ជា​ ១០ ​ខេត្ត​បន្ថែមទៀត​។

នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា រដ្ឋបាលខេត្ត​ស្វាយរៀង​ក៏បាន​ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១២ ខែកញ្ញា ប្រជាពលរដ្ឋ​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​ជាង​ ៩,៧ លាន​នាក់​ ឬ​ស្មើនឹង​ ៩៧,៣៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់ ហើយ​សម្រាប់​មនុស្ស​អាយុ​ពី​ ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ ចំនួន​មាន​ជាង​ ១,៧ ​លាន​នាក់​ស្មើនឹង​ ៨៦,៨៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រួចរាល់​ហើយ​។

ទន្ទឹមនឹង​នេះដែរ នា​ថ្ងៃទី​ ១៣ ខែកញ្ញា ក្រសួងសុខាភិបាល​បាន​ធ្វើការ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម​ ដើម្បី​ការពារ​ការចម្លង​វីរុស​កូវីដ ​១៩ បើទោះបីជា​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​ក្នុងប្រទេស​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ជា​ទីមោទនៈ ក្នុង​អំឡុង​ខែសីហា​រហូតដល់​ដើមខែ​កញ្ញា​នេះ​ក៏ដោយ​។

នៅ​បណ្តា​ប្រទេស​លើ​សកលលោក និង​ក្នុង​តំបន់​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​មិនទាន់​មាន​ការធូរស្បើយ​នៅឡើយ​ទេ ជាក់ស្តែង​បើ​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក រហូត​មកដល់​ថ្ងៃទី​ ៦ ខែកញ្ញា នៅលើ​ពិភពលោក​មាន​ករណី​ជំងឺ​កូវីដ​ ១៩ ចំនួន​ជាង ២២០ ​លាន​ ៥ ​សែន​នាក់ ដែល​ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន​ជាង ៤ ​លាន​ ៥ ​សែន​នាក់​។ រីឯ​បណ្តា​ប្រទេស​ដែលមាន​ភូមិ​ផង​របង​ជាប់​នឹង​ប្រទេស​កម្ពុជា​វិញ​ក៏​នៅតែមាន​ការចម្លង​ខ្ពស់​នៅឡើយ​ ទោះបីជា​មាន​ការថយចុះ​បន្តិច​ក៏ដោយ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា​៖ «​ប្រទេស​កម្ពុជា​យើង នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ យើង​សង្កេតឃើញថា​ចំនួន​ករណី​ជំងឺ​កូវីដ​ ១៩ ​មាន​ការហក់​ឡើង​បន្តិច​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​»​។

ប្រភព​ដដែល​ថា ការឆ្លង​នេះ​ក្រសួង​សុខាភិបាល​បាន​រកឃើញ​មាន​ការផ្ទុះ​ភាគច្រើន​បាន​កើតឡើង​នៅ​ទីផ្សារ​លក់ដូរ ដែល​មិនមែនជា​ផ្សារ​ទំនើប គឺ​ផ្សារ​លក់ដូរ​នៅតាម​បណ្តា​ខេត្ត ក្រុង ភូមិ ទីប្រជុំជន​នានា​ជាដើម ដែល​ប្រជាពលរដ្ឋ​យើង​មាន​ការទៅ​ទិញ​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ ឬ​ជួបជុំគ្នា​បរិភោគ ជាដើម​។

ដើម្បី​ធានា​ឱ្យបាន​នូវ​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩ និង​ឆ្ពោះទៅកាន់​ការរស់នៅ​តាម​បែប​គន្លង​ប្រក្រតីភាព​ថ្មី ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មាន​អារម្មណ៍​ស្កប់ស្កល់ ដោយមាន​ការពឹងផ្អែក​ទាំងស្រុង​ទៅលើ​វ៉ាក់សាំង​នោះទេ​។ ជាមួយ​គ្នា​នេះដែរ វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta) បាននិងកំពុង​វាយលុក​យ៉ាង​លឿន​នៅ​បណ្តា​ប្រទេស​ជាង​ ១៣០ ​ប្រទេស រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ដែលមាន​ចំនួន​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​មាន​ការកើនឡើង​ជា​រៀងរាល់ថ្ងៃ​ដែល​គួរឱ្យ​មាន​ការព្រួយបារម្ភ​ជាខ្លាំង​។

ក្រសួង​សុខាភិបាល​បាន​​ឱ្យដឹងថា​៖ «​ការចូលរួម​របស់​​បុគ្គល និង​សហគមន៍​ក្នុង​ការទប់ស្កាត់​ការចម្លង​វីរុស​កូវីដ-១៩​នៅតែ​ចាំបាច់​បំផុត និង​ត្រូវអនុវត្ត​ជាប់​ជាប្រចាំ​ទោះ​ជា​បងប្អូន​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ​»​។ ដូច្នេះ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩ ដោយ​អនុវត្ត​ឱ្យបាន​នូវ​វិធានការ ៣​ ការពារ និង ​៣ កុំ​៕