ស្វាយរៀង/កំពង់ឆ្នាំងៈ អាជ្ញាធរខេត្ត​ស្វាយរៀង​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​នូវ​ដំណើរការ​តូប​លក់ដូរ​នៅ​ទីប្រជុំជន​ផ្សារ​វាលយន្ត ស្ថិតក្នុង​ភូមិ​វាលយន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខណៈ​ខេត្ត​កំពង់ឆ្នាំង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ខាងក្នុង​ និង​បរិវេណ​ជុំវិញ​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង​ទាំងស្រុង។

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី ១៧ ខែកញ្ញា បានចេញ​លិខិត​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​នូវ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាលយន្ត ស្ថិតក្នុង​ភូមិ​វាលយន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង រយៈពេល ៨ ថ្ងៃ​គិត​ចាប់ពី​វេលា​ម៉ោង​សូន្យ​ថ្ងៃទី ១៨ រហូតដល់​ថ្ងៃទី ២៥ ខែកញ្ញា​នេះ ក្នុង​គោលបំណង​ការពារ​ការរីករាលដាល​ជំងឺ​កូវីដ ១៩។

លោក​អភិបាលខេត្ត​បញ្ជាក់ថា អាជីវករ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ត្រូវ​សហការ​ទៅធ្វើ​តេស្ត​រក​មេរោគ​កូវីដ ១៩។ ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បិទ​នេះ ត្រូវ​ហាមឃាត់​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​លើកលែងតែ​ករណី​ចាំបាច់​ប៉ុណ្ណោះ។

លោក​ថ្លែងថា៖ «រាល់​ការលើកលែង​បុគ្គល​គ្រប់រូប​មាន​កាតព្វកិច្ច​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ពិសេស​វិធានការ ៣កុំ ៣ការពារ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការវាស់កម្តៅ ដើម្បី​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»។

លោក ម៉ែន វិបុល បានប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ក្រុង​ស្វាយរៀង ដើម្បី​បង្កើត​ក្រុមការងារ​ប្រចាំការ​នៅ​ទីតាំង​ផ្សារ ដែល​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន សម្រាប់​ការអនុវត្ត និង​សម្របសម្រួល​លើ​ការងារ​ចាំបាច់ រួមមាន ការងារ​ផ្នែក​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ការងារ​ទាក់ទង​នឹង​ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការផ្តល់សេវា​សុខាភិបាល​ទូទៅ​ក្នុង​ទីតាំង ដែល​ត្រូវបាន​បិទ។

លោក​ថ្លែងថា៖ «បុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​សម្រេច​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន»។

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ខាងក្នុង និង​បរិវេណ​ជុំវិញ​ផ្សារលើ ក្រុង​កំពង់ឆ្នាំង ទាំងស្រុង ចាប់ពី​ថ្ងៃទី ១៧ ខែកញ្ញា​តទៅ។

លោក​ថ្លែងថា៖ « រដ្ឋបាលខេត្ត​កំពង់ឆ្នាំង សូមឱ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ និង​អនុវត្តតាម​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល​គឺ ៣ការពារ និង៣កុំ ឱ្យបាន​ខ្ជាប់ខ្ជួន»៕