The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នគរបាល​កំពុង​ស្រាវជ្រាវ​ករណី​យុវជន​ ២ ​នាក់​ ជិះ​ម៉ូតូ​ដួល​មាន​ស្នាម​មុត​ស្លាប់​មិនដឹង​មូលហេតុ​ពិត




នគរបាល​កំពុង​ស្រាវជ្រាវ​ករណី​យុវជន​ ២ ​នាក់​ ជិះ​ម៉ូតូ​ដួល​មាន​ស្នាម​មុត​ស្លាប់​មិនដឹង​មូលហេតុ​ពិត

Content image - Phnom Penh Post
សមត្ថកិច្ច​ពិនិត្យ​សាកសព​ជនរងគ្រោះ​។ រូបថត CEN

នគរបាល​កំពុង​ស្រាវជ្រាវ​ករណី​យុវជន​ ២ ​នាក់​ ជិះ​ម៉ូតូ​ដួល​មាន​ស្នាម​មុត​ស្លាប់​មិនដឹង​មូលហេតុ​ពិត

ភ្នំពេញៈ នគរបាល​ខណ្ឌ​ច្បារអំពៅ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ ដែល​បណ្តាលឱ្យ​យុវជន​ ២ ​នាក់​ជិះ​ម៉ូតូ​ដួល និង​មាន​ស្នាម​មុត​ស្លាប់​កាលពី​រំលង​អធ្រាត្រ​ថ្ងៃទី​ ១៣ កញ្ញា នៅក្បែរ​របង​វត្ត​ព្រែកប្រា ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។

លោក​ គាន់ ឌីណា អធិការរង​ខណ្ឌ​ច្បារអំពៅ ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ ឱ្យដឹង​នៅ​ថ្ងៃទី​ ១៤ កញ្ញា ថា យុវជន​ស្លាប់​ទី​១ ​ឈ្មោះ​ អ៊ុន ដាឡាក់ អាយុ​ ១៨ ​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ផ្សារចាម សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ជនរងគ្រោះ​ទី​២ ​ឈ្មោះ​ ឈាង មានហេង អាយុ​ ១៨ ​ឆ្នាំ ជា​សិស្ស​មាន​លំនៅ​ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ ២ ខណ្ឌ​ច្បារអំពៅ​។

លោក​បន្តថា ពាក់ព័ន្ធ​ការស្លាប់​នេះ លោក​នៅ​មិនទាន់​កំណត់ថា បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង ឬ​មកពី​អំពើ​របស់​អ្នកផ្សេង​ទេ​។ ហេតុដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្តទៀត​។

លោក​ថ្លែងថា​៖ «​ករណីនេះ កាលណា​យើង​ស្រាវជ្រាវ​មិនទាន់បាន​លទ្ធផល​ពិត ឬ​ការពិត​នោះ យើង​ក៏​មិនអាច​ប្រើប្រាស់​ជាការ​បានដែរ​»​។

បើតាម​លោក​ ឌីណា កាលពី​វេលា​ម៉ោង​ប្រហែល​ ១ ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១៣ កញ្ញា លោក​បានទទួល​ទូរស័ព្ទ​ពី​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា ថា​មាន​អ្នកដំណើរ​បាន​រាយការណ៍​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​របួស​មនុស្ស​ ២ ​នាក់​នៅក្បែរ​របង​វត្ត​ព្រែកប្រា​។

ក្រោយ​ទទួលបាន​ដំណឹង​នេះ​ភ្លាម​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ដល់​ទីតាំង​កើតហេតុ ហើយ​ពិនិត្យឃើញថា យុវជន​ម្នាក់​បាន​ស្លាប់​។ រីឯ​យុវជន​ម្នាក់ទៀត​នៅមាន​ជីវិត ហើយ​សមត្ថកិច្ច​ក៏បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ដោយ​របួសធ្ងន់​ពេក​យុវជន​នោះបាន​ដាច់ខ្យល់​ស្លាប់ បន្ទាប់ពី​ដល់​មន្ទីរពេទ្យ​។

លោក​ ឌីណា ​ប្រាប់ថា​៖ «​ខ្ញុំ​បាន​ពិនិត្យមើល​សាកសព​ជាមួយ​មន្ត្រី​កោសល្យវិច័យ មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ទេ​។ យើង​សន្និដ្ឋាន​បឋម គឺ​ជនរងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​យើង​ស្រាវជ្រាវ​ទៀតថា មកពី​អ្វី​»​។

ដោយឡែក លោក​ ជុំ ម៉ូឡាំង នាយ​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា​ប្រាប់​នៅ​ថ្ងៃទី​ ១៤ ខែកញ្ញាថា ហេតុការណ៍​នេះ​នៅ​កន្លែង​កើតហេតុ​លោក​បាន​ឃើញតែ​ជនរងគ្រោះ​ដេកដួល​រួម​នឹង​ម៉ូតូ​។ លោក​បញ្ជាក់ថា​៖ «​ចំពោះ​រឿង​បន្ត​យ៉ាងណា​នោះ​ជា​សមត្ថកិច្ច​របស់​ជំនាញ​»​។

ទោះយ៉ាងណា បើតាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា ១ ​រូប ស្នើ​មិនឱ្យ​បញ្ចេញ​ឈ្មោះ ប្រាប់​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ថា មុន​កើតហេតុ គេ​បានឃើញ​យុវជន​រងគ្រោះ​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក​អាយខន​។

ពេលមកដល់​ទីតាំង​កើតហេតុ ក៏​មាន​មនុស្ស​ ១ ​ក្រុម​ជិះ​ម៉ូតូ​ដេញតាម​ជនរងគ្រោះ​រួចហើយ​ម៉ូតូ​របស់​យុវជនរងគ្រោះ ហោះ​ទៅបុក​នឹង​ខឿន​ថ្ម​រង្វង់មូល ចំណែក​យុវជន​រងគ្រោះ​បាន​ខ្ទាត​ទៅ​បោក​នឹង​ដី​។ ចំពោះ​សាកសព​ទាំង​ ២ ​នាក់​គេ​ឃើញ​មាន​ស្នាម​មុត​រយះ​នឹង​វត្ថុ​រឹង​។

សព​យុវជន​ឈ្មោះ​ ឈាង មានហេង មាន​ស្នាម​ដាច់រយះ​ស្លឹកត្រចៀក ស្នាម​មុត​ត្រង់ក និង​ក្បាល​។ ប្រភព​មន្ត្រី​ដដែល​បាន​បន្តថា ចំពោះ​សព​យុវជន​ឈ្មោះ​ ឈាង មានហេង ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ច្បារអំពៅ​។ រីឯសព​យុវជន​ឈ្មោះ​ អ៊ុន ដាឡាក់ យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​ព្រែកប្រា ក្នុង​សង្កាត់​ព្រែកប្រា​៕

អត្ថបទគួរចាប់អារម្មណ៍