ភ្នំពេញៈ ក្រសួង​បរិស្ថាន​បានរៀបចំ​ដាក់​ធុង​សម្រាប់​ដាក់​កាកសំណល់​ថ្មពិល នៅតាម​ផ្សារ​ទំនើប​ចំនួន​ ៨ ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​គ្រោះថ្នាក់ បើ​ការបោះចោល​ផ្តេសផ្តាស ដោយសារ​វា​ត្រូវបាន​ចាត់ទុកជា​សំណល់​ដែលមាន​គ្រោះថ្នាក់​។

យោងតាម​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា ធុង​ប្រមូល​ថ្មពិល​នេះ​មាន​នៅតាម​ផ្សារ ដូចជា​ផ្សារ​ទំនើប​សូរិយា ផ្លាហ្សា ឡាក់គី Exchange Square Eden Garden អូឡាំព្យ៉ា ស្ទឹងមានជ័យ​ថ្មី ធីខេ និង​នៅតាម​ផ្សារ​ម៉ាត​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​តូតាល់ និង​តេលា​ផងដែរ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ យក​សំណល់​ថ្មពិល​មក​ទុក​ក្នុង​ធុង​ប្រមូល​ថ្មពិល​។

ក្រសួង​បរិស្ថាន​បាន​បញ្ជាក់ថា​៖ «​នៅពេល​ខាងមុខ ក្រសួងបរិស្ថាន​នឹង​បន្ត​ពង្រីក​វិសាលភាព​នៃ​ការដាក់​ធុង​ថ្មពិល​នេះ​តាម​ទីតាំង​សំខាន់ៗ​បន្ថែមទៀត​នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​។

ក្រសួង​បរិស្ថាន ក៏​សុំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការចូលរួម និង​ជួយ​ផ្សព្វផ្សាយ​អំពី​គម្រោង​ប្រមូល​សំណល់​ថ្មពិល​នេះ ដើម្បី​បរិស្ថាន គ្មាន​សំណល់​ថ្មពិល​។

សំណល់​ថ្មពិល​ត្រូវបាន​ចាត់ទុក​ជា​សំណល់​គ្រោះថ្នាក់​ ដោយសារ​សំណល់​នេះ​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ពពួក​លោហៈ​ធ្ងន់ មាន​ជាអាទិ៍ បារ៉ត សំណ កាត់មីញ៉ូម ស័ង្កសី និងនីកែល​។ សារធាតុ​គ្រោះថ្នាក់​ដែលមាន​ផ្ទុក​នៅក្នុង​សំណល់​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន នៅពេល​សាយភាយ​ចូលទៅក្នុង​បរិស្ថាន​តាមរយៈ​ការទុកដាក់​សំណល់​នេះ​មិនបាន​ត្រឹមត្រូវ​។

គួរ​បញ្ជាក់ថា ក្រសួងបរិស្ថាន​ក៏​ធ្លាប់​បានដាក់​ធុង​សម្រាប់​ប្រមូល​ថ្មពិល​នេះ​នៅតាម​បុរី ស្ថានីយប្រេងឥន្ធនៈ និង​ផ្សារទំនើប​នានា នាពេល​កន្លងមក​ដែរ ដូចជា​បុរី​ប៉េងហួត​បឹងស្នោ ស្ថានីយប្រេងឥន្ធនៈ​ភីធីធី (​នៅ​តំបន់​និរោធ បូកគោ វត្ត​នាគវន្ត និង​ផ្សារ​តូច​) ផ្សារ​ទំនើប​អ៊ីអន​ ១ នរោត្តម ជីបម៉ុងម៉ល និង​ផ្សារ​ទំនើប​ជីបម៉ុង​បាក់ទូក​ជាដើម​។

លោក សុផល ឡាស្កា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សំណល់​គ្រោះថ្នាក់​នៃ​ក្រសួងបរិស្ថាន​បាន​លើកឡើង​តាមរយៈ​វីដេអូ​ផ្សព្វផ្សាយ​មួយ​របស់​ក្រសួង ទាក់ទង​នឹង​ផលប៉ះពាល់​ពី​សំណល់​ថ្មពិល ថា ពពួក​លោហៈ​ធ្ងន់​នៃ​ថ្មពិល​គឺអាច​បង្ក​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន នៅពេល​សារធាតុ​ទាំងនេះ​សាយភាយ​ទៅក្នុង​បរិស្ថាន​នៅពេល​ដែល​វា​ត្រូវ​ទុកដាក់​មិនបាន​ត្រឹមត្រូវ​។

លោក ឡាស្កា បាន​ថ្លែងថា​៖ «​សារធាតុ​គ្រោះថ្នាក់​នៅក្នុង​សំណល់​ថ្មពិល​ក៏បង្ក​ឱ្យមាន​ផលប៉ះពាល់​ទៅដល់​សុខភាព​មនុស្ស​រួមមាន ការ​ខូច​តម្រងនោម ពុកឆ្អឹង ខូច​ប្រព័ន្ធ​ប្រសាទ បាត់បង់​ការចងចាំ បង្ក​ផលប៉ះពាល់​ដល់​ការបង្ក​កំណើត ការលូតលាស់​របស់​ទារក និង​កុមារ ព្រមទាំង​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ទៀត​»​។

លោក សុផល ឡាស្កា បាន​បន្ថែមថា ការយក​សំណល់​ថ្មពិល​ដាក់​ក្នុង​ធុង​សម្រាប់​ប្រមូល​ថ្មពិល​ដែល​ក្រសួង​បានដាក់​នៅតាម​ទីតាំង​ធំៗ​ជាច្រើន គឺជា​ការចូលរួម​ក្នុង​ការថែរក្សា​ និង​កាត់បន្ថយ​ផលប៉ះពាល់​ពី​សំណល់​ថ្មពិល​នេះ​ក្នុងប្រទេស​កម្ពុជា​។

គួរបញ្ជាក់​ផងដែរ​ថា ក្រសួងបរិស្ថាន​បានចេញ​នូវ​ប្រកាស​ស្តីពី​ការគ្រប់គ្រង​សំណល់​អាគុយ និង​ថ្មពិល កាលពី​ឆ្នាំ​ ២០១៦ ដើម្បី​គ្រប់គ្រង​សំណល់​ទាំងនេះ ប្រកបដោយ​សុវត្ថិភាព​បរិស្ថាន​។ ប្រកាស​នេះ​ក៏បាន​ធ្វើការ​ណែនាំ​ជាក់លាក់​ទៅលើ​ការប្រមូល ស្តុកទុក ដឹកជញ្ជូន និង​បោះចោល​ថ្ម​អាគុយ ថ្មពិល តាម​ផ្ទះ ក៏​ដូចជា​ស្ថាប័ន​ជំនួញ​នានា​ផងដែរ ហើយ​ជន​ទាំងឡាយណា​ដែល​ល្មើស​នឹង​ប្រកាស​នេះ​នឹងត្រូវ​ផ្តន្ទាទោស​នៃ​ច្បាប់​ស្តីពី​កិច្ចការពារ​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ផងដែរ​៕