ភ្នំពេញៈ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជាក់​ថា​ ការដែល​លោក​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​ផ្ទៃ​ក្នុង​របស់​មន្ត្រី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​តាម​ប្រព័ន្ធ​អន​ឡាញ​ (Zoom) គឺ​មិន​មែ​នជា​ការផ្តល់​សញ្ញា​ស​ម្រា​ប់​ការចរចា​នយោ​បាយ​នោះទេ​ តែ​លោក​ចង់​ផ្ញើ​សារ ​«ព្រមាន» ទៅ​កាន់​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ថា ​នៅទី​ណា​ក៏មាន​មនុស្ស​របស់​លោក​ដែរ​។

ឆ្លើយ​តប​ទៅ​នឹង​អ្នក​លេង​ហ្វេ​ស​ប៊ុ​ក​ដែល​បាន Comment ចូលក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​លោក ​ហ៊ុន ​សែន សរសេរ​កាលពី​ថ្ងៃទី​ ១៥ ​ខែកញ្ញា​ថា៖ «តាម​ចាប់​ពួក​ក្បត់​ជាតិ​ត្រូវ​ចូល​ដល់​កន្លែង​ពួក​ក្បត់​ជាតិ​ទើប​ចាប់​បាន។ យល់​ទេ?»​។

លោក​សរសេរ​បន្ថែ​មកា​លពី​ថ្ងៃទី​ ១៦ ខែកញ្ញា​ថា៖ «សុំ​កុំ​យល់​ខុស​ថា​ ខ្ញុំ​ចូលក្នុង ​Zoom ជាមួយ​បងប្អូន​ថ្ងៃមុន​ថា​ជាការ​ផ្តល់​សញ្ញា​សម្រាប់​ការ​ចរចា​ឱ្យសោះ​តែ​ការចូល​ទៅនោះ​ចង់​ជូន​សារ​ព្រមាន​ទៅ​ក្រុម​ឧទ្ទាម​ឱ្យ​ភ្លឺភ្នែក​ថា​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​ ហ៊ុន​ សែន​ ដែរ។ សូម​ប្រុង​ប្រ​យ័ត្ន​កុំ​ធ្វើ​សកម្ម​ភាព​ណា​មួយ​ប្រឆាំង​ជាមួយ​ផល​ប្រយោ​ជន៍​ជាតិ»​។

កាលពី​ប៉ុន្មា​ន​ថ្ងៃ​មុន​នេះ​ មានការ​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​ លោក​ ហ៊ុន ​សែន​ បាន​ចូល​ទៅក្នុង​កិច្ច​ប្រជុំ​របស់​មន្ត្រី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃទី ៩​ ខែកញ្ញា​ ដែល​ដឹកនាំ​ដោយ​លោក ​ឡុង ​រី ​អតីត​តំណាង​រាស្ត្រ​មកពី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​ក្នុង​កិច្ច​ប្រជុំ​នោះ​លោក ​ហ៊ុន​ សែន ​បាន​សន្ទនា​ជា​មួយ​លោក​ ឡុង ​រី​។

ឆ្លើយ​តប​ទៅនឹង Comment អ្នក​លេង​ហ្វេ​ស​ប៊ុ​កដដែល​នេះ​ លោក ​ហ៊ុន​ សែន​ សរសេ​រថា លោក​បាន​ធ្វើ​កិច្ចការ​ច្រើន​ណាស់​មក​ហើយ​ក្នុង​រឿង​បង្រួប​បង្រួម​ជាតិ ​ប៉ុន្តែ ​«ពួក​ក្បត់​ជាតិ​»​ វាមិន​យល់​អំពី​ការ​បង្រួប​បង្រួម​ជាតិ។​ពេល​នេះ «គ្មាន» រឿង​នយោ​បាយ​ដែល​ត្រូវ​ដោះ​ស្រាយ​ដោយ​ការ​ចរចា​នោះ​ទេ។អ្វីដែល​ត្រូវធ្វើ​គឺ​អ្នក​មាន​ទោស​ត្រូវ​ជាប់ ​«គុក» ២ ភាគ ៣ ជាមុន​សិន ​បន្ទាប់​មក​ចាំ​គិតដល់​ការ​លើក​លែង​ទោស​ឬ​បន្ធូ​របន្ថយ​ទោស​ ។

លោក​បន្តថា​ សម្រាប់​ដំណើការ​នយោ​បាយ​ កម្ពុជា​បាន​ និង​កំពុង​ឈាន​ទៅ​កាន់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅ​ឆ្នាំ ​២០២២​ និង​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ឆ្នាំ ២០២៣​ ដោយ​មាន​ការ​ចូលរួម​ពី​គ​ណបក្ស​នយោបាយ​ទាំង​គណបក្ស​ចាស់​ និង​គណ​បក្ស​ដែល​ទើប​បង្កើត​ថ្មី​យ៉ាង​ច្រើន​។

លោក​ ហ៊ុន​ សែន បានសរសេរថា៖ ​«សូម​ឈប់​ស្រមើ​ស្រ​មៃ​ថា​បក្ស​ដែល​តុលា​ការរំលាយ​នឹង​រស់​ឡើង​វិញ​ ហ៊ុន​ សែន​ នឹង​លើកលែងទោស​ឱ្យ ​ហ៊ុន សែន ​នឹង​បើក​ការ​ចរចា​រក​ដំណោះ​ស្រាយ​នយោ​បាយ​ ហ៊ុន​ សែន ​ខ្លាច​អន្ត​រជាតិ​។ល»​។

លោក​សរសេរ​ថា៖ «សង្ឃឹម​ថា ​ការ​បក​ស្រាយ​នេះ​នឹង​ធ្វើឱ្យ​អ្នក​វិភាគ​ល្ងង់​ទូ​និង​អ្នក​រង់ចាំ​ការ​យោគ​យល់​ពី​ ហ៊ុន​ សែន​ ឬ​ ហ៊ុន​ សែន ​ភ័យ​ខ្លាច​ បាន​ភ្លឺ​ស្វាង​ឡើង​វិញ​ បន្ទាប់​ពី​សន្លប់​ធំ​អស់​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ Zoom»​។

លោក​ សម រង្ស៊ី​ អតីត​អនុប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​នៅ​សហរ​ដ្ឋអាមេរិក ​កាលពី​ថ្ងៃ ១២ ខែកញ្ញា​ថា៖ «គាត់​និយាយ​នេះ (លោក​ ហ៊ុន​ សែន ​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃក្នុង​បក្ស​សង្គ្រោះ​ជាតិ) ហាក់​ដូចជា ​គាត់​ចង់​បង្ហាញ​ថា​ គាត់​អត់​មាន​អ្វីដែ​ល​រារាំង​មិន​ឱ្យ​យើង​ជជែក​គ្នា រាប់អា​ន​គ្នា ​រក​ច្រក​ណា​មួយ​ចេញ​»៕

វីដេអូ៖