ភ្នំពេញៈ យ៉ាងហោចណាស់​មាន​យានយន្ត​ចំនួន ៨ ២៨៧ ​គ្រឿង ​ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៦ ៤៦៦ ​គ្រឿង​ផង​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផាកពិន័យ​នៅក្នុង​ការចុះអនុវត្ត​ការរឹតបន្តឹង​​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស​រយៈពេល​ ១២ ​ថ្ងៃ​។

នេះ​បើតាម​ទិន្នន័យ​ដែល​បាន​​ពី​មន្ត្រី​នាយកដ្ឋាន​នគរបាល​​ចរាចរណ៍​ និង សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ថ្ងៃទី​ ១៣ កញ្ញា​។

លោក ហេង ចាន់ធារី ប្រធាន​​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ពីថ្ងៃ​ទី​ ១៣ កញ្ញា​ថា ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃ​ ១២ ខែកញ្ញា ​ឆ្នាំ​នេះ ​​នគរបាល​ចរាចរណ៍​បាន​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​គោលដៅ​ត្រួតពិនិត្យ​នៅ​ទូទាំង​ប្រទេស​។ ​ក្នុង​រយៈពេល​នេះ​សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល្មើសច្បាប​ចំនួន​ ៨ ២៨៧ ​គ្រឿង​ក្នុង​នោះ​មាន ម៉ូតូ​ចំនួន ​៦ ៤៦៦ ​គ្រឿង ហើយ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩ អនក្រ.បក​។

លោក​ថា​៖ តាម​អនុក្រឹត្យ​លេខ​ ៣៩ អនក្រ.បក ម្ចាស់​យានយន្ត​ល្មើស​ត្រូវ​រង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​ ៦ ​ម៉ឺន​រៀល ដល់​ ១ ​លាន​រៀល សម្រាប់​ម៉ូតូ ម៉ូតូ​រ៉ឺម៉ក និង Tuk Tuk​។ សម្រាប់​រថយន្ត​ធុន​ស្រាល​នឹង​រង​ពិន័យ​ចន្លោះ​ពី ៧៥ ០០០ ​រៀល ដល់​ ២ ​លាន​រៀល ខណៈ​រថយន្ត​ធុន​ធ្ងន់​ពិន័យ​ប្រាក់​ពី​ ១៥ ​ម៉ឺន​រៀល ដល់​ ៤ ​លាន​រៀល​»​។

បើតាម​លោក ចាន់ធារី ការអនុវត្ត​ការផាកពិន័យ​នេះ​ដំណើរការ​ល្អ ដោយ​អ្នកប្រើប្រាស់​ផ្លូវ​ភាគច្រើន​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​។

ទោះយ៉ាងណា លោក​បានឱ្យ​ដឹងថា ក្នុង​រយៈពេល​ ១២ ​ថ្ងៃ​នៃ​ខែកញ្ញា​ឆ្នាំ​នេះ ក៏មាន​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ ១៣៦ ​នាក់​ផងដែរ ក្នុងនោះ​ ៤២ ​នាក់​បាន​ស្លាប់ និង​ ៩៤ ​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល ហើយ​ខូចខាត​យានយន្ត​សរុប​ជាង​ ១៥០ ​គ្រឿង​។ គ្រោះថ្នាក់​ភាគច្រើន​បណ្ដាលមកពី​ការបើកបរ​មិន​គោរព​សិទ្ធិ​ជា​អាទិភាព​លើស​​ល្បឿន​កំណត់ វ៉ា​ជែក​ក្នុង​ស្ថានភាព​ផ្លូវ​មាន​គ្រោះថ្នាក់ មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញាចរាចរណ៍ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជាដើម​។

យោង​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល ​ភ្នំពេញ ប៉ុស្តិ៍ ​ទទួលបាន​កាលពី​ថ្ងៃទី​ ១៣ ​កញ្ញា ក្នុង​រយៈពេល​ ២៥៥ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ដល់​ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំ​ ២០២១ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើតឡើង​ ១ ៧៥២ ​លើក​បណ្តាល​ឱ្យ​មនុស្ស​បាត់បង់​ជីវិត​ចំនួន ៩៨៣ ​នាក់ និង​របួស​ចំនួន ២៣ ៤១០ ​នាក់​ក្នុង​នោះ​ធ្ងន់​ចំនួន ​១ ៤៤៥ ​នាក់​។

បើតាម​របាយការណ៍​ដដែល​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំនេះ​គឺ​បាន​កើត​ ៨ ​លើក បណ្ដាលឱ្យ​មនុស្ស​ ៤ ​នាក់​ស្លាប់ និង​ ៨ ​នាក់​ទៀត​របួសធ្ងន់ និង​ស្រាល​៕

វីដេអូ៖