បន្ទាយមានជ័យៈ គិតត្រឹមថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំនេះ ជំនន់ទឹកភ្លៀងកំពុងបន្តជន់លិចផ្លូវ និងលំនៅឋានពលរដ្ឋក្នុងក្រុង-ស្រុកចំនួន ៣ នៃខេត្តបន្ទាយមានជ័យ ខណៈនៅខេត្តព្រះវិហារទឹកស្ទឹងសែននៅបន្តឡើងជិតដល់កម្រិតប្រកាសអាសន្នស្របពេលដែលទឹកទន្លេមេគង្គបានជន់ឡើង និងលិចចូលតាមប្រព័ន្ធព្រែកមួយចំនួនជាបណ្ដើរៗដែលទាមទារឱ្យពលរដ្ឋនៅតាមតំបន់ទំនាបជាប់មាត់ទឹក បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិទឹកជំនន់នេះ។
លោកស្រី រស់ សុផានី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ផ្លូវលំជនបទជាច្រើនកន្លែងនៅក្នុងស្រុកម៉ាឡៃ ស្រុកមង្គលបុរី និងក្រុងប៉ោយប៉ែត បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ទន្ទឹមនឹងនេះទឹកក៏បានជន់លិចហូរចូលក្នុងលំនៅឋានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជាច្រើនគ្រួសារផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «នៅថ្ងៃនេះ ទឹកកំពុងបន្តលិចក្នុង ឃុំសឿ,ឃុំចំណោម និងឃុំរហាត់ទឹកនៃស្រុកមង្គលបុរី ប៉ុន្តែទឹកនៅប៉ែកស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បានស្រកវិញហើយ ដោយទឹកបានហូរចុះទៅកាន់ស្ទឹងមង្គលបុរី»។
បើតាមលោកស្រី សុផានី ពេលនេះសមត្ថកិច្ចនៃស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្តកំពុងចុះអន្តរាគមន៍ជួយដល់គ្រួសារពលរដ្ឋមួយចំនួនទៅកាន់ទីទួលសុវត្ថិភាព។ ទោះជាយ៉ាងណា ជំនន់ទឹកភ្លៀងនេះបានជួយដល់ការលូតលាស់នៃដំណាំស្រូវរបស់កសិករ និងបានជំរុញឱ្យការងារបង្កបង្កើនផលស្រូវវស្សាសរុបបាន ២៥៦ ២៣៣ ហិកតានៅឆ្នាំនេះ ដោយមានការកើនឡើងប្រមាណ ១,៥៥ ភាគរយលើសផែនការដាំដុះ ដែលមានផ្ទៃដីសរុប ២៥២ ៣២០ ហិកតា ។
ចំណែកនៅខេត្តព្រះវិហារ អាជ្ញាធរកំពុងត្រៀមចុះជួយអន្តរាគមន៍ដល់គ្រួសារពលរដ្ឋដែលរស់នៅតាមទីទំនាបជាប់មាត់ស្ទឹងសែន និងដងអូរនានាគ្រាទឹកហូរចាក់ពីតំបន់ជួរភ្នំដងរែកកំពុងជំរុញឱ្យទឹកស្ទឹងសែនហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ឥទ្ធិពលនៃជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាបឥណ្ឌា និងឥទ្ធិពលខ្យល់មូសុងនិរតីខ្យោយ បានធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម អូសបន្លាយពេល ១ សប្ដាហ៍ទៀតដែលជំរុញឱ្យមានការជន់លិចនៅផ្នែកខ្លះនៃតំបន់ទំនាបជាប់មាត់ទឹក ហើយក៏បានជំរុញឱ្យទឹកស្ទឹងសែនហក់ឡើងគួរឱ្យបារម្ភផងដែរ។
លោកបានថ្លែងថា៖ «ថ្វីដ្បិតនិន្នាការនៃទឹកភ្លៀងបានថមថយ ប៉ុន្តែទឹកស្ទឹងនៅតែបន្តជន់ឡើង។ គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែកញ្ញា ទឹកស្ទឹងសែនបានហក់ឡើងដល់ ១១,២៥ ម៉ែត្រ ជិតដល់ចំណុចប្រកាសអាសន្ន ១១,៥០ ម៉ែត្រ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន»។
ស្រដៀងគ្នានេះទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម ពេលនេះកំពុងជន់ឡើង និងហូរចូលតាមប្រព័ន្ធដៃទន្លេមួយចំនួនដែលពលរដ្ឋនៅតាមទំនាបជាប់មាត់ព្រែក ស្ទឹង បឹងបួ ត្រូវប្រុងប្រយ័ត្ន និងរួសរាន់ប្រមូលកសិផលទុកដាក់ឱ្យបានល្អ ចៀសវាងការខូចខាតដោយប្រការណាមួយ។ នេះបើយោងតាម លោក លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែកញ្ញា ។
លោកបានថ្លែងថា៖ «ស្ថានភាពទឹកទន្លេមេគង្គ ពិនិត្យត្រឹមថ្ងៃទី ១៦ ខែកញ្ញា មានកម្ពស់ ១១,៩២ ម៉ែត្របានហូរចូលព្រែកចំនួន ១៦ ក្នុងចំណោម ៤១ ព្រែក។
ប៉ុន្តែស្ថានភាពទឹកពេលនេះ គឺមានលក្ខណ:ល្អប្រសើរសម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ»។
លោកបានឱ្យដឹងដែរថា គិតមកទល់ពេលនេះ ខេត្តកំពង់ចាមល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សាអនុវត្តបានចំនួន ៩៥ ២០៩ ហិកតា ស្មើ ១១០,០៧ ភាគរយលើសផែនការចំនួន ៨៦ ៥០០ ហិកតា។ ក្នុងនោះការប្រមូលផលស្រូវបង្កើនរដូវបាន ១៣ ៩៧៧ ហិកតា ស្មើ ១៤,៩២ ភាគរយ ជាមួយទិន្នផលចំនួនជាង ៣,៥ តោន ក្នុង ១ ហិកតា៕