ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន បាន​ប្រកាស​សម្រេច​ចាក់​វ៉ាក់​សាំង​បង្ការ​កូ​វីដ ១៩​ ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦​ ឆ្នាំ ដល់​ក្រោម ​១២ ឆ្នាំ​ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការបើក​សា​លារៀន​ថ្នាក់បឋម​សិក្សា​ ហើយ​លោក​នឹង​ប្រកាស​បើក​យុទ្ធ​នា​ការចាក់​វ៉ាក់​សាំង​ដល់​កុមារ ​នៅ​ថ្ងៃ​សុក្រ​ ទី ១៧​ ខែកញ្ញា​ ខាង​មុខ​នេះ​។

លោក ​ហ៊ុន​ សែន បាន​ថ្លែង​ដូច​នេះ ​តាមរយៈ​សារ​សំឡេង​របស់​លោក​នា​ថ្ងៃទី ១៥ ​ខែកញ្ញា​នេះ ដោយ​បាន​បញ្ជាក់​ថា កម្ពុជា​នឹង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩​ បន្ត​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី ៦ ឆ្នាំ ដល់​ក្រោ​ម ១២ ​ឆ្នាំ បន្ទាប់ពី​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ដល់​មនុស្ស​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​ក្រោម ១៨ ​ឆ្នាំ ឈាន​ជិត​បញ្ចប់​ផង​ដែរ​។

លោក​មាន​ប្រសាសន៍​ថា៖ «ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំ​ង​កូ​វីដ​ ១៩ សម្រាប់​កុមារ​នេះ​នឹង​ត្រូវ​ធ្វើ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស ឯ​ថ្នាក់​ជាតិ​យើង​នឹង​បើក​វិមាន​សន្តិភាព​ដូច​កាល​យើង​បើក​ដំណើរការ​ចាក់​លើក​មុន​ដែរ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​សន្និ​សីទ​សារ​ព័ត៌មាន​ផង​ដែរ​»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ស្នើឱ្យ​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​ទូទាំង​ប្រទេស ក៏ដូច​ជា​អនុ​គណៈ​កម្មការ​ចាក់​វ៉ាក់​សាំង​នៅតាម​បណ្តា​រាជធានី​ខេត្ត​ត្រូវ​ប្រុង​ប្រៀប​ដើម្បី​រៀបចំ​ការ​បែង​ចែក​វ៉ាក់​សាំង ​និង​រៀបចំ​ក្រុម​គ្រូពេទ្យ ​ដើម្បី​អនុវត្ត​នូវ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី ៦ ឆ្នាំ​ ដល់​ក្រោម ១២ ​ឆ្នាំ ដែលមាន​ចំនួន​សរុប​ជាង​ ១,៨​ លាន​នាក់​៕