The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជនសង្ស័យ​ប្រទូស្ត​កេរ្តិ៍​ភេទ​អនីតិជន​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ខណៈ​រឿង​ស្រដៀង​គ្នា​ ១ ​ទៀត​ត្រូវ​បានបញ្ចប់




ជនសង្ស័យ​ប្រទូស្ត​កេរ្តិ៍​ភេទ​អនីតិជន​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ខណៈ​រឿង​ស្រដៀង​គ្នា​ ១ ​ទៀត​ត្រូវ​បានបញ្ចប់

Content image - Phnom Penh Post
ជនសង្ស័យ​បៀតបៀន​កេរ្តិ៍​ភេទ​អនីតិជន​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ពី​ថ្ងៃទី​ ១២ ​កញ្ញា នៅ​ខេត្ត​ប.មានជ័យ​។ ​រូប ប៉ូលិស

ជនសង្ស័យ​ប្រទូស្ត​កេរ្តិ៍​ភេទ​អនីតិជន​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ខណៈ​រឿង​ស្រដៀង​គ្នា​ ១ ​ទៀត​ត្រូវ​បានបញ្ចប់

បន្ទាយមានជ័យៈ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរបាល​បញ្ជូនទៅ​តុលាការខេត្ត​បន្ទាយមានជ័យ ​ពាក់ព័ន្ធ​នឹង​បទ​ប្រទូស្តកេរ្តិ៍​ភេទ​លើ​អនីតិជន កាលពី​ថ្ងៃទី​ ១២ ខែកញ្ញា នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​ស្រុក​អូរជ្រៅ ខណៈ​រឿង​ស្រដៀង​គ្នា​ ១ ​ករណី​ទៀត​ កើតឡើង​លើ​ស្ត្រី​ម្នាក់​ត្រូវបាន​បញ្ចប់ ដោយសារ​ភាគី​ទាំងសងខាង​បាន​យល់ព្រម​សម្របសម្រួល​គ្នា​បញ្ចប់រឿង​។

កាលពី​ថ្ងៃទី​ ១២ ខែកញ្ញា មាន​ករណី​បៀតបៀន​កេរ្តិ៍ភេទ និង​ប្រទូស្តកេរ្តិ៍​ភេទ​កើត​ឡើងលើ​ក្មេងស្រី​ម្នាក់ និង​ស្ត្រី​ម្នាក់​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​អនុវិទ្យាល័យ​កូប ខេត្ត​បន្ទាយមានជ័យ ហើយ​ករណីនេះ​ក៏​បាន​បង្ក​ឱ្យ​មាន​ភាពឆោឡោ និង​ត្រូវបាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​។

លោក​ ម៉ាន់ ធី អធិការរង​ស្រុក​អូរជ្រៅ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា ថា ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​យប់​តែមួយ ដោយ​ជនសង្ស័យ​ទាំង​ ២ ​នាក់​បាន​ធ្វើ​សកម្មភាព​លូកលាន់​ទៅលើ​ក្មេងស្រី និង​ស្ត្រី នៅពេល​ពួកគេ​កំពុង​ស្ថិត​ក្នុង​បន្ទប់​ចត្តាឡីស័ក​ជាមួយ​គ្នា​។

ក្រោយ​កើតហេតុការណ៍​ករណី​ទី​១ ត្រូវបាន​ភាគី​ទាំងសងខាង មាន​គ្រួសារ​ជនរងគ្រោះ និង​គ្រួសារ​ជនបង្ក​បាន​យល់ព្រម​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង ហើយ​មន្ត្រី​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អប់រំ​ដល់​ជនបង្ក​នៅនឹងកន្លែង​កើតហេតុ​ផងដែរ​។

ចំណែក​ករណី​ទី​២ ដោយសារតែ​ជនរងគ្រោះ​ជា​អនីតិជន ដូច្នេះហើយ​សំណុំ​រឿងនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់ ហើយ​ជនសង្ស័យ​ក៏ត្រូវ​បាន​ឃាត់ខ្លួន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ករណី​ទី​២ ​នេះ គឺ​ក្មេងស្រី​អាយុ​ ១១ ​ឆ្នាំ ដែល​ខាងប្រុស​នោះ វាយ​កដៃ​ទៅ​លូក​ក្នុង​អាវ​ជនរងគ្រោះ ហើយ​ជនសង្ស័យ​ក៏​ទទួល​សារភាព​ដែរ​។ ករណីនេះ​យើង​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅលើ​បន្ត​រួចហើយ ហើយ​ព្រះរាជអាជ្ញា​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែរ​»​។

បើតាម​លោក មាន់ ធី ករណី​ទី​២ ​នេះ ជនសង្ស័យ​មាន​អាយុ​ ១៨ ​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ចំណែក​ក្មេង​ដែល​ជា​ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​។ ពួកគេ​ទាំង​ ២ គឺជា​ពលករ​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ ដែល​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​។

លោកស្រី រស់ សុផានី អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា​ថា នេះ គឺជា​ករណី​អសីលធម៌​មួយ​ដែល​បាន​កើតឡើង​ក្នុង​មណ្ឌល​ចត្តាឡីស័ក បើទោះជា​អាជ្ញាធរ​បានធ្វើ​ការអប់រំ និង​ផ្សព្វផ្សាយ​យ៉ាងណាក៏ដោយ​។ លោកស្រី​បន្តថា បទល្មើស​នេះ​គឺ​ត្រូវតែ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​យ៉ាង​ដាច់ខាត​។

លោកស្រី​បញ្ជាក់ថា​៖ «​រដ្ឋបាលខេត្ត​តែងតែ​ឱ្យ​ក្រុម​ការងារ​ធ្វើការ​អប់រំ ផ្សព្វផ្សាយ​ដល់​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក នៅពេល​ដែល​បញ្ជូនមក​មណ្ឌល​ចត្តាឡីស័ក​។ ករណីនេះ​ប៉ូលិស​បាន​ធ្វើការ​ទៅតាម​ច្បាប់​»​។

កាលពី​ខែមេសា ឆ្នាំ​ ២០២១ អង្គការ​សង្គម​ស៊ីវិល​ចំនួន ​២៤ បានចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ ដោយ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មាន​សមត្ថកិច្ច និង​មន្ត្រី​ទទួលបន្ទុក​ទាំងអស់​ឱ្យ​យកចិត្ត​ទុកដាក់ និង​ការពារ​ទប់ស្កាត់​ការបៀតបៀន ការរំលោភបំពាន​ផ្លូវភេទ និង​អំពើហិង្សា​ប្រឆាំងនឹង​យេនឌ័រ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ និង​នៅ​តំបន់​បិទខ្ទប់​។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​បាន​បង្ហាញ​ពី​ក្តីបារម្ភ ជុំវិញ​ការកើតមាន​ឡើង​នូវ​អំពើ​បៀតបៀន​ផ្លូវភេទ ការរំលោភបំពាន​លើ​ស្ត្រី និង​កុមារ នៅពេល​ដែល​ពួកគេ​ស្ថិតនៅ​ទីតាំង​នៃ​ការបិទខ្ទប់ និង​ទីតាំង​ធ្វើ​ចត្តាឡីស័ក ឬ​កន្លែង​សម្រាក​ព្យាបាល​រួម ដែល​អំណោយផល​ដល់​អ្នកប្រព្រឹត្ត​៕

អត្ថបទគួរចាប់អារម្មណ៍