ស្វាយរៀងៈ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី​ ​ឱ វណ្ណឌីន បង្ហាញ​ក្តីបារម្ភ​ក្នុង​ករណី​ណាមួយ ដែល​អាច​នាំឱ្យ​មានការ​នាំចូល​នូវ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​មូ​ (Mu) ​ចូលមក​ក្នុងប្រទេស​កម្ពុជា ដូច​ករណី​ការឆ្លង​ចូល​នៃ​វីរុស​ប្រភេទ​អាល់ហ្វា និង​ដែលតា នាពេល​កន្លងមក​ដែរ​។ លោកស្រី​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ពី​វត្តមាន​មេរោគ​ថ្មី​នេះ​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ថ្ងៃទី​ ១៣ កញ្ញា ក្នុងពេល​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​ខេត្តស្វាយរៀង លោកស្រី​ ឱ វណ្ណឌីន ដែល​ក៏​ជា​ប្រធាន​គណៈកម្មការ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បញ្ជាក់ថា មកដល់​ពេលនេះ​មិនទាន់​មាន​ព័ត៌មាន​ណាមួយ​ដែល​បង្ហាញ​ពី​វត្តមាន​នៃ​ការឆ្លង​ចូល​នូវ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​មូ នៅ​ប្រទេស​កម្ពុជា​ទេ​។ លោកស្រី​ថា ជាការ​កត់សម្គាល់ មកដល់​ពេល​នេះ​មាន​ប្រទេស​ប្រមាណ​ជា​ ៣០ ទៅ​ ៤០ ​ហើយ ដែល​បាន​ឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី​ប្រភេទ​មូ​ (Mu) ​នេះ​។

លោកស្រី​ថ្លែងថា​៖ «​ដូចនេះ​មិន​ខុស​អ្វី​ពី​អាល់ហ្វា ឬ​ដែលតា​ទេ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មិន​បន្ត​អនុវត្ត​នូវ​ការការពារ​ទប់ស្កាត់​នូវ​ការចម្លង​វីរុស​កូវីដ​-១៩​នេះ​ទេ ខ្ញុំ​គិតថា វីរុស​ប្រភេទ​មូ​នេះ ប្រហែល​នឹង​អាចមាន​ដោយសារ​ពីមុន​យើង​មិនមាន​វីរុស​អាល់ហ្វា និង​ដែលតា​ទេ​។ ប៉ុន្តែ​ក្រោយមក ក៏មាន​ ១ ​ឬ ២ ​ករណី រហូត​មាន​ការចម្លង​ទៅដល់​បងប្អូន​យើង ពីព្រោះ​ការអនុវត្ត​វិធានការ​ការពារ មាន​ការខ្វះចន្លោះ​»​។

មន្ត្រី​នាំពាក្យ​រូបនេះ​បន្ថែម​ថា ទោះបីជា​យ៉ាងណា​កម្ពុជា​បាន​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​នេះ ដោយ​បាន​គ្រប់គ្រង​សភាពការណ៍​បានល្អ​ប្រសើរ ដោយ​មិនបាន​បណ្តោយ​ឱ្យ​សភាពការណ៍​នេះ​ទៅ​ហួស​ពី​សមត្ថភាព​ដែល​នាំឱ្យមាន​មហន្តរាយ​សាធារណៈ​នោះទេ​។

លោកស្រី​អំពាវនាវ​ថា​៖ «​សុំ​បងប្អូន​យើង​មាន​ការប្រុងប្រយ័ត្ន​បន្តទៀត ហើយ​ខ្ញុំ​សុំ​ធ្វើការ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត សុំឱ្យ​បងប្អូន​យើង​បន្ត​ការពារ​ជាប់​ជាប្រចាំ ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ២ ឬ​ដូស​ជំរុញ​ហើយ​ក៏ដោយ ក៏ត្រូវ​តែ​ធ្វើការ​ការពារ​ខ្លួន​ជានិច្ច​។ ជាពិសេស យើង​ធ្វើការ​ជំរុញ​ឱ្យ​បុគ្គល​មាន​ការទទួល​ខុសត្រូវ​ច្បាស់លាស់ ហើយ​និង​ការចូលរួម​របស់​សហគមន៍​ផងដែរ​»​។

សម្រាប់​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី​ប្រភេទ​មូ​នេះ អង្គការ​សុខភាព​ពិភពលោក​ (WHO) ក៏​កំពុងតែ​តាមដាន​យ៉ាង​ជិតដិត​ជា​ទីបំផុត​។ បច្ចុប្បន្ន ក៏​មិនទាន់​បាន​ដាក់​វីរុស​នេះ​ចូលទៅក្នុង​ប្រភេទ​វីរុស ដែល​ខ្លាំង​ដូច​ប្រភេទ​វីរុស​ដែលតា និង​អាល់ហ្វា​នៅឡើយ​ទេ​។ ប៉ុន្តែ​វា​ស្ថិតក្នុង​ក្រុម​មួយ ដែល​កំពុង​ត្រូវបាន​យកចិត្ត​ទុកដាក់ ដោយ​អ្នកជំនាញ​កំពុង​សិក្សា​ទៅលើ​របៀបរបប​របស់​វា​។ នេះ​បើតាម​ការពន្យល់​ពី​លោកស្រី ឱ វណ្ណឌីន​។

លោកស្រី​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ ក៏​មិនទាន់​មាន​ការបញ្ជាក់​នៅ​ឡើយ​ដែរ​ថា វា​មាន​លក្ខណៈ​យ៉ាងណា​។ ប៉ុន្តែ​គេ​ក៏​កំពុងតែ​សិក្សា​ផងដែរ​ថា តើវីរុស​មូ​នេះ វា​នឹង​អាច​មាន​សភាព​ខ្លាំង ដូច​ដែលតា និង​អាល់ហ្វា ឬ​ក៏​ មូ ​នេះ​មាន​ភាពខ្សោយ​ជាង​។ ដូចនេះ ចំណុច​នេះ​យើង​នឹង​រង់ចាំ​ការបញ្ជាក់​ពី​អ្នកវិទ្យាសាស្ត្រ​បន្តទៀត​»​។

ទាក់ទង​នឹង​ការបិទ​បញ្ចប់​នូវ​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ លោកស្រី​ ឱ វណ្ណឌីន បញ្ជាក់ដែរថា គិត​មកដល់​ថ្ងៃទី​ ១៣ ខែកញ្ញា រាជធានី និង​ខេត្ត​ចំនួន​ ៧ ​ហើយ ដែល​បាន​ប្រកាស​បិទ​បញ្ចប់​។ ខេត្ត​ដែល​នឹងត្រូវ​ប្រកាស​បិទបញ្ចប់​បន្តបន្ទាប់​ទៀត​នោះ មាន​ខេត្តកោះកុង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្ត​ព្រះវិហារ ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ​។

គិត​ត្រឹម​ថ្ងៃទី​ ១៣ ខែកញ្ញា ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង ដែល​បាន​ចាក់វ៉ាក់សាំង​រួចហើយ មាន​ចំនួន ៩៧,៥៨% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ​ ១០ ​លាននាក់ ខណៈ​ដែល​អ្នក​ទី​ ១០ ​លាន​នឹង​ត្រូវ​បាន​រកឃើញ​ក្នុង​ដំណាច់ខែ​កញ្ញា​នេះ​ផងដែរ​។

ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ភរិយា​បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ កាលពី​ថ្ងៃទី​ ១៤ កញ្ញា ផងដែរ​។ លោក​បាន​សរសេរ​លើ​បណ្តាញ​ហ្វេសប៊ុក​របស់លោក​ថា នៅ​ទូទាំង​ប្រទេស ចាក់​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​បាន​ប្រមាណ​ជិត​ ៧៨ ​ម៉ឺន​នាក់​រួចទៅហើយ​។

លោក​ ហ៊ុន សែន បាន​បន្ត​​ថា​៖ «​យើង​នឹង​បន្ត​ការចាក់​ដូស​ទី​ ៣ ​ឱ្យ​បាន​គ្រប់ៗ​គ្នា​សម្រាប់​បងប្អូន​ដែល​បាន​ចាក់​ដូស​ទី​ ១ និង​ដូស​ទី​ ២ ​រួចរាល់ ទៅតាម​ពេលវេលា ដែល​ត្រូវ​ចាក់ ដោយ​គិតពី​ដូស​ទី​ ២ ទៅ​ដូស​ទី​ ៣ ក្នុង​រយៈពេល​ពី​ ៤ ទៅ​ ៦ ​ខែ​»៕

វីដេអូ៖